ភ្នំពេញៈ កម្ពុជា និង​ឥណ្ឌូណេស៊ី​ពិភាក្សា​អំពី​គោលដៅ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នៅ​ក្នុង​កិច្ចប្រជុំ​លើកទី៥​នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា-ឥណ្ឌូណេស៊ី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី (JCBC) ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី២១ ខែ​សីហា។ 

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោកស្រី Retno Marsudi រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ី​ធ្វើជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុជា​​បញ្ជាក់​នា​ថ្ងៃទី​១៩ សីហា ថា កិច្ចប្រជុំ​នេះ​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​សំខាន់ៗ​ដែល​សម្រេច​បាន​បន្ទាប់​ពី​កិច្ចប្រជុំ JCBC លើក​ទី៤ ដែល​ធ្វើឡើង​កាលពី​ឆ្នាំ២០១៨ នៅ​រដ្ឋធានី​ហ្សាកាតា (Jakarta) និង​កំណត់​ទិសដៅ​អនាគត​ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ដែល​ផ្ដល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅមក។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖ «រដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​ស៊ីជម្រៅ​អំពី​គោលដៅ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ទូលំទូលាយ បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើន​លើ​គ្រប់​វិស័យ ដូចជា ពាណិជ្ជកម្ម និង​វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ការងារ បរិស្ថាន ដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ និង​សហប្រតិបត្តិការ នយោបាយ-សន្តិសុខ»។ 

រដ្ឋមន្ត្រី​ទាំងពីរ​ក៏​នឹង​ពិភាក្សា​អំពី​ការ​វិវឌ្ឍ​ក្នុង​តំបន់ និង​បញ្ហា​អន្តរជាតិ​ដែល​ជា​កង្វល់ និង​ជា​ផលប្រយោជន៍​រួម​ផង​ដែរ​ក្នុង​កិច្ច​ប្រជុំ​នេះ។

កិច្ចប្រជុំ JCBC លើក​ទី៥​នេះ ធ្វើ​ឡើង​ស្រប​ពេល​នឹង​ខួប​លើក​ទី​៦៥នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា-ឥណ្ឌូណេស៊ី។
សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា លោកស្រី Retno Marsudi គ្រោង​នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ថ្លែង​ថា កិច្ចប្រជុំ JCBC លើក​ទី​៥​នេះ បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ផ្តោត​សំខាន់​របស់​ប្រទេស​ទាំងពីរ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី។ របៀប​វារៈ​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា-ឥណ្ឌូនេស៊ី​គឺជា​ឱកាស​មួយ​សម្រាប់​ប្រទេស​ទាំងពីរ​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ទ្វេភាគី ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​អាច​ជា​ឱកាស​សម្រាប់​ពិនិត្យ​មើល​លើ​ផ្នែក​ថ្មី​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​របស់​ប្រទេស​ទាំងពីរ​ផង​ដែរ។

លោក​យល់​ឃើញ​ថា៖ «ទំនាក់ទំនង​សន្តិសុខ​រវាង​ឥណ្ឌូណេស៊ី និង​កម្ពុជា គួរតែ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ព្រម​គ្នា​ជាមួយ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ដែល​មាន​ស្រាប់​របស់​ប្រទេស​ទាំងពីរ។ នេះ​ក៏​ព្រោះ​តែ​ឥណ្ឌូណេស៊ី គឺ​ជា​មហាអំណាច​កណ្ដាល​មួយ​ដែល​កំពុង​កើន​ឡើង​នូវ​ឥទ្ធិពល ដែល​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សន្តិសុខ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នា​ពេល​អនាគត ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ព្យាយាម​ពង្រឹង​បទពិសោធន៍​យោធា​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​មហាអំណាច​សកល​ផង​ដែរ»។ 

លោក ប៊ុនលី ពន្យល់​ថា កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ​នឹង​ទំនង​ជា​មិន​សូវ​ទាក់ទាញ​ការ​ចម្រូង​ចម្រាស និង​គុណវិបត្តិ​ពី​មហាអំណាច​ដូចជា​ចិន និង​សហរដ្ឋអាមេរិក​នោះ​ទេ ខណៈ​ពេល​ដែល​វា​នឹង​ជំរុញ​ឱ្យ​ប្រទេស​ទាំងពីរ​មាន​សក្ដានុពល និង​បទពិសោធន៍​សន្តិសុខ​ទ្វេភាគី​នា​ពេល​អនាគត។

លោក​ប្រាប់​ភ្នំពេញ ​​ប៉ុស្តិ៍​ នាថ្ងៃទី​ ២០ សីហា ថា៖ «ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌូណេស៊ី និង​កម្ពុជា​ដំណើរ​ការ​ដោយ​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក។ កម្ពុជា​នឹង​អាច​ពង្រឹង​ភាព​ជា​ដៃគូ​ដ៏​ល្អ​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​មេដឹកនាំ​ជាក់ស្ដែង​របស់​សហគមន៍​អាស៊ាន ខណៈ​ដែល​ឥណ្ឌូណេស៊ី​នឹង​អាច​ពង្រីក​សក្ដានុពល​របស់​ខ្លួន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាមួយ​នឹង​ប្រទេស​អាស៊ីអាគ្នេយ៍​ដីគោក​ផ្សេង​ទៀត»៕