កម្ពុជា​បន្ត​រក្សា​ជំហរ​​របស់ខ្លួន​ក្នុងការ​គាំទ្រ​ដល់​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន ​និង​បាន​បង្ហាញ​ពី​កង្វល់​ចំពោះ​លទ្ធភាព​នៃ​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​នៅ​ទូទាំង​តំបន់​​តំបន់​មជ្ឈិម​បូព៌ា។

នៅ​ក្នុង​សុន្ទរថា​នៅ​ឯ​កិច្ច​ពិភាក្សា​ទូទៅ​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី៧៩ នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា រដ្ឋមន្រ្តី​ការបរទេស លោក សុខ ចិន្តាសោភា​ បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្ដេជ្ញា​ទៅ​លើ​ការ​គាំទ្រ​យូរ​ឆ្នាំ​របស់​ខ្លួន​ចំពោះ​ដំណោះ​ស្រាយ​រដ្ឋ​ពីរ​ ដោយ​ស្រប​តាម​សេចក្ដី​សម្រេច​​របស់​អង្គការ​សហ​ប្រជាជាតិ។

លោក​បាន​និយាយ​ថា ដំណោះ​ស្រាយ​រដ្ឋ​ពីរ​ គឺ​ជា​វិធី​តែ​មួយ​គាត់​ដែល​ប្រជាជន​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​អាច​បញ្ចប់​ជម្លោះ​ដែល​មាន​ជារ​មក​ហើយ​ និង​អាច​រស់​នៅ​ដោយ​សន្តិសហ​វិជ្ជាមាន​ជាមួយ​គ្នា។

លោក​ថ្លែង៖ «កម្ពុជា​គាំទ្រ​ដល់​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន និង​ការ​ស្នើ​សុំ​របស់​ប៉ាឡេស្ទីន​ដើម្បី​ក្លាយ​ជា​សមាជិក​ពេញ​លេញ​របស់អង្គការ​សហប្រជាជាតិ។ កម្ពុជា​ក៏​ថ្កោល​ទោស​សកម្មភាព​អំពើ​ភេរវកម្ម​ទាំង​អស់ និង​អំពាវនាវ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ដើម្បី​បញ្ចប់​សង្គ្រាម​និង​វិបត្តិ​មនុស្សធម៌​ដែល​កាន់តែ​អាក្រក់​នៅ​តំបន់​កាហ្សា»។

លោក​បន្ត​ថា៖ «យើង​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​នៃ​សង្គ្រាម​ដែល​អាច​ផ្ទុះ​ស្ទើរ​ទាំង​ស្រុង​នៅ​មជ្ឈិម​បូព៌ា។ ​បើ​តាម​​រាយការណ៍​ចុង​ក្រោយ ​មាន​ការ​កើន​ឡើង​នៃ​​ការប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​លីបង់។ សង្គ្រាម​នៅ​តំបន់​នេះ​ដែល​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ត្រូវតែ​បញ្ឈប់​ ហើយ​សមាជិក​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ទាមទារ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​ធ្វើ​ការ​យ៉ាង​បុរេសកម្ម​ដើម្បី​រក​វិធីសាស្រ្ត​ដោះស្រាយ​ស្ថានការណ៍​ដ៏​អាក្រក់​នេះ»។

គិត​ត្រឹម​សប្ដាហ៍​មុន ចំនួន​មនុស្ស​ស្លាប់​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ បាន​កើន​លើស​ ៤១,០០០​នាក់ និង​រង​របួស​ជិត ​៩៦,០០០ នាក់ ​ចាប់​តាំង​ពី​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស់​​លើ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ​២០២៣។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​អះអាង​ថា កម្ពុជាមាន​ភាព​ច្បាស់​លាស់​អំពី​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​រដ្ឋ​ប៉ាឡេស្ទីន តាំង​ពី​រដ្ឋាភិបាល​អាណត្តិ​មុនៗ​ដែល​គាំទ្រ​ដល់​ការ​មាន​រដ្ឋ​ប៉ាឡេស្ទីន ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ការ​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

លោក​​យល់​ឃើញ​ថា សហរដ្ឋអាមេរិក​និង​ប្រទេស​មហាអំណាច​​ធំៗ​គាំទ្រ​អ៊ីស្រាអែល ដោយសារ​តែ​ពួកគេ​មាន​សម្ព័ន្ធភាព​យ៉ាង​រឹងមាំ​ជាមួយ​អ៊ីស្រាអែល ខណៈ​ដែល​ប៉ាឡេស្ទីន​បន្ត​បាត់​បង់​ដីធ្លី​របស់​ខ្លួន​តាំង​ពីធំ​រហូត​ដល់​តូច។ លំនាំ​បែន​នេះ​លោក​យល់​ថាជា «ស្ដង់ដារ​ពីរ»។

លោក​និយាយ​ថា៖ «សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​ ប្រទេស​មហា​ធំៗ​បាន​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ច្បាប់ និង​ជា​សណ្ដាប់​ធ្នាប់​​ពិភពលោក​ថ្មី។ នោះ​ហើយ​ជា​ហេតុ​ដែល​ខ្ញុំ​បាន​និយាយថា​ យុត្តិធម៌​គឺ​សម្រាប់​តែ​ប្រទេស​ធំៗ​ឬ​ប្រទេស​អ្នក​មាន។ មិនថា​ពួក​គេ​ធ្វើ​អ្វីក៏​ដោយ ទោះបីជា​គេ​បំពាន​ច្បាប់​អន្តរជាតិ​ក៏​ដោយ​ ពួកគេ​នៅ​តែ​អះអាង​ថា​ វា​ជា​យុត្តិធម៌​ ខណៈ​ដែល​ប្រទេស​ខ្សោយ​ត្រូវ​តែ​គោរព​ច្បាប់​អន្តរជាតិ។ ដូច្នេះ​កម្ពុជា​គិតថា​ មិន​គួរ​មាន​ស្ដង់​ដារ​ពីរ​នោះ​ទេ»។

ក្នុង​កិច្ច​ពិភាក្សា​ទូទៅ ​លោក សុខ ចិន្ដាសោភា​ ក៏បាន​លើក​ឡើង​កង្វល់​របស់​កម្ពុជា​ចំពោះ​វិបត្តិ​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ​ ដោយ​លោក​បាន​បញ្ជាក់​ថា និង​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត​ គាំទ្រ​កុងសង់ស៊ីស​៥​ចំណុច ​របស់​អាស៊ាន ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ដំណោះស្រាយ​រក​សន្តិភាព និង​មាន​ការ​រួបរួម​គ្នា​នៅ​មីយ៉ាន់ម៉ា។

លោក​ថ្លែង​ថា៖ «យើង​គាំត្រ​​បង្កើត​បរិយាកាស​ឱ្យ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា និង​ការចរចា​អំពី​ការ​ឈប់​បាញ់​គ្នា។ យើង​ក៏​បញ្ជាក់​អំពី​ភាព​ចាំ​បាច់​នៃ​​អំណោយ​​មនុស្សធម៌ ហើយ​គាំទ្រ​ដំណើរ​ការ​ដឹកនាំ​ដោយ​មីយ៉ាន់ម៉ា ​សម្រាប់​សន្តិភាព​អចិន្រ្តៃយ៍​ និង​​ការ​វិល​ទៅរក​ភាព​ប្រក្រតី​ឡើង​វិញ»។

លោក យង់ ពៅ ​យល់​ថា កម្ពុជា​បាន​បង្ហាញ​ពី​ការ​ខិតខំ​​យ៉ាង​ខ្លាំង​ក្នុង​ការ​រក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នៅ​មីយ៉ាន់​ម៉ា​ ដោយ​អតីត​​នាយករដ្ឋមន្រ្តី​ លោក​ ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ និង​បាន​​ជួបគ្នា​ជាមួយ​លោក Min Aung Hlaing ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ​មី​រដ្ឋ​មីយ៉ាន់ម៉ា។ លោក​ ហ៊ុន សែន បាន​លើក​ឡើង​ពី​​គោល​នយោបាយ​ «ឈ្នះ-ឈ្នះ» របស់​លោក​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា​ ដែល​យក​បទពិសោធន៍​របស់​កម្ពុជា​កាល​ពីកន្លង​មក​ក្នុង​ការ​បញ្ចប់​ជម្លោះ​ក្រោយ​សម័យ​ខ្មែរ​ក្រហម។

លោក យង់ ពៅ ថ្លែង​ថា៖ «នៅ​ពេល​ដែល សម្តេច ហ៊ុន សែន ជួប​ជាមួយ​ Min Aung Hlaing​ មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​ និង​មេដឹកនាំ​មហា​អំណាច​បាន​បន្ទោស​គាត់ ​ប៉ុន្តែ​មក​ដល់​ពេលនេះ ពួក​គេ​មិន​បាន​បង្ហាញ​វិធីណា​​ល្អ​ណា​មួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នោះ​ទេ»៕