ភ្នំពេញៈ អ្នកវិភាគ​លើក​ឡើង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក លោក ​ឡូយដ៍​ អូស្ទីន (Lloyd Austin) មក​កាន់​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ គឺជា​សញ្ញា​ល្អ​សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដោយ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កំពុង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ 

ទោះ​យ៉ាង​ណា អ្នកវិភាគ​ក៏​កត់​សម្គាល់​ឃើញ​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការពារ​ជាតិ​សហរដ្ឋអាមេរិក​នេះ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​របស់​មហាអំណាច​មួយ​នេះ​ទៅ​លើ​សន្តិសុខ​តំបន់​ផង​ដែរ។

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោលនយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ជា​សញ្ញា​ល្អ​សម្រាប់​ទំនាក់​ទំនង​កម្ពុជា-សហរដ្ឋ​អាមេរិក ខណៈ​ពេល​ទំនាក់​ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​កំពុង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ»។ 

លោកប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាថ្ងៃទី២៨ ឧសភា ​ថា នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ កម្ពុជា និង​សហរដ្ឋអាមេរិក​គួរ​ផ្ដោត​លើ​ការ​ពិភាក្សា​បើក​ចំហ និង​ស្មើភាព​គ្នា ជា​ពិសេស​លើ​ «បញ្ហា​មូលដ្ឋាន​កងទ័ព​រាម និង ​ការ​ចោទប្រកាន់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​ក្នុង​ទឹកដី​កម្ពុជា»។ 

លោក​ ថុង ម៉េងដាវិត បន្ថែម​ថា កម្ពុជា និង​សហរដ្ឋអាមេរិក​គួរ​ពិភាក្សា​ពិនិត្យ​​លទ្ធភាព​ចាប់ផ្ដើម​ឡើងវិញ​នូវ​សមយុទ្ធ​រួមគ្នា «ឆ្មាំ​អង្គរ​» ដើម្បី​អាច​ឱ្យ​កងទ័ព​កម្ពុជា​ទទួល​បាន​ការ​ពង្រឹង​សមត្ថភាព និង​បង្កើន​ចំណេះដឹង​យោធា យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ថ្មីៗ ពី​កងទ័ព​សហរដ្ឋអាមេរិក ដើម្បី​អាច​ឱ្យ​កងទ័ព​កម្ពុជា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិសុខ និង​ស្ថិរភាព​ប្រទេស ក៏ដូចជា​ក្នុង​សកល​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប្រាប់​អ្នក​សារព័ត៌មាន​ នាថ្ងៃទី២៧ ឧសភា ថា លោក Austin នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃទី៤ មិថុនា ហើយ​ថា​កម្ពុជា​កំពុង​សម្របសម្រួល​រៀបចំ​ឱ្យ​មាន​ជំនួប​រវាង លោក Austin ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា​តាម​សំណើ​របស់​ភាគី​អាមេរិក។ 

លោក​ថ្លែង​ថា៖ «ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា-អាមេរិក បាន និង​កំពុង​ត្រូវ​បាន​លើកកម្ពស់​នៅ​ក្នុង​វិស័យ​នានា​ជាច្រើន។ ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្ដម រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក នឹង​ជា​ឱកាស​ដ៏​ល្អ​មួយ​ទៀត​សម្រាប់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ»។ 

លោក ជុំ សុន្ទរី បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ប្រព្រឹត្ត​ទៅ ខណៈ​កម្ពុជា​កំពុង​ត្រៀមខ្លួន​ទទួល​តួនាទី​ជា​ប្រទេស​សម្រប​សម្រួល​សម្រាប់​ទំនាក់ទំនង​កិច្ច​សន្ទនា​អាស៊ាន-អាមេរិក រយៈ​ពេល​បី​ឆ្នាំ ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ២០២៧ ក្នុង​ពេល​ឆាប់ៗ​នេះ។

ទស្សនកិច្ច​របស់​លោក Austin មក​កាន់​កម្ពុជា​កើត​មាន​ឡើង​ប្រមាណ​១​សប្ដាហ៍​បន្ទាប់​ពី​សមយុទ្ធ​ជើងទឹក «នាគ​មាស ឆ្នាំ២០២៤» រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង​កងទ័ព​ជើងទឹក​ចិន រយៈ​ពេល​១២​ថ្ងៃ​នៅ​លើ​លំហ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​បិទ​បញ្ចប់។

លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Austin មក​កម្ពុជា​អាច​ស្ថិត​ក្នុង​របៀបវារៈ​សន្តិសុខ​តំបន់​របស់​សហរដ្ឋអាមេរិក ដោយសារ​លោក​នឹង​បាន​ចូលរួម​ក្នុង​វេទិកា​កិច្ច​សន្ទនា​សន្តិសុខ​ដ៏​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី។ 

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​របស់​អាមេរិក​ចំពោះ​សន្តិសុខ​តំបន់ ជាពិសេស ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ជា​រួម និង​នៅ​កម្ពុជា​ដាច់​ដោយ​ឡែក»។ 

លោក រ៉ូ វណ្ណៈ បន្ថែម​ថា៖ «សមយុទ្ធ​យោធា​នាគ​មាស​រវាង​កម្ពុជា និង​ចិន​បាន​ធ្វើឡើង​ជា​ប្រចាំ ប៉ុន្តែ​សមយុទ្ធ​យោធា​រវាង​កម្ពុជា​ជាមួយ​អាមេរិក និង​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត ដូចជា​អូស្ត្រាលី​មិន​ត្រូវ​បាន​ធ្វើ ធ្វើ​ឱ្យ​អាមេរិក​សង្ស័យ និង​បារម្ភ​ពី​ការ​គំរាមកំហែង​ចំពោះ​ផលប្រយោជន៍​សន្តិសុខ និង​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​ក្នុង​តំបន់»។

ប៉ុន្តែ មន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​អះអាង​ក្នុង​ពិធី​បិទ​សមយុទ្ធ​នេះ​នា​ថ្ងៃ​ទី​២៧ ឧសភា ​ថា សមយុទ្ធ​​នេះ​មិនមែន​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ណា​នោះ​ឡើយ ប៉ុន្តែ​​គឺជា​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ពីរ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព​ទាំងពីរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ជាពិសេស ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​តាម​លំហ​សមុទ្រ។

លោក​ ថុង ម៉េងដាវិត លើក​ឡើង​ថា ការ​ធ្វើ​សមយុទ្ធ​យោធា «នាគ​មាស» នេះ​ជាមួយ​នឹង​ចិន​គឺ​កម្ពុជា​មិន​សំដៅ​លើ​ការ​គំរាមកំហែង​ដល់​ប្រទេស​ណា​មួយ​ឡើយ ហើយ​កម្ពុជា​ក៏​ស្វាគមន៍​ដល់​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ដែល​មាន​បំណង​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា ទោះ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ឬ​ពហុភាគី​ក្តី។ 

លោក​ថ្លែងថា៖ «កន្លង​មក កម្ពុជា​ក៏​ធ្លាប់​ធ្វើ​សមយុទ្ធ ឆ្មាំ​អង្គរ ជាមួយ​នឹង​សហរដ្ឋអាមេរិក​ផង​ដែរ។ ទាំង​ចិន និង​សហរដ្ឋ​អាមេរិក​សុទ្ធសឹងតែ​ជា​ដៃគូ​អភិវឌ្ឍន៍​ល្អ​របស់​កម្ពុជា ហើយ​កម្ពុជា​ចង់​ឃើញ​មហាអំណាច​ទាំងពីរ​ចាប់​ដៃ​គ្នា​កសាង​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែល​មាន​វិបុលភាព សុខដុមរមនា ការ​អភិវឌ្ឍ និង​ប្រកប​ដោយ​សន្តិភាព និង​ស្ថិរភាព»។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​អាមេរិក​បញ្ជាក់​នា​ថ្ងៃ​ទី​២៤ ឧសភា ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ លោក​ Austin គ្រោង​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាលពី​​ឆ្នាំ​២០២២ មក​កាន់​កម្ពុជា​ ដើម្បី​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន-បូក ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

មុន​ធ្វើ​ដំណើរ​មក​​កាន់​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​នេះ លោក Austin នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​សន្ទនា Shangri-La ក្នុង​ប្រទេស​សិង្ហបុរី ដែល​ជា​កិច្ចប្រជុំ​កំពូល​ការពារ​ជាតិ​ដ៏​ធំ​របស់​អាស៊ី ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ៣១ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។ 

ក្នុង​ឱកាស​នៃ​កិច្ច​សន្ទនា​នេះ លោក​គ្រោង​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​សិង្ហបុរី និង​មន្ត្រី​ជាន់ខ្ពស់​សិង្ហបុរី​ផ្សេងទៀត និង​ចូលរួម​កិច្ចប្រជុំ​ពហុភាគី​ជាមួយ​សមភាគី​របស់​លោក​មកពី​តំបន់​អាស៊ីអាគ្នេយ៍ ព្រមទាំង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​ជាមួយ​សមភាគី​របស់​លោក​មកពី​ជប៉ុន និង​កូរ៉េខាងត្បូង។ 

លោក Austin ក៏​គ្រោង​នឹង​ជួប​ទ្វេភាគី​ជាមួយ​សមភាគី​ផ្សេង​ទៀត​របស់​លោក​មក​ពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​គ្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ចិន លោក Dong Jun មុន​នឹង​ជួប​ជាមួយ​​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា៖ «ដំណើរ​ទស្សនកិច្ច​លើក​ទី១០របស់​លោក​រដ្ឋមន្ត្រី Austin ទៅកាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​បន្ត​ពង្រឹង​ទំនាក់ទំនង​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​ក្នុង​ការ​គាំទ្រ​ដល់​ចក្ខុវិស័យ​រួម​ក្នុង​តំបន់​សម្រាប់​សន្តិភាព ស្ថិរភាព និង​ការ​ទប់ស្កាត់»។

លោក Austin គ្រោង​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​បារាំង ដែល​លោក​នឹង​ប្រារព្ធ​ខួប​លើក​ទី៨០ នៃ​ទិវា​យុទ្ធជន D-Day ដោយ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​មួយ​ចំនួន៕