គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច បានបញ្ជាក់សារជាថ្មីថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាតនិងមិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះ ណាឡើយ។
ការបញ្ជាក់សារជាថ្មីលើជំហរបែបនេះធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៥-២៦ ខែមករា នៅស្នាក់ការកណ្តាលគណបក្ស ឬ វិមាន៧មករា។ គោលនយោបាយរបស់គណបក្សប្រជាជនត្រូវបានយកទៅអនុវត្តនៅក្នុងការគ្រប់គ្រងប្រទេសជាតិក្នុងនាមគណបក្សកាន់អំណាច។
សេចក្ដីប្រកាសព័ត៌មានរបស់បក្សកាន់អំណាចបានថ្លែងថា៖ «អង្គសន្និបាតជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗរួមមាន ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិ ជាពិសេសគោរពយ៉ាង ម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាតិ និងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា»។
គណបក្សប្រជាជនបន្តថា៖ «មិនអនុញ្ញាតឱ្យមានការជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត និងមិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬ ភាពអនុគ្រោះណាឡើយ។ [គណបក្សប្រជាជន] គាំទ្រការសន្ទនា និង ការទូត ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី»។
គណបក្សកាន់អំណាចក៏បញ្ជាក់ពីការប្រកាន់ខ្ជាប់គោលការណ៍ចំនួន ៣ ក្នុងការចូលរួមក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនានា ពោលគឺ កម្ពុជាចូលរួមជាមួយយុទ្ធសាស្ត្រនោះប្រសិនបើវាជាយុទ្ធសាស្ត្រដែលគាំទ្រដល់សន្តិភាព និង ការអភិវឌ្ឍ, មិនប្រើប្រាស់យុទ្ធសាស្ត្រនោះដើម្បីប្រឆាំងប្រទេសដទៃ និង ជាយុទ្ធសាស្ត្រគាំទ្រដល់មជ្ឈភាពអាស៊ាន និង ទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក។
កម្ពុជាក៏នឹងបន្តគាំទ្រប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈការប្រើប្រាស់ឱ្យអស់ពីសក្ដានុពលនូវភាពជាសមាជិករបស់កម្ពុជានៅក្នុងអាស៊ាន ក៏ដូចជាក្នុងអង្គការតំបន់ និងអន្តរជាតិដទៃទៀត រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ខែធ្នូ ឆ្នាំ២០២៩ ដែលការចាកចេញនេះអាចធ្វើឲ្យកម្ពុជាមិនអាចទទួលបានការអនុគ្រោះមួយចំនួនដែលផ្ដល់ឲ្យសម្រាប់តែប្រទេសមានការអភិវឌ្ឍតិចតូច។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ការទប់ស្កាត់មិនឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា គឺជារឿងចាំបាច់ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលចែងថា កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួនក្នុងនាមជារដ្ឋឯករាជ្យមួយ។
យ៉ាងណាក៏ដោយលោកថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសឬក្រុមប្រទេសណាមួយ ពេលខ្លះត្រូវគោរពទៅលក្ខខណ្ឌដែលគេបានចែងច្បាស់លាស់ ដូចជាការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់ប្រជាធិបតេយ្យជាដើម។ ដូច្នេះ វាអាស្រ័យទៅលើជំហររបស់កម្ពុជា ថាតើលក្ខខណ្ឌទាំងនោះត្រូវបានចាត់ទុកថាជាការជ្រៀតជ្រែកឬគ្រាន់តែជាលក្ខខណ្ឌតម្រូវដែលមានគុណតម្លៃស្នូលនៃកិច្ចសហប្រតិបត្តិការនោះ។
លោកថ្លែងថា៖ «បើសិនលក្ខខណ្ឌនោះជាការស្នើឲ្យគោរពសិទ្ធិមនុស្ស និងលើកកម្ពស់ប្រជាធិបតេយ្យ ខ្ញុំមើលឃើញថា វាមិនមែនជាការជ្រៀតជ្រែកអីទេបាទ វាគ្រាន់តែជាគុណតម្លៃស្នូលនៅក្នុងកិច្ចសហប្រតិបត្តិការនោះប៉ុណ្ណោះ ហើយការគោរពសិទ្ធិមនុស្សនិងលើកកម្ពស់ប្រជាធិបតេយ្យក៏ជាគុណតម្លៃស្នូលរបស់កម្ពុជាដែរ ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣»៕