ភ្នំពេញ: ឥណ្ឌូណេស៊ី និងកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិតថ្មីនៅឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់រវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto បានប្រកាសរៀបចំព្រឹត្តិការណ៍ និងគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រជាជាតិទាំងពីរ។
លោកឯកអគ្គរដ្ឋទូតបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ឆ្នាំនេះជាឆ្នាំបង្កើនកិច្ចសហប្រតិបត្តិការថ្មីមួយរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។ គំនិតផ្តួចផ្តើមជាច្រើនដែលបានគ្រោងទុកនៅទូទាំងឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងក្នុងគោលបំណងកសាងនៅលើមូលដ្ឋាននេះ ដោយធានានូវភាពជាដៃគូដ៏រឹងមាំ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ»។
ពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូណេស៊ី និងកម្ពុជាបានកើនលើសចំនួន ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដែលធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាដៃគូពាណិជ្ជកម្មធំទី ៦ របស់កម្ពុជា។ កំណើនគួរឱ្យកត់សម្គាល់នេះ បានពង្រឹងកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដែលជំរុញឱ្យមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ។
ការប្រារព្ធទំនាក់ទំនងឆ្នាំ ២០២៤ នឹងចាប់ផ្តើមនៅខែមិថុនា ជាមួយកម្មវិធីអប់រំសុខភាព នៅក្រុងព្រះសីហនុ ដែលមានការធ្វើលំហាត់ប្រាណ វេទិកាសុខភាព និងការពិនិត្យសុខភាពដោយឥតគិតថ្លៃ។
ព្រឹត្តិការណ៍នេះគ្រោងធ្វើឡើងនៅថ្ងៃទី ៨-៩ ខែមិថុនា នៅសណ្ឋាគារ Prince Times ក្នុងក្រុងព្រះសីហនុ មានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពក្នុងចំណោមសហគមន៍ឥណ្ឌូនេស៊ី និងកម្ពុជា។
លោក Darmosumarto បាននិយាយថា៖ «សកម្មភាព រួមមាន លំហាត់ប្រាណ វេទិកាជជែកអំពីសុខភាពជាមួយអ្នកជំនាញមកពីអង្គភាពរដ្ឋាភិបាល និងការពិនិត្យសុខភាពដោយឥតគិតថ្លៃ»។
នៅចុងខែមិថុនា ស្ថានទូតឥណ្ឌូនេស៊ីក៏នឹងបង្កើតសកម្មភាពសង្គមនៅសាលាមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ នៅខេត្តព្រៃវែង។
គម្រោងនេះរួមបញ្ចូលទាំងការជួសជុល និងការកែលម្អសម្ភារៈបរិក្ខាររបស់សាលា ដែលគាំទ្រដោយមូលនិធិប្រមូលផ្តុំពីធុរកិច្ចឥណ្ឌូនេស៊ីនៅកម្ពុជា។ វាជាសាលាមត្តេយ្យ បឋមសិក្សា និងអនុវិទ្យាល័យ ដែលមានសិស្សពីរបីរយនាក់កំពុងសិក្សា។
ឯកអគ្គរដ្ឋទូតបាននិយាយថា៖ «សង្ឃឹមថា ដល់ដំណាច់ខែមិថុនា ខាងមុខនេះ យើងនឹងមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តព្រៃវែងផងដែរ ដែលពួកយើងសង្ឃឹមថា យើងអាចដាក់តាំងបង្ហាញ ក៏ដូចជាការបើកសម្ពោធ ឬបើកការដ្ឋានជួសជុលមួយចំនួននៅសាលារៀន។ គោលបំណងរបស់យើងគឺបង្កើតទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែរឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា»។
លើសពីកម្មវិធីអប់រំសុខភាព និងការជួសជុលសាលារៀន ស្ថានទូតឥណ្ឌូណេស៊ីបានរៀបចំការតាំងពិព័រណ៍ដ៏ធំមួយគឺ «សួស្ដី ឥណ្ឌូនេស៊ី» នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៣-១៤ ខែកញ្ញា ដែលមានស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មឥណ្ឌូនេស៊ីប្រមាណ ១០០ ស្តង់។
លោក Darmosumarto បានបន្ដថា៖ «នេះនឹងក្លាយជាពិព័រណ៍ដ៏ធំបំផុត ប្រហែល ១០០ ស្តង់ ដែលបង្ហាញពីផលិតផលឥណ្ឌូនេស៊ី សេវាកម្មឥណ្ឌូនេស៊ី ដូចជា ការអប់រំ និងការផ្សព្វផ្សាយទេសចរណ៍ ដែលផ្តោតលើអ្នកប្រើប្រាស់ អ្នកចែកចាយ និងអ្នកនាំចូលកម្ពុជា»។
ព្រឹត្តិការណ៍ សួស្ដី ឥណ្ឌូនេស៊ី ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងជាលើកដំបូង ខណៈដែលទំនាក់ទំនងការទូតកំពុងកើនឡើង។
លោកឯកអគ្គរដ្ឋទូតថ្លែងថា៖ «ពិតណាស់ យើងនឹងព្យាយាមស្វែងរកសកម្មភាពដែលមិនទាន់បានអនុវត្តក្នុងឆ្នាំនេះដើម្បីបញ្ចប់នៅឆ្នាំក្រោយ។ យើងចង់ធ្វើបន្ថែមសកម្មភាពជាច្រើនទៀតនៅខាងក្រៅទីក្រុងភ្នំពេញ។ ខ្ញុំគិតថា អ្នកភ្នំពេញបានជ្រួលជ្រាបជាច្រើនអំពីកម្មវិធីរបស់យើង»។
លោក Darmosumarto បាននិយាយថា វាពិតជាល្អណាស់ដែលអាចធ្វើសកម្មភាពនានានៅខេត្តសៀមរាប ឬខេត្តបាត់ដំបង ឬសូម្បីតែនៅក្រុងប៉ោយប៉ែត ឬខេត្តផ្សេងទៀតដែលនៅឆ្ងាយពីរាជធានីភ្នំពេញ។
សកម្មភាពនេះនឹងត្រូវបន្តដោយពិព័រណ៍ពាណិជ្ជកម្មនៅទីក្រុងហ្សាកាតាចាប់ពីថ្ងៃទី ១២ ខែតុលា ក្នុងគោលបំណងលើកទឹកចិត្តពាណិជ្ជករកម្ពុជាឱ្យស្វែងយល់ពីឱកាសពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌូនេស៊ី៕