
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ នៅថ្ងៃទី១៨ ខែកុម្ភៈ។ NA
ច្បាប់ថ្មីស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យបានដំឡើងកម្រិតផ្ដន្ទាទោសពីចន្លោះ៦ខែទៅពី២ ទៅចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ និងដំឡើងកម្រិតនៃការផាកពិន័យផងដែរ។
ច្បាប់នេះត្រូវរដ្ឋសភាអនុម័តកាលពីព្រឹកថ្ងៃទិ១៨ ខែកុម្ភៈនេះ ដោយសំឡេង១១៥សំឡេងនៃសមាជិកសភាទាំងមូល។
ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបខ្មែរក្រហម ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីការផ្ដន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
អត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬ នៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
កាលពីឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងហើយ ដោយកំណត់ផ្ដន្ទាទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅសម័យខ្មែរក្រហមដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ ពី១លានរៀល ទៅ៤លានរៀល។
ប៉ុន្តែ ច្បាប់ថ្មីដែលរដ្ឋសភាអនុម័តបានដំឡើងការផ្ដន្ទាទោសចំពោះអ្នកល្មើសពីចន្លោះ៦ខែទៅពី២ ទៅចន្លោះពី ១ឆ្នាំទៅ ៥ឆ្នាំ និងដំឡើងការពិន័យជាប្រាក់ពីចន្លោះ ១លានទៅ៤លានរៀល ទៅចន្លោះពី ១០លាន ទៅ ៥០លានរៀល។
ស្របពេលជាមួយគ្នានេះ ក្រសួងយុត្តិធម៌បានចេញសេចក្ដីថ្លែងការណ៍ទៅលើការលើកឡើងរបស់លោក David Hutt ដែលជាអ្នកសរសេរកាសែតបរទេស ដែលបានលើកឡើងថាច្បាប់នេះរឹតត្បិតសេរីភាពបញ្ចេញមតិ។ ក្រសួងបញ្ជាក់ថា ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម ដែលតុលាការបានកាត់ទោសរួចហើយ មិនមែនជាសិទ្ធិបញ្ចេញមតិទេ ហើយស្មើនឹងការមិនគោរពសេចក្ដីសម្រេចរបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម (អ.វ.ត.ក.)។
ក្រសួងយុត្តិធម៌ថ្លែងថា អ្នករិះគន់ច្បាប់នេះ «គួរតែទៅសិក្សាលម្អិតបន្ថែមអំពីច្បាប់ស្រដៀងគ្នានេះ ដែលមាននៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត។ ជាក់ស្តែង ប្រទេសយ៉ាងតិច ចំនួន ១៧ នៅអឺរ៉ុប ដែលធ្លាប់បានឆ្លងកាត់នូវសោកនាដកម្មនៃការសម្លាប់រង្គាល នៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ក៏បានបង្កើតច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ស្រដៀងគ្នានឹងកម្ពុជាដែរ ដោយក្នុងចំណោមនោះ ច្បាប់របស់ប្រទេសខ្លះកំណត់ផ្ដន្ទាទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដាក់ពន្ធនាគាររហូតដល់ទៅ ១០ឆ្នាំឯណោះ»។
ក្រសួងបន្តថា៖ «រីឯបុគ្គលណាដែលមិនទទួលស្គាល់ ឬដែលលើកតម្កើងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺ មានន័យស្មើនឹងបុគ្គលនោះគាំទ្រឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ក៏ដូចជាចង់ឱ្យឧក្រិដ្ឋកម្ម នៃការសម្លាប់រង្គាលដ៏ឃោរឃៅព្រៃផ្សៃកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា»។
ការបង្កើតច្បាប់នេះគឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតអំពីការប្តេជ្ញាចិត្ត ដ៏ម៉ឺងម៉ាត់របស់កម្ពុជា ទាំងលើទិដ្ឋភាពនយោបាយ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពសង្គម ក្នុងការប្រឆាំង និង ទប់ស្កាត់ឱ្យបានជាដាច់ខាត កុំឱ្យឧក្រិដ្ឋកម្មសម្លាប់រង្គាលដ៏ឃោរឃៅព្រៃផ្សៃនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កើតមានសាជាថ្មីឡើងវិញនៅលើទឹកដីកម្ពុជា និងដើម្បីការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ៕