ទោះ​បី​ជា​សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ ទើប​មាន​អាយុ​ជាង​៣​ខែ​ក៏​ដោយ​ ក៏​សហគមន៍​នេះ​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​លឿន​ដោយ​បាន​ឈាន​ទៅ​ដល់​ការ​ទិញ​​ដ្រូន​ផ្ទាល់​ខ្លួន​ដើម្បី​ព្រោះ​ស្រូវ​រហូត​ដល់​​រាប់​សិប​ហិកតា​ក្នុង​មួយ​ថ្ងៃ។

សហគមន៍​នេះ​​ស្ថិត​នៅ​ភូមិ​សែនជ័យ ឃុំ​កន្ទួត​ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ដែល​គ្រប​ដណ្ដប់​ភូមិ​ចំនួន​​​​៤។ 

អ្នកស្រី ឈឺន សុភាសី ដែល​ជា​ប្រធាន​សហគមន៍ និង​ជា​ម្ចាស់​ហាង​លក់​អង្ករ​ ស្រីមុំ៩៩ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សហគមន៍​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដំបូង​​កាល​ពី​ខែ​តុលា​ឆ្នាំ ២០២៣ ប៉ុន្តែ​​​បាន​​ចេញ​ជា​​រូបរាង​ជា​​ផ្លូវ​ការ​​នៅ​ថ្ងៃទី​១៤ ខែមីនា ២០២៤​នេះ។ សហគមន៍​នេះ​មាន​ផ្ទៃដី ៨២៩​ហិកតា និង​មាន​សមាជិក​ ៨៤ គ្រួសារ​ចូលរួម។

អ្នកស្រី​និយាយ​ថា៖ «នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​សហគមន៍​កសិកម្ម​ទំនើប​​បាន​​សាក​ល្បង​​​ប្រើប្រាស់​ដ្រូន​​ព្រោះ​ស្រូវ។ ពី​មុន​យើង​មានតែ​ដ្រូន​សម្រាប់​បាច​​ជីទឹក។ ឥឡូវ​យើង​ប្រើ​ដ្រូន​សម្រាប់​​ព្រោះ​ស្រូវ​ដែល​​មាន​​ទំហំ​ធំ​ជាង​ដ្រូន​បាច​ជី។ ការ​ដែល​យើង​មាន​ដ្រូន​នេះ​គឺ​ជា​ការ​ងាយស្រួល​សម្រាប់​យើង ព្រោះ​វា​ជួយ​ឲ្យ​យើង​ធ្វើ​កសិកម្ម​ទាន់​ពេល​វេលា ព្រោះ​ឥឡូវ​​នេះ​​រដូវ​វស្សា​​កៀក​មក​ដល់​ហើយ»។

បើតាម​អ្នកស្រី សុភាសី បច្ចុប្បន្ន​នេះ សហគមន៍​នេះ​មាន​ដ្រូន​សម្រាប់​ព្រោះ​ស្រូវ​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ ហើយ​សហគមន៍​​ក៏​គ្មាន​គម្រោង​ទិញ​បន្ថែម​ដែរ ដោយសារ​វា​អាច​ព្រោះ​ស្រូវ​បាន​លើ​ផ្ទៃដី​ទាំង ៨០០​ហិតា​ ណាមួយ​​វា​ក៏​មាន​តម្លៃ​ថ្លៃ​​​ទៀត​ផង។ 

ការដាំដុះ​នៅ​ក្នុង​សហគមន៍​នេះ​ត្រូវ​បាន​មើល​ថែ​​ដោយ​សមាជិក​សហគមន៍​ផ្ទាល់​​តែ​ម្ដង​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​ បន្ថែម​ទៅ​លើ​ផល​ស្រូវ​ដែល​ពួក​គាត់​​នឹង​ទទួល​បាន​។​ សម្រាប់​អ្នក​ដែល​មិន​ចង់​នៅ​​មើល​ថែ​ ពួកគាត់​​អាច​ទៅ​ធ្វើ​ការងារ​ផ្សេង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​អ្នកស្រី សុភាសី។

ស្រូវ​នាង​អំ គឺជា​ពូជស្រូវ​បុរាណ​មួយ​ដែល​ចុង​ក្រោយ​ត្រូវ​បាន​រក្សា​ទុក​ដោយលោក​យាយ​ចាស់​ម្នាក់​ឈ្មោះ អំ នៅ​អំឡុង​ទសវត្ស​ទី៨០ ក្នុង​ខេត្ត​ក្រចេះ។ នេះ​បើ​តាម​ក្រសួង​កសិកម្ម។

អ្នកស្រី សុភាសី បាន​ឲ្យ​ដឹង​ថា ស្រូវ​នាង​អំ​ដែល​ផលិត​នៅ​ក្នុង​សហគមន៍​នេះ គឺ​អ្នកស្រី​ជា​អ្នក​ទិញ​យក ដើម្បី​កិន​ជា​អង្ករ​​យក​ទៅ​លក់​នៅ​ហាង​របស់​អ្នកស្រី​ផ្ទាល់​តែ​ម្ដង ដែល​​លក់​​អង្ករ​តែ​មួយ​​មុខ​នេះ​ប៉ុណ្ណោះ។ ទៅ​ថ្ងៃ​អនាគត អ្នកស្រី​គិត​ថា​នឹង​អាច​បង្កើត​ជា​សហគមន៍​អង្ករ​នាង​អំ​មួយ​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «ការ​ដែល​យើង​បង្កើត​ជា​សហគមន៍​នេះ​ឡើង គឺ​មាន​គោល​បំណង​ចង់​ជួយ​លើក​​​កម្រិត​ជីវភាព​របស់​សមាជិក​មាន​ការ​រីក​ចម្រើន។ នៅ​ពេល​គាត់​ដាំដុះ​តែ​ម្នាក់​ឯង គាត់​មិន​អាច​ទទួល​បាន​ទិន្នផល​ច្រើន​ទេ ដោយសារ​ដីគាត់​មិន​ស្អាត ​ខ្វះ​ថវិកា ខ្វះ​ទុន ខ្វះ​ពូជ​ស្រូវ ខ្វះ​គ្រប់​បែប​យ៉ាង។ នៅ​ពេល​យើង​ចងក្រង​ជា​សហគមន៍​ហើយ យើង​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​មាន​ទុន និង​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ដូចជា​ការ​គាំទ្រ​ពីក្រសួង​កសិកម្ម​ និង​អង្គការ​ដៃគូ​ជា​ដើម»។

អ្នកស្រី​ថា ការ​ចូលរួម​ក្នុង​សហគមន៍​នេះ​ក៏​ជា​ការ​ចូលរួម​​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​កន្លែង​ផ្សេង ដោយ​សារ​តែ​គ្រួសារ​ក្នុង​សហគមន៍​នេះ​អាច​ធ្វើ​ការ​ក្នុង​សហគមន៍​ផ្ទាល់តែម្ដង ឬ​អាច​​​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្នុង​ភូមិ​​បាន​ជា​ធម្មតា ដូចជា​​ការ​ដាំបន្លែ​និង​ចិញ្ចឹម​សត្វ​ជា​ដើម។ ក្រៅ​ពី​នេះ​សហគមន៍​នេះ​ក៏​ចូលរួម​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ផងដែរ។

ក្រៅ​ពី​ដាំ​ស្រូវ​នាងអំ អ្នកស្រី​ សុភាសី បង្ហើប​ថា ​សហគមន៍​នេះ​កំពុង​ត្រៀម​ខ្លួន​ដាំបន្លែ​​ចម្រុះ​ជា​ច្រើម​មុខ​ទៀត និង​ចិញ្ចឹម​សត្វ​ផងដែរ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ជួប​សហគមន៍​​​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ។ រូបថត សហការី

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា សហគមន៍​កសិកម្មទំនើបស្រូវនាងអំ គឺជា​សហគមន៍​កសិម្ម​តែ​មួយ​គត់​ដែល​មាន​ដ្រូន​សម្រាប់​​ប្រើប្រាស់​​ផ្ទាល់​ខ្លួន​​សម្រាប់​ព្រោះស្រូវ។ លោក​ថា កាលពីមុន​​កសិករ​នៅ​ទីនេះ​ធ្វើ​ស្រែ​ក្នុង​ទំហំ​តូចៗ​រៀងៗ​ខ្លួន ដោយ​គ្មានជម្រើស​អ្វី​ក្រៅ​ពី​ព្រោះ​ដោយ​ដៃ ​ឬ​ជួល​គ្រឿង​ចក្រ ឬ​ជួល​ដ្រូន​ពី​គេ​ក្នុង​តម្លៃ​ខ្ពស់​។ 

លោក​ថា ដ្រូន​មួយនេះ​អាចមានសមត្ថភាពព្រោះស្រូវបានរហូតដល់ ៧០ហិកតា ក្នុងមួយថ្ងៃ និងអាចប្រើសម្រាប់បាញ់ជី និងបាញ់ថ្នាំទៀតផង។ 

លោក​ថ្លែង​ថា៖ «នេះ​ហើយ​គឺ​ជា​អត្ថ​ប្រយោជន៍​ដ៏​សំខាន់​មួយ​នៃ​ការ​ចង​ក្រង​គ្នា​ជា​សហគមន៍​កសិកម្ម​ទំនើប»។

បើតាម​លោក ហ្វីណង់ ក្រសួង​កសិកម្ម​កំពុង​ជួយ​គាំទ្រ​ដល់​សហគមន៍នេះ​ក្នុង​ការ​រៀបចំ​ផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​យូរ​អង្វែង។

លោក​ថ្លែង​ថា៖ «សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ​មាន​មហិច្ឆតា​ក្លាយ​ទៅ​ជា​សហគមន៍​កសិកម្ម​ចម្រុះ​មួយ​ ដែល​មាន​ចរិត​បរិយាបន្ន​ទូលំ​ទូលាយ និង​មាន​សមាហរណកម្ម​ខ្ពស់​ជា​មួយ​នឹង​ប្រព័ន្ធ​អេកូឡូហ្ស៊ី​នៅ​ជុំ​វិញ​ដែល​មាន​ស្រាប់​ ធានា​បាន​នូវ​ការ​អភិវឌ្ឍ​សហគមន៍​ដែល​មាន​ទាំង​និរន្តភាព​សេដ្ឋកិច្ច និងបរិស្ថាន។ លើស​ពី​នេះ​ សហគមន៍​នេះ​ អាច​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​បង​ប្អូន​ប្រជាកសិករ​ជា​សមាជិក​សហគមន៍​នៅ​ក្នុង​តំបន់​នេះ​ប្រកប​ដោយ​សមធ​ម៌ផង​ដែរ»៕