ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា និងចិន ប្ដេជ្ញាបន្តពង្រឹង និងបង្កើនទំនាក់ទំនងរវាងកម្ពុជា-ចិនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ ប្រមុខការពារជាតិសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសចិន នាថ្ងៃទី២ ខែមិថុនា ក្នុងឱកាសដែលរដ្ឋមន្ត្រីការពារជាតិទាំងពីរ បានចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីសាំងគ្រីឡា (Shangri-La) លើកទី២១ នៅប្រទេសសិង្ហបុរី។
លោក ទៀ សីហា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ ហើយថាទំនាក់ទំនងកម្ពុជា-ចិនមានការរីកចម្រើន ដែលក្នុងនោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្រោមការដឹកនាំរបស់លោក ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិនមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។
សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជាបញ្ជាក់នាថ្ងៃទី៣ មិថុនា ថា៖ «ឯកឧត្ដម ទៀ សីហា បានសន្យាថានឹងបន្តពង្រឹង ពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត»។
លោក ទៀ សីហា ក៏បានអញ្ជើញលោក ទុង ជុន មកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ ខណៈលោក ទុង ជុន ក៏បានអញ្ជើញលោក ទៀ សីហា ទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំសៀងសាន នៅប្រទេសចិននៅក្នុងឆ្នាំ ២០២៤ នេះផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា លោក ទុង ជុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានចាត់ទុកលោក ទៀ សីហា ជាអ្នកដឹកនាំបន្តវេននៃកងទ័ពទាំងពីរដើម្បីបន្តដឹកនាំ និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។
ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិកក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ លោក ទៀ សីហា លើកឡើងថា អាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ាន ហើយកិច្ចសហប្រតិបត្តិការនៃភាគីទាំង២បានចាប់ផ្ដើមដោយឈរលើគុណតម្លៃ និងប្រយោជន៍រួម។
លោកបញ្ជាក់ថា៖ «ទាំងអាស៊ាន និងអាមេរិក គឺសុទ្ធតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ និងគាំទ្រសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយនេះបានបង្កើតបរិយាកាស អំណោយផលក្នុងការជំរុញឱ្យមានសន្តិភាព និងស្ថិរភាព ព្រមទាំងការគោរពអធិបតេយ្យភាពរបស់ប្រជាជាតិទាំងអស់នៅក្នុងពិភពលោក»។
លោក ទៀ សីហា បានលើកឡើងពីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមិនត្រឹមតែមានសារសំខាន់ចំពោះតែអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារសំខាន់ដល់សកលលោកទាំងមូលផងដែរ។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-អាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់តំបន់ដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម និងដើម្បីឈានដល់ការសម្រេចចក្ខុវិស័យរួមនៃតំបន់ដែលមានសុវត្ថិភាព និងវិបុលភាព។ កម្ពុជាគាំទ្រតួនាទី និងការរួមចំណែករបស់អាមេរិកនៅក្នុងកិច្ចការតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ានក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក»។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានជួបជាមួយមេដឹកនាំការពារជាតិមកពីតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងទីម័រខាងកើត នាថ្ងៃទី២ មិថុនា ដើម្បីពិភាក្សាអំពីឱកាសដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Pat Ryder មន្ត្រីសារព័ត៌មាននៃមន្ទីរប៉ង់តាហ្គោននៃសហរដ្ឋអាមេរិកបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា លោក Austin បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់អាមេរិកក្នុងការធ្វើការជាមួយអាស៊ាន និងគាំទ្រមជ្ឈភាពអាស៊ាន និងបានបង្ហាញវឌ្ឍនភាពដែលសម្រេចបានបន្ទាប់ពីអាមេរិក និងអាស៊ានបានដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ ២០២២។
លោក Austin ក៏បានបញ្ជាក់ពីការគាំទ្រចំពោះតួនាទី «ដ៏សំខាន់» នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)-បូក ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការពហុភាគីលើបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។
លោក Pat Ryder បញ្ជាក់ថា៖ «លោករដ្ឋមន្ត្រី Austin ក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខដែនសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈគំនិតផ្ដួចផ្ដើមសន្តិសុខដែនសមុទ្ររបស់សហរដ្ឋអាមេរិក និងគំនិតផ្តួចផ្តើមនៃការយល់ដឹងអំពីដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។
លោកក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានថ្លែងអំណរគុណដល់សមភាគីរបស់លោកក្នុងតំបន់ចំពោះសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែមេសា ឆ្នាំ២០១៤ ស្ដីពីមីយ៉ាន់ម៉ា។ លោកបានរំឭកឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ឬកុងសង់ស៊ី៥ចំណុចរបស់មេដឹកនាំអាស៊ាន។
ក្រោយបញ្ចប់កិច្ចប្រជុំកំពូលសន្តិសុខនេះ លោក Austin បានមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រលើកដំបូងរយៈពេល១ថ្ងៃនៅកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ដោយលោកបានជួបដាច់ដោយឡែកជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក ទៀ សីហា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។
ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៤ មិថុនា ថា ទស្សនកិច្ចនេះ លោក Austin នឹងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក និងកងយោធពលខេមរភូមិន្ទក្នុងការសហការជាដៃគូដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅសម្រាប់ការថែរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល៕