ខណៈ​ដែល​ក្រសួង​យុត្តិធម៌កំពុង​ពិនិត្យ​ទៅ​លើ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​​អំពើ​ភេរវកម្ម លោក ហ៊ុន សែន បាន​បង្ហើប​ពី​ផែនការ​វាយ​ប្រហារ​ទៅ​លើ​គេហដ្ឋាន​របស់​លោក នៅ​ទីក្រុង​តា​ខ្មែរ ខេត្ត​កណ្ដាល។

លោក ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត​បាន​ថ្លែង​ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ មាន​ផែនការ​វាយប្រហារ​លើ​គេហដ្ឋាន​របស់​លោក ដោយ​ប្រើ​ដ្រូន។ 

លោក​បញ្ជាក់​ដែរ​ថា ផែនការ​វាយ​ប្រហារ​នេះ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ម្នាក់​ពី​ខេត្ត​តាកែវ ដែល​ជាប់​ពាក់​ព័ន្ធ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​បាត់​ខ្លួន​មនុស្ស​ពី​មូលដ្ឋាន វា​ច្បាស់​ជា​មាន​ពាក់​ព័ន្ធ​នឹង​ផែន​ការ​ធ្វើ​ភេរវកម្ម​នេះ​ហើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​លើក​ឡើង​ពី​ការ​បង្កើត​ច្បាប់​ស្ដី​ការ​ប្រឆាំង​អំពើ​ភេរវកម្ម ដែល​ផ្ដោម​គោលដៅ​លើ​ក្រុមប្រឆាំង​នៅ​ក្រៅ​ប្រទេស ដោយ​ចាត់​ក្រុម​អ្នក«​ប្រឆាំង​ជ្រុល​និយម​» ជា​ភេរវករ។

លោក សេង ឌីណា អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ចំពោះ​ការរៀប​ចំធ្វើ​ច្បាប់​ស្តី​ពីការដាក់ជាក្រុមភេរវករ នូវក្រុម​ជ្រុល​និយម​ដែល​ធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​ យើង​ក៏​កំពុង​តែសិក្សាលម្អិតលើទិដ្ឋភាពច្បាប់ផងដែរ»។

គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចេញ​ញត្តិ​គាំទ្រ​ដល់​ការ​បង្កើត​ច្បាប់​នេះ​ និង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ច្បាប់​នេះ​ចេញ​ឲ្យ​បាន​ឆាប់។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា បើ​ពិត​ជា​មាន​ផែនការ​វាយ​ប្រហារ​លើ​ថ្នាក់​ដឹក​នាំ​ប្រទេស​បែប​នេះ​មែន វា​ជា​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​យ៉ាង​ខ្លាំង ហើយ​កិច្ច​ការពារ​ត្រូវ​តែ​ពង្រឹង​កាន់​តែ​ខ្លាំង​ផង​ដែរ។

លោក​ថ្លែង​ថា ការ​ធ្វើ​ផែនការ​វាយ​ប្រហារ​អាច​កើត​ឡើងបាន​ ពីព្រោះ​សូម្បី​តែ​នៅ​ប្រទេស​រុស្ស៊ី ក៏​ធ្លាប់​មាន​ដ្រូន​ហោះ​ទៅ​ដល់​ដែរ ហើយ​នៅ​សហរដ្ឋ​អាមេរិក ក៏​ធ្លាប់​មាន​ការ​វាយ​ប្រហារ​លើ​អាគារ​ពាណិជ្ជកម្ម​ពិភពលោក និង​មន្ទីរ​បញ្ចកោណ កាល​ពី​ឆ្នាំ​២០០១ សម្លាប់​មនុស្ស​ជិត ៣០០០​ពាន់​នាក់។សម្រាប់​លោក ហ៊ុន សែន លោក​ធ្លាប់​រង​ការ​វាយ​ប្រហារ​ម្ដង​ហើយ កាល​ពី​ឆ្នាំ​១៩៩៨ នៅ​ខេត្ត​សៀមរាប ប៉ុន្តែ​មិន​ចំ​គោល​ដៅ។

លោក​ថ្លែង​ថា៖ «សន្តិសុខ​របស់​កម្ពុជា​ត្រូវ​តែ​រៀប​ចំ​ក្បួន​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ការពារ​ថ្នាក់​ដឹកនាំ​ដែល​មាន​គុណ​តម្លៃធំធេង​សម្រាប់​កម្ពុជា។ ការការពារសម្ដេច​តេជោ គឺ​ជា​ការ​ធានានូវ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​រយៈ​ពេល​វែង​តទៅ​ទៀត​នៅ​កម្ពុជា»៕