ភ្នំពេញ៖ ឃាតកម្មលើអតីតតំណាងរាស្ដ្រអតីតគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ (CNRP) លោក លឹម គិមយ៉ា កាលពីថ្ងៃទី៧ ខែមករា នៅទីក្រុងបាងកក ប្រទេសថៃ បានបង្កការភ្ញាក់ផ្អើលខ្លាំងទាំងនៅប្រទេសថៃ និងកម្ពុជា ដែលកាលពីរសៀលថ្ងៃទី៨ ខែមករា ឈានដល់ការចាប់ខ្លួនជនសង្ស័យនៅខេត្ដបាត់ដំបង។
ខណៈស្ថានភាពបាញ់ប្រហារកណ្ដាលរាជធានីរបស់ថៃនៅបន្ដពុះកញ្ជ្រោង សៃវៀននយោបាយរបស់ក្រុមប្រឆាំងរបស់ប្រទេសទាំងពីរក៏បាននិងកំពុងបង្កើនកម្ដៅដោយភាគីប្រឆាំងនៅប្រទេសថៃទទូលឱ្យអាជ្ញាធរចាប់ឧក្រិដ្ឋជនមកទទួលទោសតាមច្បាប់ ហើយក្រុមប្រឆាំងនៅកម្ពុជាក៏បានចោទទង្វើនេះឱ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវផងដែរ។
លោក សម រង្ស៊ី អតីតអនុប្រធានអតីតគណបក្ស បានសរសេរនៅលើគណនីបណ្ដាញសង្គមរបស់លោកថា៖ «សមាជិកបក្សប្រឆាំងជាច្រើននាក់ ត្រូវបានគេធ្វើឃាត។ ខ្លួនខ្ញុំផ្ទាល់គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតជាច្រើនដង»។
លោក សម រង្ស៊ី ដែលកំពុងរស់នៅបរទេស បានសរសេរលើហ្វេសប៊ុកថា លោក ហ៊ុន សែន គំរាមសម្លាប់លោកនៅលើដីបារាំង ហើយលោកសង្ឃឹមថា អាជ្ញាធរថៃនឹងសហការជាមួយប៉ូលិសបារាំង បង្រ្កាបប្រតិបត្តិការបង្ក្រាបសកម្មភាពបែបនេះនៅលើទឺកដីប្រទេសថៃ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ Naewna កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ប៉ូលិសថៃបានស្វែងរកដីកាចាប់ខ្លួនឈ្មោះ ពេជ្រ គឹមស្រិន អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ពីបទ «រួមគំនិតជាមួយឃាតក»។
កាមេរ៉ាសុវត្ថិភាព បានបង្ហាញយុវជនឈ្មោះ គឹមស្រិន ជិះរថយន្ដក្រុងតែមួយជាមួយលោក គិមយ៉ា នៅទីក្រុងបាងកក។ ខ្មាន់កាំភ្លើងឈ្មោះ Ekkalak ក្រោយមកបានបាញ់លោក គិមយ៉ា ចំនួន ២គ្រាប់នៅរង្វង់មូលផ្សារទំនើបទី១៣ ដែលឈ្មោះ គឹមស្រិន នៅមិនឆ្ងាយពីជនរងគ្រោះ។
ក្រោយពេលកើតហេតុ លោក Ekkalak ជនជាតិថៃ បានជិះម៉ូតូគេចខ្លួន ចំណែកលោក គឹមស្រិន ធ្វើដំណើរទៅអាកាសយានដ្ឋានសុវណ្ណភូមិ ហើយហោះមកកម្ពុជាវិញ នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
យោងតាមទូរទស្សន៍ TV7 របស់ប្រទេសថៃ បានឱ្យដឹងថា លោក គឹមស្រិន ដែលបានចង្អុលបង្ហាញពីមុខសញ្ញានោះ នៅតែត្រូវបានតាមដាន និងចាប់ខ្លួន។
ទូរទស្សន៍ថៃបានបន្ដថា៖ «លោក Ekkalak ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយបញ្ជូនទៅកាត់ទោសនៅទីបញ្ជាការសន្តិសុខផ្ទៃក្នុងនៃព្រះរាជាណាចក្រកម្ពុជាក្នុងរាជធានីភ្នំពេញបច្ចុប្បន្នកំពុងត្រូវបានសាកសួរ។ គេរំពឹងថា ជនសង្ស័យនឹងត្រូវកាត់ទោសនៅក្នុងប្រទេសកម្ពុជាពីបទឆ្លងដែនខុសច្បាប់មុនពេលបញ្ចូលទៅប្រទេសថៃ»។
កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា អតីតប្រធានគណបក្ស (CNRP) បានសរសេរថា កញ្ញាបានកោតសរសើរចំពោះកិច្ចការងារបុព្វហេតុជាតិអស់រយៈពេលជាច្រើនឆ្នាំ និងបន្ដចងចាំនូវសេចក្តីក្លាហានក្នុងការចូលរួមនយោបាយរបស់លោក គឹមយ៉ា។
កញ្ញាបានបន្ដថា៖ «ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការដល់ជន ឬក្រុមដៃដល់ដែលប្រព្រឹត្ត និងពាក់ព័ន្ធអំពើដ៍យង់ឃ្នងនេះ។ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលបារាំងឱ្យស្វែងរកការពិត និងផ្ដន្ទាទោសដល់ជន ឬក្រុមដៃដល់»។
យ៉ាងណាមិញ លោក គី តិច ជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ក៏បានប្រើប្រាស់បណ្ដាញសង្គម ដោយសរសេរដាក់ចំណងជើងថា «ការវិនិច្ឆ័យដោយអគតិរបស់អមនុស្សដែលមានខួរពណ៌ខ្មៅ»។
លោកក៏បានសម្ដែងការសោកស្ដាយ រំលែកទុក្ខជាមួយគ្រួសារនៃសព និងប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង។ ប៉ុន្ដែលោកបានបន្ថែមថា លោកប្រកាសថ្កោលទោស ចំពោះអ្នកនយោបាយដែលលោកបានហៅថា ជាជនក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែលប្រឌិតមួលបង្កាច់ ចោទប្រកាន់ទម្លាក់កំហុសបង្វែដាក់លើថ្នាក់ដឹកនាំកម្ពុជា។
លោក គី តិច បានឱ្យដឹងថា៖ «ពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ចក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ ។ ខ្ញុំឆ្ងល់និងចង់សួរទៅអ្នកនយោបាយល្ងីល្ងើខ្លះថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទំលាក់កំហុសមកលើថ្នាក់ដឹកនាំរបស់ប្រជាជាតិខ្មែរ បែបនេះ?»។
លោកបន្ដថា៖ «ខ្ញុំសូមរំឭកជូនសាធារណជនជ្រាបថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោស នៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា»។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់ដែលលោកបានអះអាងថា ជាក្រុមប្រឆាំងនៅក្រៅប្រទេស និងប្រព័ន្ធឃោសនាមួយចំនួន ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន ចំពោះការភ្ជាប់ករណីឃាតកម្មអតីតតំណាងរាស្ដ្រគណបក្សប្រឆាំងនៅប្រទេសថៃទៅនឹងរាជរដ្ឋាភិបាលកម្ពុជា។
លោក បូណា បានផ្ដល់បទសម្ភាសជាមួយ Fresh News កាលពីល្ងាចថ្ងៃទី៨ ខែមករាថា៖ «ខ្ញុំសូមបញ្ជាក់ថា ទីមួយ កម្ពុជា និងថៃ គឺជាប្រទេសអធិបតេយ្យពីរផ្សេងគ្នា។ រាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវតែចំពោះករណីដែលកើតឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ ហើយកម្ពុជាគ្មានសមត្ថកិច្ចទៅលូកលាន់ ឬការទទួលខុសត្រូវណាមួយចំពោះបញ្ហាកើតឡើងនៅលើដែនអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ»។
លោកបានទទូចឱ្យអ្នកនយោបាយ អង្គការសង្គមស៊ីវិល ត្រូវយល់ឱ្យច្បាស់អំពីបញ្ហានេះ និងចេះបែងចែកដោយមិនត្រូវធ្វើសេចក្ដីថ្លែងការណ៍ណាមួយដែលមិនទទួលខុសត្រូវ និងប្រើប្រាស់វប្បធម៌លាបពណ៌មកបាំងមុខ។
លោក បូណា បានឱ្យដឹងថា ការចោទប្រកាន់ឱ្យគ្មានភ័ស្ដុតាង និងមូលដ្ឋានមកលើរាជរដ្ឋាភិបាលបានក្លាយជាអត្ដសញ្ញាញរបស់ក្រុមប្រឆាំងជ្រុលនិយមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា៖ «នយោបាយស្មោគគ្រោករបស់ក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំដោយលោក សម រង្ស៊ី ដែលតែងតែប្រើវិធីចោទប្រកាន់ មួលបង្កាច់បែបនេះ វាគ្មានអ្វីចម្លែកនោះទេ។ ប្រជាពលរដ្ឋខ្មែរបានដឹង បានស្គាល់អស់ទៅហើយ»។
នៅប្រទេសថៃឯនោះវិញ សមាជិកសភាបក្សប្រឆាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។ សមាជិកសភាបក្សប្រជាជន លោក Piyarat Chongthep បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយសង្កត់ធ្ងន់ថា បើគ្មានវិធានការទាន់ពេលវេលា វាអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ក្នុងនាមជាប្រទេសដែលមានសុវត្ថិភាព និងសន្តិសុខ។
លោក Piyarat ត្រូវបានកាសែត The Nation របស់ថៃ ដកស្រង់សម្ដីដោយបាននិយាយថា៖ «ខ្ញុំពិតជាសង្ឃឹមថា វានឹងមិនប្រែក្លាយប្រទេសថៃទៅជាគោលដៅឃាតកម្មនោះឡើយ”។
សមាជិកសភាគណបក្សយុត្តិធម៌ Kannavee Suebsang បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានកំណត់គោលដៅលើសកម្មជនប្រឆាំងរដ្ឋាភិបាល និងបានចោទប្រកាន់ថាមានកិច្ចសហប្រតិបត្តិការសម្ងាត់រវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ក្រាបអ្នកប្រឆាំង។
លោកបានលើកឡើងពីការបាត់ខ្លួនសកម្មជនថៃ Wanchalerm Satsaksit នៅកម្ពុជា និងការនិរទេសសកម្មជនខ្មែរពីប្រទេសថៃថ្មីៗនេះ។
លោក Kannavee បានរិះគន់ប្រទេសថៃចំពោះការបោះបង់ចោលពិធីសារដ៏យូរអង្វែងរបស់ខ្លួនប្រឆាំងនឹងការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយ ដែលអនុញ្ញាតឱ្យសកម្មជនប្រឆាំងបរទេសត្រូវបានសម្លាប់នៅក្នុងព្រំដែនរបស់ខ្លួន។
កាសែត The Nation Thailand ក៏បានដកស្រង់សម្តីលោក Kannavee ដោយនិយាយថា “លើកនេះ យើងមិនត្រូវទុកឲ្យករណីនេះរលត់ទៅវិញទេ”។
យ៉ាងណាមិញ លោក បូណា បានបញ្ជាក់ថា គណបក្សប្រឆាំងថៃនិយាយអ្វីទៅកាន់រដ្ឋាភិបាលរបស់ថៃ គឺជារឿងផ្ទៃក្នុងរបស់ថៃប៉ុណ្ណោះ។
លោកបានបន្ដថា៖ «ករណីអ្វីក៏ដោយដែលបានកើតឡើង ជាក់ស្ដែង ឃាតកម្មនេះ គឺទុកឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការងារ។ មានតែអាជ្ញាធរមានសមត្ថកិច្ចទេ ដែលអាចចាត់រឿងនេះបាន។ ចំណែកអ្នកខាងក្រៅ អ្នកនយោបាយក្ដី អង្គការសង្គមស៊ីវិលក្ដី អ្នកលេងហ្វេសប៊ុកក្ដី ឬអ្នកអះអាងថាជាអ្នកសារព័ត៌មាន សូមនៅឱ្យស្ងៀម ទុកឱ្យគេធ្វើកិច្ចការងារនេះ កុំនិយាយដោយគ្មានការទទួលខុសត្រូវ ដែលធ្វើឱ្យប៉ះពាល់អ្នកដទៃ។ រង់ចាំមើលលទ្ធផលទៅ គេដឹងហើយ»៕