លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើដល់មិត្តបរទេសដែលចង់ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យផ្ដោតទៅលើការអនុវត្តច្បាប់ ជាជាងទៅលើតែសិទ្ធិបញ្ចេញមតិ។
លោកថ្លែងថា៖ «ខ្ញុំសុំឲ្យប្រទេសជាមិត្តរបស់យើង ជាពិសេសប្រទេសលោកសេរី ដែលចង់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា សុំពង្រឹងការអនុវត្តច្បាប់ឲ្យគ្រប់គ្នា។ ហើយការគោរពច្បាប់មិនអាចថាជាសកម្មជនបក្សប្រឆាំង ឬអ្នកណាអាចមានសិទ្ធិធ្វើអីបាន [តាមចិត្ត] នោះទេ។ សូមចាំថា មិនគួរជួយ ឬលើកទឹកចិត្តអ្នកខុសទេ។ គួរតែជួយណែនាំគាត់កុំឲ្យដើរហួសព្រំដែននៃច្បាប់»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងពិធីប្រកាសផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅថ្ងៃនេះ។ លោកភ្ជាប់ការលើកឡើងរបស់លោកទៅនឹងករណីចាប់ខ្លួនលោក ស៊ុន ចន្ធី បន្ទាប់ពីមេដឹកនាំគណបក្សកម្លាំងជាតិរូបនេះបានបរិយាយអំពីប័ណ្ណក្រីក្រដែលលោកអះអាងថា ត្រូវបានបែងចែកដោយមានការរើសអើង។
លោកថា អ្នកនយោបាយ ត្រូវមានក្រមសីលធម៌ខ្ពស់ជាងប្រជាពលរដ្ឋធម្មតា ពោលគឺមិនត្រូវដើរនិយាយផ្ដេសផ្ដាសនោះទេ។
លោក ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖ «សូមឲ្យមិត្តទាំងអស់ មុននឹងវាយតម្លៃករណីណាមួយ សូមកុំយកថាអ្នកនោះជាអ្នកណា ត្រូវមើលថាអ្នកនោះបានធ្វើអ្វី។ អ្នកប្រឆាំងរដ្ឋាភិបាលមានតើ។ លទ្ធផលបោះឆ្នោតបង្ហាញថា ក្នុងចំណោម៨លាននាក់ មានតែ៦លាននាក់បោះឲ្យគណបក្សប្រជាជនកម្ពុជា និងជាង ១លានអ្នកមិនគាំទ្រ»។
ចំពោះករណី លោក ស៊ុន ចន្ធី លោក ហ៊ុន ម៉ាណែត ថ្លែងថាការយកបញ្ហាប័ណ្ណក្រីក្រដែលពលរដ្ឋទទួលបានផលយ៉ាងច្រើននោះទៅអត្ថាធិប្បាយនិងរិះគន់រដ្ឋាភិបាល គឺជាការទាញយកផលប្រយោជន៍ពីអ្វីដែលរដ្ឋាភិបាលបានធ្វើក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។ លោកថា ចំណាត់ការលើលោក ស៊ុន ចន្ធី ធ្វើឡើងដោយសារតែលោកដើរហួសពីព្រំដែន។
លោកក៏បានឲ្យដឹងដែរថា ថ្មីៗនេះមានមន្ត្រីទូតបរទេសមួយរូបបានលើកឡើងជាមួយលោកថា កម្ពុជាគ្មានសេរីភាពក្នុងការបញ្ចេញមតិ។ លោកបានស្នើឲ្យអង្គទូតរូបនោះពិនិត្យមើលការបញ្ចេញមតិនៅលើបណ្ដាញសង្គមថាតើពលរដ្ឋមានសិទ្ធិបញ្ចេញមតិឬយ៉ាងណា។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា វាជាការពិតដែលថា ប្រទេសដែលមាននីតិរដ្ឋគឺសំដៅទៅលើប្រទេសដែលមានច្បាប់ប្រកបដោយយុត្តិធម៌ និងអនុវត្តចំពោះមនុស្សគ្រប់គ្នាដោយគ្មាននរណាម្នាក់នៅពីលើច្បាប់នោះឡើយ។ នេះជាស្នូលនៃដំណើរការប្រជាធិបតេយ្យ។
លោកថា ច្បាប់នៅកម្ពុជាមានខ្លឹមសារល្អ រួមទាំងរដ្ឋធម្មនុញ្ញដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ យ៉ាងណាក៏ដោយ លោកថាដើម្បីឲ្យការអនុវត្តសិទ្ធិសេរីភាពកាន់តែមានភាពប្រសើរឡើងនោះ ត្រូវមានការអត់ធ្មត់ផ្នែកនយោបាយ ចៀសវាងការប្រកាន់ទោសអូសដំណើរចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ សកម្មជនសិទ្ធិមុស្ស និងអ្នកនយោបាយ។
លោកថា៖ «ប្រសិនបើមានការអត់ធ្មត់ផ្នែកនយោបាយបានប្រសើរ នោះនឹងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមក្នុងដំណើរការប្រជាធិបតេយ្យបានកានតែល្អប្រសើរ»៕