ភ្នំពេញៈ អ្នកវិភាគ​លើកឡើង​ថា កម្ពុជា​នឹង​នៅតែ​បន្ត​ធ្វើការ​ជាមួយ​កូរ៉េខាងជើង​ក្នុង​ការ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សង្គម សន្តិសុខ និង​សន្តិភាព ដោយ​កម្ពុជា​​ចង់​ឃើញ​ស្ថិរភាព និង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

កាល​ពី​សប្ដាហ៍​មុន លោក Jang Yun Gon ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ។

បណ្ដាញ​សង្គម​លោក ហ៊ុន ម៉ាណែត ​បញ្ជាក់​ថា ក្នុង​ជំនួប​នេះ លោក Jang Yun Gon បាន​រំឭក​ពី​ទំនាក់​ទំនង​ដ៏​យូរអង្វែង​រវាង​កូរ៉េ​ខាងជើង និង​កម្ពុជា ដែល​បាន​ពូន​ជ្រំ​ដោយ​លោក គីម អ៊ីលស៊ុង (Kim Il-sung) អតីត​ប្រធានាធិបតី​កូរ៉េ​ខាងជើង និង​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ។ 

បណ្ដាញ​សង្គម​ដដែល​បញ្ជាក់​ថា៖ «ដោយ​ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត»។ 

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ថ្លែង​ថា ទំនាក់ទំនង​ការទូត​ប្រពៃណី​រវាង​កម្ពុជា​ និង​កូរ៉េខាងជើង ជា​សក្ខីភាព​នៃ​មិត្តភាព​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ។ 

លោក​បន្ត​ថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​នៃ​កូរ៉េ​ទាំងពីរ ដោយ​ផ្ដោត​លើ​ស្មារតី​សន្តិភាព​ វប្បធម៌ និង​ប្រជាជន​ជា​ស្នូល រហូត​ដល់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​ពេល​នោះ​ជា​អតីត​នាយករដ្ឋមន្ត្រី ទទួល​បាន​ពានរង្វាន់​សន្តិភាព ស៊ុនហាក់ (Sunhak) នៅ​កូរ៉េ​ខាងត្បូង​កាល​ពី​ឆ្នាំ​២០២២។

លោក​ ថុង ម៉េងដាវិត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ដោយ​មើល​ឃើញ​ពី​ភាព​ស្រួចស្រាល់ និង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ កម្ពុជា​តែងតែ​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ប្រែប្រួល​តុល្យភាព​អំណាច និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​ ដោយ​សារ​តែ​មាន​ការ​លូកដៃ និង​ឥទ្ធិពល​ពី​មហា​អំណាច​ក្នុង​តំបន់»។ 

លោក​បន្ថែមថា៖ «កម្ពុជា ក៏​បាន​ធ្វើការ​ជាមួយ​នឹង​ជា​អាស៊ាន និង​មហា​អំណាច​ដទៃ​តែងតែ​ធ្វើការ​សម្របសម្រួល និង​លើកកម្ពស់​សន្តិសុខ និង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ កុំ​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ និង​អាវុធ​នុយក្លេអ៊ែរ។ កម្ពុជា​នឹង​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​នឹង​កូរ៉េ​ខាងជើង​ក្នុង​ការ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សង្គម សន្តិសុខ និង​សន្តិភាព ដោយ​ផ្តោត​លើ​ប្រជាជន​ជា​ស្នូល និង​ច្បាប់​អន្តរជាតិ»។

ក្នុង​ជំនួប​នេះ លោក ហ៊ុន ម៉ាណែត បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​លោក Jang Yun Gon ក្នុង​ការ​រក្សា​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​បាន​លើកទឹកចិត្ត​លោក​ឱ្យ​បន្ត​ធ្វើ​ការងារ​ជាមួយ​នឹង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ជាពិសេស ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា ទំនាក់ទំនង​កម្ពុជា-កូរ៉េខាងជើង​ជា​ទំនាក់ទំនង​ដែល​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​រវាង​អតីត​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។ ការ​បន្ត​ទំនាក់ទំនង​នេះ​មិន​មាន​ជា​លក្ខណៈ​ស៊ីជម្រៅ​នោះ​ទេ ទាំង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌ មានន័យថា​ជា​ទំនាក់ទំនង​ជា​ធម្មតា។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «តែ​យ៉ាង​ណា យើង​មាន​ទំនាក់ទំនង​ហ្នឹង​មក​យូរអង្វែង​ហើយ។ អ៊ីចឹង អ្វី​ដែល​កម្ពុជា​ចង់​ឃើញ​គឺ​ស្ថិរភាព និង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយ​យើង​ចង់​រួមចំណែក​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ហ្នឹង ដោយសារ​តែ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ទាំង​ជាមួយ​កូរ៉េ​ខាងជើង ទាំង​ជាមួយ​កូរ៉េ​ខាង​ត្បូង»។

លោក គិន ភា បន្ត​ថា៖ «អ៊ីចឹង យើង​ចង់​ឃើញ​ស្ថានភាព​ប្រក្រតី​នៃ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​ហើយ​ឈាន​ទៅ​រក​ការ​បិទ​បញ្ចប់​នូវ​រឿង​ចម្រូងចម្រាស​ទាំងឡាយ។ បើ​សិន​ជា​អាច គឺ​យើង​ចង់​ឃើញ​ការ​សម្របសម្រួល​គ្នា​ដ៏​ល្អ​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព​រវាង​កូរ៉េ​ទាំងពីរ​ហ្នឹង ពីព្រោះ​បញ្ហា​សន្តិសុខ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​នេះ​គឺ​វា​ជះឥទ្ធិពល​ដល់​សន្តិសុខ​តំបន់​ទាំងមូល សេរីភាព​តំបន់​ទាំងមូល ហើយ​ក៏​វា​ជះឥទ្ធិពល​ដល់​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​តំបន់​ដែរ»។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ថ្លែង​ថា ជំនួប​រវាងលោក Jang Yun Gon និង​លោក ហ៊ុន ម៉ាណែត ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កូរ៉េ​ខាងជើង​កំពុង​ព្យាយាម​រក្សា​ដៃគូ​សហការ​ដែល​នៅ​សេសសល់ ក្នុង​ពេល​ដែល​ដៃគូ​សហការ​ដទៃ​ទៀត​របស់​កូរ៉េ​ខាងជើង​កំពុង​តែ​កាត់បន្ថយ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​នេះ។ 

លោក​បន្ត​ថា ការ​កសាង​ទំនាក់ទំនង​ឡើងវិញ​រវាង​កោះ​គុយបា ដែល​ជា​ដៃគូ​ប្រពៃណី​ដ៏​ជិតដិត​បំផុត​របស់​កូរ៉េ​ខាងជើង ជាមួយ​កូរ៉េខាងត្បូង គឺជា​ការ​ក្រើន​រំឭក​ដល់​កូរ៉េ​ខាងជើង​ថា បើ​ខ្លួន​មិន​ខិតខំ​រក្សា​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ដៃគូ​ប្រពៃណី​ទេ នោះ​គេ​នឹង​ដក​ខ្លួន​ឆ្ងាយ​ពី​កូរ៉េ​ខាងជើង​ម្តង​បន្តិចៗ ហើយ​កូរ៉េ​ខាងជើង​នឹង​ឃើញ​ថា​ការ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ដៃគូ​ខ្លួន​គឺ​ពិបាក​ជាង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​ដៃគូ​របស់​ខ្លួន។ 

លោក ឯក ប៊ុនលី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​គឺ​មក​ពី​ទណ្ឌកម្ម​អន្តរជាតិ​ដែល​មាន​ស្រាប់ និង​ទស្សនៈ​អវិជ្ជមាន​ដែល​រដ្ឋាភិបាល​ផ្សេងៗ​មាន​ចំពោះ​កូរ៉េ​ខាងជើង ដោយសារ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​សកម្មភាព​យោធា​ «ដ៏​វល់វក់» ​លើ​ឧបទ្វីប​កូរ៉េ។ 

លោក​បន្ត​ថា៖ «នៅ​ពេល​នេះ ខ្ញុំ​គិត​ថា​កូរ៉េ​ខាងជើង​ត្រូវការ​កម្ពុជា ជាង​ភ្នំពេញ​ត្រូវការ​ទីក្រុង​ព្យុងយ៉ាង។ ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ជាមួយ​ដៃគូ​ដទៃ​ដែល​មាន​ភាព​រឹងមាំ​ស្រាប់ កម្ពុជា​អាច​អនុវត្ត​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​ខ្លួន​ដោយ​មិន​ចាំបាច់​ទទួល​ការ​គាំទ្រ​ពី​កូរ៉េ​ខាងជើង តែ​នេះ​មិនមែន​ជា​ករណី​សម្រាប់​ទីក្រុង​ព្យុងយ៉ាង​នោះ​ទេ»។

លោក ឯក ប៊ុនលី ​លើក​ឡើង​ទៀត​ថា ក្រៅពី​អង្គការសហប្រជាជាតិ កូរ៉េ​ខាងជើង​បច្ចុប្បន្ន​មាន​តែ​វេទិកា ដែល​ដឹកនាំ​ដោយ​អាស៊ាន​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​ចូលរួម និង​អាច​បង្ហាញ​អំពី​គោលជំហរ​របស់​ខ្លួន​ជាមួយ​សមាជិក​ផ្សេងទៀត។ សមាជិក​អាស៊ាន​មួយ​ចំនួន​ក៏​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​កូរ៉េ​ខាងជើង​ហើយ​ដែរ បន្ទាប់​ពី​ការ​សម្លាប់​លោក Kim Jong Nam បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un នៅ​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ ២០១៧។

លោក​ពន្យល់​ថា បណ្ដា​ប្រទេស​ដែល​ព្រម​សហការ​ជាមួយ​កូរ៉េខាងជើង​មាន​តិច​ណាស់​នៅ​រយៈពេល​ចុងក្រោយ​នេះ។ ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃគូ​ដែល​នៅ​សេសសល់ រួម​ទាំង​កម្ពុជា​ផង​នោះ គឺ​ជា​ការ​ជៀស​កូរ៉េ​ខាងជើង​ចេញ​ពី​ការ​ធ្លាក់​ចូល​ទាំងស្រុង​ទៅ​ក្នុង​ភាព​ឯកោ​ផ្នែក​នយោបាយ​ការទូត។ ចំពោះ​ការ​ដែល​ទំនាក់ទំនង​រវាង​កម្ពុជា និង​កូរ៉េខាងជើង​អាច​អភិវឌ្ឍ​ទៅមុខ​បាន​ឬ​យ៉ាងណា​នោះ​គឺ​អាស្រ័យ​ទៅ​លើ​សកម្មភាព​របស់​កូរ៉េខាងជើង​ជា​ធំ។ 

កាល​ពី​ខែ​មិថុនា ឆ្នាំ២០២២ ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នូវ​ការសាកល្បង​មី​ស៊ី​ល​អន្តរទ្វីប និង​ការ​បាញ់​មី​ស៊ី​ល​របស់​​កូរ៉េខាងជើង​ ដោយ​លើក​ឡើង​ថា «ការ​វិវឌ្ឍ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​នេះ​បង្ហាញ​ពី​កំណើន​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ និង​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​»​។​ 

​ក្នុង​ជំនួប​ជាមួយ​លោក Park Jung Wook ឯក​អគ្គរ​ដ្ឋទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​កម្ពុជា​ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​រាជ​ធានី​ភ្នំពេញ​ លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង​ចំពោះ​ការ​បាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តង​ទៀត​​ ព្រោះ​វា​គឺជា​ការ​បង្កើន​នូវ​ភាព​តាន​តឹង និង​ការ​គំរាម​កំហែង​សន្តិ​សុខ និង​សន្តិ​ភាព​ទាំង​នៅ​ឧបទ្វីប​កូរ៉េ និង​ពិភព​លោ​ក​។​

លោក ឯក ប៊ុនលី លើក​ឡើង​ថា កម្ពុជា​ដែល​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​កូរ៉េខាងត្បូង និង​មាន​ការ​ពឹងផ្អែក​យ៉ាង​តិចតួច​បំផុត​លើ​កូរ៉េខាងជើង​ទំនងជា​មិន​អាច​មាន​ទឹក​ចិត្ត​ក្នុង​ការ​ផ្ដួចផ្ដើម​កិច្ច​សហការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កូរ៉េខាងជើង​នោះ​ទេ ប៉ុន្តែ​កូរ៉េ​ខាងជើង​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​សហការ​ជាមួយ​ប្រទេស​កម្ពុជា ដោយសារ​ប្រសិទ្ធភាព​របស់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ដែល​ដឹកនាំ​ដោយ​អាស៊ាន និង​ការ​ប្ដេជ្ញា​អព្យាក្រឹតភាព​របស់​កម្ពុជា។ 

លោក​បន្ថែម​ថា៖ «ប្រសិន​បើ​គ្មាន​ភាព​សកម្ម​ពី​កូរ៉េខាងជើង​ក្នុង​ការ​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​នោះ​ទេ ការ​សន្ទនា​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងជើង​នឹង​នៅតែ​ជាប់​ជាមួយ​ការ​រំឭក​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា-កូរ៉េខាងជើង​នៅ​ក្នុង​ទសវត្សរ៍​១៩៦០ និង១៩៧០»៕