
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងក្នុងវេទិកាចំណេះដឹងពិភពលោក នៅកូរ៉េខាងត្បូង នាថ្ងៃទី១០ កញ្ញា។ ហ្វេសប៊ុកលោក ហ៊ុន សែន
ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងថា អាស៊ានរឹងមាំកាន់តែខ្លាំងឡើង ដោយមិនបានថយក្រោយនោះទេ ទោះបីអង្គការតំបន់មួយនេះបានជួបបញ្ហាជាច្រើនក៏ដោយ ហើយមានប្រទេសជាច្រើនដែលចង់បានអាស៊ានធ្វើជាដៃគូ។
លោក ថ្លែងថា៖ «ក្នុងរយៈពេល៦០ឆ្នាំមកនេះ អាស៊ានបានជួបបញ្ហាជាច្រើន ប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង។ ប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូ ចង់ប្រើប្រាស់វេទិកាជាទៀងទាត់ ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ានដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក»។
ក្នុងវេទិកាចំណេះដឹងពិភពលោក នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១០ កញ្ញា លោក ហ៊ុន សែន ថ្លែងថា កន្លងមកនេះ មានប្រទេស៥៤ប្រទេសហើយ ដែលបានក្លាយទៅជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានស្ថានទូតប្រចាំនៅតំបន់អាស៊ានរហូតដល់៩៥ប្រទេសផងដែរ។
លោកបន្តថា កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ឬហៅថា កុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ។ ចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា។
លោក ហ៊ុន សែន លើកឡើងថា៖ «ផ្ទៃក្នុងអាស៊ានគឺអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា។ មួយវិញទៀត ប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។
លោកបន្ថែមថា សម្រាប់អាស៊ាន សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានសម្រាប់អ្វីៗទាំងអស់ និងគ្រប់យ៉ាង។
លោក ឯក ប៊ុនលី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) ថ្លែងថា អាស៊ានបានធ្វើដំណើរយ៉ាងវែងឆ្ងាយចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ជាមួយនឹងបិតាស្ថាបនិកទាំង៥ប្រទេស។ វាជាការពិតដែលថា មានភាពចលាចលក្នុងតំបន់ និងអន្តរជាតិជាច្រើនដែលអាស៊ានបានជួបប្រទះ ដូចជាការពង្រីកឥទ្ធិពលបក្សកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ការបញ្ចប់សង្គ្រាមត្រជាក់ និងវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ និងភាពចលាចលជាច្រើនៗទៀត។
លោកពន្យល់ថា ការចូលជាសមាជិកអាស៊ានរបស់ប្រទេសប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ក៏មិនមែនកើតឡើងដោយងាយដែរ ដោយអាស៊ានត្រូវសម្របខ្លួន និងសម្របសម្រួលតាមការអនុវត្តនយោបាយរបស់សមាជិកទាំងថ្មី ទាំងចាស់។ នៅលើឆាកអន្តរជាតិ អាស៊ានក៏បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅជាច្រើនចូលទៅក្នុងប្លុក ទោះបីជាមានភាពខុសគ្នា, ជម្លោះ, ការយល់ឃើញពីការគំរាមកំហែង និងផលប្រយោជន៍ជាតិខុសគ្នាក៏ដោយក្តី។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វាមិនមែនជាកិច្ចការងាយស្រួលទេ ហើយអាស៊ានគួរតែត្រូវបានកោតសរសើរ និងជ្រោមជ្រែងបន្ថែមទៀតពីសមាជិកក្នុងតំបន់និងក្រៅតំបន់ចំពោះការបង្កើតវេទិកាប្រជុំបែបនេះ»។
លោក ប៊ុនលី យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន សែន ក៏ជាសញ្ញា និងជាសារមួយផ្ញើទៅដល់ដៃគូខាងក្រៅរបស់អាស៊ានក្នុងការរក្សាសន្ទុះនៃការពង្រឹងអាស៊ានក្នុងនាមជាស្ថាប័នគោលនៅអាស៊ីបូព៌ា។ ការកើនឡើងនៃស្ថាប័នខ្នាតតូចនៅក្នុងតំបន់ ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ការកើនឡើងនៃលទ្ធិគាំពារនិយម និងវិបត្តិមីយ៉ាន់ម៉ា បានបន្តធ្វើឱ្យខូចមុខមាត់អាស៊ាននៅលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ទាំងក្នុងតំបន់ និងអន្តរជាតិ ចាំបាច់ត្រូវមានការយកចិត្តទុកដាក់ទៅលើរចនាសម្ព័ន្ធនេះឡើងវិញពីរបស់រដ្ឋនីមួយៗ ឆ្ពោះទៅរកការពង្រឹងស្ថាប័នអាស៊ីបូព៌ាដែលបានបង្កើតឡើងរួចហើយ ជាជាងការព្យាយាមបង្កើតថ្មី»៕