ភ្នំពេញៈ មេដឹកនាំ​កម្ពុជា-សិង្ហបុរី​ប្ដេជ្ញា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​រឹងមាំ និង​ប្រកប​ដោយ​វិបុលភាព ដោយ​បន្ត​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ជា​ទៀងទាត់​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ។

ការ​ឯកភាព​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក Lawrence Wong នាយករដ្ឋមន្ត្រី​សិង្ហបុរី  និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ នាថ្ងៃទី១៨ ខែ​មិថុនា ក្នុង​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សិង្ហបុរី ​ចាប់​ពី​ថ្ងៃទី១៨-១៩ ខែ​មិថុនា។

ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែម​ទៀត ខណៈ​នៅ​ឆ្នាំ​២០២៥ គឺ​ជា​ខួប​លើក​ទី៦០នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។

ក្នុង​ជំនួប​នេះ លោក ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ក៏​ដូចជា​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន ដោយ​លោក​ថ្លែង​ថា ទស្សនកិច្ច​របស់​លោក​នឹង​កាន់តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «សម​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​នូវ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ជា​ទៀងទាត់​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​នា​យប់​ថ្ងៃទី១៨ មិថុនា​ថា៖ «សមភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ក្រុម​ការងារ​រួម​ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ និង​ផែនការ​សកម្មភាព ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ។

មេដឹកនាំ​ទាំងពីរ​ក៏​បាន​ឯកភាព​គ្នា​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន ដែល​រួមមាន​ការ​កសាង​នូវ​មូលធន​មនុស្ស ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការ​ជំរុញ​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ពង្រីក​ជើង​ហោះហើរ​ត្រង់​បន្ថែម​ទៀត​កម្ពុជា-សិង្ហបុរី ជាមួយ​នឹង​ការ​ខិតខំ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត​មក​ទស្សនា​ប្រទេស​ទាំងពីរ។

នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​នៃ​មន្ត្រី​ជាន់ខ្ពស់ និង​វគ្គ​បណ្ដុះបណ្ដាល ព្រមទាំង​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​គ្រឿងញៀន បទល្មើស​បច្ចេកវិទ្យា និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (online)។ 

សមភាគី​ទាំងពីរ​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​មួយ​ចំនួន ដើម្បី​ចូលរួម​ក្នុង​ការ​កសាង​សន្តិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក ក៏​ដូចជា​ផ្ដល់​នូវ​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំងពីរ។ 

លោក ហ៊ុន ម៉ាណែត ក៏​បាន​អញ្ជើញ​លោក Lawrence Wong មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នា​ពេល​សមស្រប​ណា​មួយ។

លោក Lawrence Wong បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម X (អតីត Twitter) នា​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា លោក និង​លោក ហ៊ុន ម៉ាណែត បាន​ពិភាក្សា​គ្នា​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ហើយ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ សិង្ហបុរី​នឹង​ចូលរួម​ចំណែក​ដើម្បី​គាំទ្រ​ដល់​អាទិភាព​អភិវឌ្ឍន៍​របស់​កម្ពុជា​ក្រោម​យុទ្ធសាស្ត្រ​នេះ។

លោក​បញ្ជាក់​ថា លោក​ទន្ទឹង​រង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន ម៉ាណែត ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​ប្រទេស​ទាំងពីរ និង​នាំ​ភាព​ជា​ដៃគូ​នេះ​ឡើង​ទៅ​កាន់​កម្រិត​ថ្មី ដោយ​លោក​បន្ថែម​ថា៖ «កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​យើង​បាន​ពង្រីក​ទៅ​កាន់​វិស័យ​ថ្មី ដូចជា​ថាមពល​កកើត​ឡើងវិញ និង​ឥណទាន​កាបូន ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​រដ្ឋាភិបាល​ឌីជីថល (digital)»៕