ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk-Yeol) ពិចារណាដំឡើងទំនាក់ទំនងកម្ពុជា-កូរ៉េទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅ៣ឆ្នាំខាងមុខ ជាពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០នៃការបង្កើតទំនាក់ទំនងការទូត។
លោកស្នើដូច្នេះក្នុងជំនួបជាមួយលោក យូន សកយ៉ល នាថ្ងៃទី១១ ខែកញ្ញា ក្នុងឱកាសលោកចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ហ្វេសប៊ុកលោកប្រធានព្រឹទ្ធសភា បញ្ជាក់នាថ្ងៃដដែលនេះថា៖ «សម្តេចតេជោ បានលើកឡើងថា នៅ៣ឆ្នាំខាងមុខ គឺជាពេលដែលយើងទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍ទី ៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្តេចតេជោ បានស្នើដល់ឯកឧត្ដមប្រធានាធិបតីពិចារណាលើកកម្ពស់ទំនាក់ទំនងប្រទេសយើងទាំងពីរឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
កម្ពុជា និងកូរ៉េខាងត្បូងបានដំឡើងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីខែឧសភា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទីក្រុងសេអ៊ូល។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា ការដំឡើងទំនាក់ទំនងកម្ពុជា-កូរ៉េនេះ គឺជាសមិទ្ធផលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងជាយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ។ កូរ៉េបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាង និងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈជំនួយផ្សេងៗ និងការវិនិយោគពីក្រុមហ៊ុនកូរ៉េ និងការផ្តល់ឱកាសការងារដល់ពលករកម្ពុជាទៅធ្វើការនៅកូរ៉េ។
លោកថ្លែងថា៖ «កម្ពុជារំពឹង និងជឿជាក់យ៉ាងមុតមាំ ព្រមទាំងមានបំណងពង្រីកលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលអាចជួយបង្កើនការធ្វើពាណិជ្ជកម្ម វិនិយោគ ពង្រឹងភាពជាដៃគូរវាងប្រជាជន និងការដោះដូរវប្បធម៌ និងជំនួយអភិវឌ្ឍន៍សង្គមផ្សេងៗទៀត»។
លោក ថុង ម៉េងដាវិត បន្តថា៖ «[ទាំងនេះ] អាចជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មវិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាជំរុញសន្ទុះវិស័យទេសចរណ៍នៅកម្ពុជាផងដែរ ដើម្បីជួយលើកកម្ពស់ផលិតកម្ម កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍឧស្សាហកម្ម និងការអភិវឌ្ឍជំនាញពលកម្មរបស់ប្រជាជនកម្ពុជា»។
លោកថ្លែងថា ក្រៅពីនេះ កម្ពុជានឹងទទួលបានការគាំទ្រ និងជំនួយយោធាបន្ថែមទៀតពីកូរ៉េ ដែលអាចជួយដល់ការកសាងសមត្ថភាពយោធាក្នុងវិស័យសន្តិសុខសាយប័រ (cyber) និងប្រឆាំងភេរវកម្ម តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្ត ដែលកងទ័ពកូរ៉េមាន។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជានិងកូរ៉េក៏ជាតួអង្គសំខាន់ក្នុងការលើកកម្ពស់វិបុលភាព ការអភិវឌ្ឍ សន្តិសុខ និងស្ថិរភាពតំបន់ផងដែរ។
ក្នុងជំនួបជាមួយលោក យូន សកយ៉ល លោក ហ៊ុន សែន បានអរគុណរដ្ឋាភិបាលកូរ៉េ ដែលបានជួយកម្ពុជានៅក្នុងពេលលំបាកដែលពិភពលោកប្រឈមនឹងជំងឺរាតត្បាតកូវីដ ១៩ ដោយលោកបញ្ជាក់ថា ប្រទេសកូរ៉េមួយគត់បានរក្សាជើងហោះហើរជាមួយកម្ពុជា ដែលជាច្រកចេញចូលតែមួយគត់ឱ្យកម្ពុជា ខណៈពេលដែលបណ្ដាប្រទេសមួយចំនួនបានបិទច្រកចេញចូល និងបិទជើងហោះហើររបស់ខ្លួនជាមួយកម្ពុជា។
លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េចំពោះជំនួយឧបត្ថម្ភក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍកម្ពុជាឡើងវិញ។ លោកថា ក្នុងនោះដែរ កូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។
លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េចំពោះការទទួលពលករកម្ពុជាទៅបម្រើការងារនៅប្រទេសកូរ៉េ ដោយលោកបញ្ជាក់ថា ពួកគេនឹងនាំត្រឡប់ទៅកម្ពុជាវិញនូវចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា។
លោក សង្ឃឹមថា លោក យូន សកយ៉ល នឹងបន្ថែមកូតាបន្ថែមទៀត សម្រាប់ពលករកម្ពុជាទៅបំពេញការងារនៅប្រទេសកូរ៉េ៕