ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិកនិងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ណែនាំនិងបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន។
យោងតាមសេចក្តីអំពាវនាវរបស់លោកប្រាជ្ញ ចន្ទ ចុះថ្ងៃទី៧ ខែកុម្ភៈ បានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា(ច.ប.ព.ស)និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ(ច.ប.ត.រ)ការឃោសនាបោះឆ្នោតមានទិសដៅឱ្យបេក្ខជននិងគណបក្សនយោបាយដែលបានចុះបញ្ជីធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។
គួរជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រកួតប្រជែង សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។
ដើម្បីធានាថា ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាពលោក ប្រាជ្ញ ចន្ទ បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិកនិងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ត្រូវតែគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ព.ស ច.ប.ត.រ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត(ច.វ.ច.ប)បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា(ប.ន.ព.ស) ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប ។
ប្រភពដដែលបានបន្តថា៖«គ.ជ.ប សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា»។
ជាមួយនេះ គ.ជ.ប ក៏បង្ហាញក្ដីសង្ឃឹមផងដែរ ថា គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពច្បាប់ជាធរមានដើម្បីធ្វើយ៉ាងណាឱ្យការឃោសនាបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ជុំវិញបញ្ហានេះ លោក គឹមសួរ ភារិទ្ធ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ បានគាំទ្រចំពោះការអំពាវនាវរបស់លោក ប្រាជ្ញ ចន្ទ ពីព្រោះគណបក្សរបស់លោក តែងតែគោរព និងអនុវត្តទៅតាមច្បាប់ ។ លោកថ្លែងថា៖«សម្រាប់គណបក្សឆន្ទៈខ្មែរ ពឹងផ្អែកសំខាន់ទៅលើក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន ដែលជាប់។ ដូច្នេះ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សឆន្ទៈខ្មែរ នឹងចុះជួបសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀនឱ្យបោះឆ្នោតឱ្យ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនាពេលខាងមុខ»។
យោងតាមសេចក្តីណែនាំរបស់គ.ជ.បចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យធ្វើយ៉ាងច្រើន២ដង នៅក្នុងមណ្ឌលភូមិភាគដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះ៕