
ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk Yeol) នាថ្ងៃទី ១៦ ឧសភា នៅទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង។ STPM
ភ្នំពេញៈ កម្ពុជា និងកូរ៉េខាងត្បូងបានព្រមព្រៀងដំឡើងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងបានឯកភាពពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។
ការព្រមព្រៀងនេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk Yeol) នាថ្ងៃទី ១៦ ឧសភា នៅទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង។
ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមដោយបញ្ជាក់ថា៖ «ដោយមានជំនឿទុកចិត្តយ៉ាងមុតមាំចំពោះអនាគតនៃភាពជាដៃគូទ្វេភាគី ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ»។
ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ តាមរយៈសកម្មភាពនានា រួមទាំងការបង្កើត និងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU ) នានា ការផ្លាស់ប្ដូរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ ការចូលរួមក្នុងវគ្គអប់រំ និងបណ្ដុះបណ្ដាល ការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងការធ្វើលំហាត់ហ្វឹកហ្វឺនជាដើម។
ភាគីកម្ពុជាបានស្វាគមន៍គម្រោងចូលចតជាលើកដំបូងរបស់នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េនៅកម្ពុជាក្នុងឆ្នាំនេះ ដោយភាគីទាំងពីរសង្ឃឹមថានឹងយកឱកាស នៃការចូលចតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
សេចក្ដីថ្លែងការណ៍រួមបញ្ជាក់ថា៖ «ភាគីកូរ៉េបានសម្ដែងឆន្ទៈក្នុងការបន្តធ្វើការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា និងផ្ដល់ជំនួយដល់កងយោធពលខេមរភូមិន្ទ មានជាអាទិ៍ ការបណ្ដុះបណ្ដាល ការគាំទ្របច្ចេកទេស និងសម្ភារៈ»។
ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រេចបាននូវការឆ្លើយតប និងគ្រប់ជ្រុងជ្រោយចំពោះកំណើនឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា និងបទល្មើសឆបោក។
បន្ថែមលើនេះ កម្ពុជា-កូរ៉េខាងត្បូងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងសន្តិសុខ និងសុវត្ថិភាពលម្ហសមុទ្រ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញការវិនិយោគទ្វេភាគី ភាគីទាំងពីរបានឯកភាពបង្កើតការពិគ្រោះយោបល់ជាទៀងទាត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដើម្បីបង្កើតនូវបរិយាកាសវិនិយោគអំណោយផលសម្រាប់ក្រុមហ៊ុនកូរ៉េ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរឹងមាំលើវិស័យហិរញ្ញវត្ថុរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះរួមមានការវិនិយោគរបស់កូរ៉េក្នុងស្ថាប័នហិរញ្ញវត្ថុចំនួន១៥ នៅកម្ពុជា និងបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យនេះ ដោយផ្តោតលើការប្រើប្រាស់ហិរញ្ញវត្ថុឌីជីថល»។
ភាគីកម្ពុជាក៏បានបង្ហាញក្តីរំពឹងថា នឹងទទួលបានការបន្តគាំទ្រពីភាគីកូរ៉េខាងត្បូង រួមទាំងការបង្កើនចំនួនកូតា និងឱកាសការងារសម្រាប់ពលករកម្ពុជា ខណៈភាគីកូរ៉េខាងត្បូងបានថ្លែងអំណរគុណចំពោះការរួមចំណែក «ដ៏មានតម្លៃ» របស់ពលករកម្ពុជាដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង។
ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចគាំពារប្រជាជនទៅវិញទៅមកក្នុងប្រទេសរៀងខ្លួន ស្របតាមច្បាប់ជាធរមាននៃប្រទេសទាំង២។
ភាគីទាំងពីរបានលើកទឹកចិត្តឱ្យបញ្ចប់ការចរចាឱ្យបានឆាប់លើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងប្រទេសទាំង២ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងក្រសួងយុត្តិធម៌នៃប្រទេសទាំង២ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨។
ក្រៅពីនេះ កម្ពុជា និងកូរ៉េខាងត្បូងបានគូសបញ្ជាក់អំពីសារសំខាន់នៃសន្តិភាព និងសន្តិសុខអន្តរជាតិ ពាណិជ្ជកម្មសេរី នីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់ និងបានឯកភាពបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាតំបន់ និងសកល។
កម្ពុជា និងកូរ៉េខាងត្បូងបានអំពាវនាវឱ្យកូរ៉េខាងជើងគោរពតាមសេចក្ដីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសង្កត់ធ្ងន់អំពីសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ដើម្បីសម្រេចគោលដៅនេះ ភាគីកម្ពុជាបានស្វាគមន៍គំនិតផ្ដួចផ្ដើម Audacious Initiative របស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងសម្រេចឱ្យបាននូវឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ មានសន្តិភាព និងវិបុលភាព ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់»។
លោក ហ៊ុន ម៉ាណែត បានអញ្ជើញលោកប្រធានាធិបតី យូន ស៊កយ៉ល ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ក្នុងពេលវេលាសមស្របខាងមុខ។
លោក ហ៊ុន ម៉ាណែត និងលោក យូន ស៊កយ៉ល បានចូលរួមក្នុងពិធីចុះ MoU លើឯកសារចំនួន៦ រួមមានទី១ ពិធីសារកែសម្រួលកិច្ច សម្របសម្រួលក្របខ័ណ្ឌស្តីពីការផ្តល់ឥណទានសម្បទានពីមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦, ទី២ MoU ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ, ទី៣ MoU ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។
ឯកសារទី៤ គឺ លិខិតថ្លែងបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបគ្រឿងញៀន, ទី៥ MoU ស្ដីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ និងទី៦ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤៕