ទីផ្សារគម្រោងវិនិយោគរួម ឬទីផ្សារមូលនិធិ គឺជាទីផ្សារថ្មីមួយនៅកម្ពុជា ដែលជាច្រកផ្តល់ហិរញ្ញប្បទានយ៉ាងសំខាន់ នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗ។ អាជីវកម្មគម្រោងវិនិយោគរួម (collective Investment Scheme) គឺជាប្រភេទអាជីវកម្មមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិបង្កើតគម្រោងវិនិយោគ ដើម្បីប្រមូលមូលនិធិ ឬសាច់ប្រាក់ពី វិនិយោគិនយកទៅវិនិយោគក្នុងគម្រោងដែលបានកំណត់ និងបែងចែកប្រាក់ចំណេញ ឬ អត្ថប្រយោជន៍ត្រឡប់មកវិនិយោគិនដែលបានចូលរួមវិញ។
ដើម្បីអាចដំណើរការអាជីវកម្មគម្រោងវិនិយោគរួម ចាំបាច់ត្រូវមានការចូលរួមពីតួអង្គសំខាន់ៗមួយ ចំនួនដែលមានជាអាទិ៍ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ (Fund Management Company) ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស (Trustee) ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សង (Distribution Company) និងក្រុមហ៊ុនអភិបាលមូលនិធិ (Fund Administrator)។
ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ គឺជាតួអង្គចម្បងដែលមានតួនាទីក្នុងការបង្កើតគ្រប់គ្រង និងចាត់ចែង មូលនិធិ ដើម្បីវិនិយោគក្នុងគម្រោងវិនិយោគណាមួយដែលមានការវិភាគច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈជំនាញ ដើម្បីទទួលបានប្រាក់ចំណេញជាអតិបរមាសម្រាប់មូលនិធិក្នុងកម្រិតហានិភ័យទទួលយកបាន។
ក្រុមហ៊ុនគ្រប់គ្រងមូលនិធិអាចបង្កើតមូលនិធិតាមរយៈការបោះផ្សាយលក់ឯកតាមូលនិធិទៅកាន់វិនិយោគិន ដើម្បីធ្វើការប្រមូលសាច់ប្រាក់មកធ្វើការវិនិយោគលើគម្រោងដែលបានទទួលការអនុញ្ញាតពី ន.ម.ក។ ការលក់ឯកតាមូលនិធិទៅកាន់វិនិយោគិនត្រូវធ្វើឡើងដោយក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សង។ ក្រៅពីតួនាទីជាអ្នកជួយលក់ឯកតាមូលនិធិ ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សងដែលជាអ្នកបើកគណនីជូនវិនិយោគិន ក៏មានតួនាទីក្នុងការទទួលទិញត្រឡប់មកវិញនូវឯកតាមូលនិធិ ដែលវិនិយោគិនចង់លក់ត្រឡប់ទៅឱ្យមូលនិធិវិញផងដែរ។
តម្លៃនៃឯកតាមូលនិធិ អាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតម្លៃនៃទ្រព្យសកម្មរបស់មូលនិធិ អាចមានការប្រែប្រួល ហើយក្រុមហ៊ុនអភិបាលមូលនិធិគឺជាក្រុមហ៊ុនដែលមានតួនាទីក្នុងការវាយតម្លៃទ្រព្យសកម្មសុទ្ធ និងកំណត់តម្លៃឯកតាមូលនិធិ ផ្ទេរកម្មសិទ្ធិនៃឯកតាមូលនិធិ និងគណនាទ្រព្យសម្បត្តិនៃបរធនវិនិយោគ។
រាល់សាច់ប្រាក់ដែលក្រុមហ៊ុនគ្រប់គ្រងមូលនិធិប្រមូលបានពីវិនិយោគិនតាមរយៈការបោះផ្សាយលក់ឯកតាមូលនិធិនេះនឹងមិនត្រូវបានរក្សាទុកដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្ទាល់នោះទេ ពោលគឺសាច់ប្រាក់ទាំងនោះនឹងត្រូវរក្សាទុកដោយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ដែលជាអ្នកតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិបរធនវិនិយោគដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ ន.ម.ក។
ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ត្រូវតែជាក្រុមហ៊ុនឯករាជ្យពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងត្រូវមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ និងតាមដានយ៉ាងសកម្ម ព្រមទាំងធានាថាប្រតិបត្តិការ និងការគ្រប់គ្រងគម្រោងវិនិយោគរួមរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិធ្វើឡើងដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
គួរបញ្ជាក់ផងដែរថាតួអង្គដូចដែលបានរៀបរាប់ខាងលើ ត្រូវតែជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ម.ក. ដែលជានិយ័តករនៃវិស័យមូលបត្រក្នុងប្រទេសកម្ពុជា។ គិតមកត្រឹមត្រីមាសទី ១ ឆ្នាំ ២០២១ នេះ ន.ម.ក. បាន ផ្ដល់អាជ្ញាបណ្ណ/ការអនុញ្ញាត ដល់ក្រុមហ៊ុនដូចខាងក្រោម។
សាធារណជនអាចស្វែងរកឈ្មោះក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ម.ក. តាមរយៈគេហទំព័ររបស់ ន.ម.ក. ឬ តាមរយៈ QR code ដូចមានភ្ជាប់មកជាមួយ៕
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជានាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ
អ៊ីមែល៖ intermediaries@secc.gov.kh
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១