ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk Yeol) គ្រោងជួបពិភាក្សាគ្នាក្នុងសប្ដាហ៍នេះ នៅឯប្រទេសកូរ៉េខាងត្បូង ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំង២ឱ្យឈានទៅកម្រិតថ្មី និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ។
លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែឧសភា តបតាមការអញ្ជើញរបស់លោក Yeol។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
ក្រសួងបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី១៣ ឧសភា ថា លោក ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោក Yeol ដោយ «ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំង២ឱ្យឈានទៅកម្រិតថ្មី»។
ក្រសួងបញ្ជាក់ថា មេដឹកនាំទាំង២នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយលោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និង លោក គីម ជីនស្យូ (Kim Jin-pyo) ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។
បើតាមក្រសួង មន្ត្រីដែលអមដំណើរលោក ហ៊ុន ម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
លោក ហ៊ុន ម៉ាណែត ក៏គ្រោងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េខាងត្បូង និងជួបជាមួយក្រុមហ៊ុន កូរ៉េខាងត្បូងសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅកូរ៉េខាងត្បូងផងដែរ។
បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូងមានចំនួនប្រមាណ ៥ម៉ឺននាក់។
ដំណើរទស្សនកិច្ចរបស់លោក ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូងធ្វើឡើងបន្ទាប់ពីលោកបានចូលកាន់តំណែងជិត ៩ខែ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣។ ទោះយ៉ាងណា បន្ទាប់ពីចូលកាន់តំណែងប្រមាណ២០ថ្ងៃ លោកបានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនដែលជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់លោក កាលពីខែ កញ្ញា ឆ្នាំ២០២៣។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូង និងកម្ពុជា មានភាពរឹងមាំខ្លាំងលើផ្នែកផលប្រយោជន៍ជាយុទ្ធសាស្ត្រ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៣ ឧសភា ថា កូរ៉េខាងត្បូងក្នុងនាមជាមិត្តនិងដៃគូជិតស្និទ្ធបានគាំទ្រ និងជួយកម្ពុជាយ៉ាងសកម្មក្នុងការអភិវឌ្ឍក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ជាពិសេសលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន វប្បធម៌ ការអប់រំ សុខភាព និងសុខុមាលភាពសង្គម ព្រមទាំងការអភិវឌ្ឍកម្លាំងពលកម្ម និងពលករជំនាញ។
លោក ថុង ម៉េងដាវិត បន្តថា៖ «ក្រៅពីការដោះស្រាយបញ្ហាតំបន់ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា និងកូរ៉េខាងត្បូង នឹងពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យ ជាពិសេសការវិនិយោគ និងពាណិជ្ជកម្ម សុខុមាលភាពសង្គម ឌីជីថលភាវូបនីយកម្ម និងហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពលករជំនាញ រួមមានពលកររដូវកាល»៕