មាន​ហេតុផល​ជាច្រើន​ដែល​យុវជន​គួរ​ចាប់​ផ្តើម​វិនិយោគ​នៅ​វ័យ​ក្មេង ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ឱកាស និង ជម្រើស​នៃ​ការ​វិនិយោគ ព្រម​ទាំង​មាន​ពេលវេលា​កែ​តម្រូវ​យុទ្ធសាស្រ្ត​ក្នុង​ការ​វិនិយោគ ដោយរៀន​ពី​ភាព​ជោគជ័យ​និង​បរាជ័យ​របស់​ខ្លួន ខណៈ​ពេល​ដែល​ពុំទាន់​មាន​បន្ទុក​ហិរញ្ញ​វត្ថុ​ត្រូវ​រ៉ាប់រង។

ឧទាហរណ៍៖ ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​វិនិយោគ​ក្នុង​អាយុ ២២ ឆ្នាំ ក្នុង​ទឹក​ប្រាក់​ចំនួន ១០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដោយទទួល​បាន​ប្រាក់​ចំណេញ ១០% ក្នុង​មួយ​ឆ្នាំ ដូចនេះ អ្នក​នឹង​មាន​ទឹក​ប្រាក់​ចំនួន ៧១០.៨១០,៨៣ ដុល្លារ​អាមេរិក​នៅពេល​អ្នក​ឈាន​ដល់​អាយុ ៦៥ ឆ្នាំ។ ទន្ទឹម​នឹង​នេះ ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​វិនិយោគ​នៅ​អាយុ ១៥ ឆ្នាំ អ្នក​នឹង​មាន​ទឹក​ប្រាក់​ចំនួន ១.៣៩៦.៦៩០,២៣ ដុល្លារ​អាមេរិក​ឬ​ជិត​ស្មើ​នឹង​ចំនួន​ពីរ​ដង​ ដែល​នេះ​គឺជា​ឥទ្ធិពល​នៃ​ការ​ប្រាក់​សមាស។

ជា​ការ​ពិត​ណាស់ មុន​នឹង​ចាប់​ផ្តើម​វិនិយោគ​ក្នុង​វិស័យ​មូលបត្រ យុវជន​នឹង​មាន​ចម្ងល់ ឬ​សំណួរ​ដូច​ខាង​ក្រោម៖

១). តើ​ត្រូវ​មាន​អាយុ​អប្បបរមា​ប៉ុន្មាន​ឆ្នាំ​ដើម្បី​អាច​ចាប់​ផ្តើម​ជួញដូរ​បាន?

នៅ​ប្រទេស​កម្ពុជា វិនិយោគិន​ដែល​មាន​អាយុ​ចាប់​ពី​១៥ឆ្នាំ ឡើង​ទៅ​និង​មាន​អត្តសញ្ញាណបណ្ណ (សម្រាប់​ជនជាតិ​ខ្មែរ) ឬ​លិខិត​ឆ្លងដែន​(សម្រាប់​ជន​បរទេស) អាច​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​និង​បើក​គណនី​ជួញដូរ​បាន។

២). តើ​ខ្ញុំ​គួរ​ចាប់​ផ្តើម​ជួញដូរ​នៅ​ពេល​ណា?

អ្នក​អាច​ចាប់​ផ្ដើម​វិនិយោគ​នៅពេល​ដែល​គិត​ថា​ខ្លួន​មាន​លទ្ធភាព​ហិរញ្ញ​វត្ថុ​គ្រប់គ្រាន់ មាន​ចំណេះដឹង និង​ជំនាញ​គ្រប់​គ្រាន់​ក្នុង​ការ​ជួញដូរ និង​អាច​រ៉ាប់រង​នូវ​ហានិភ័យ​នៃ​ការ​វិនិយោគ។ ការ​ចាប់ផ្តើម​បាន​លឿន និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន អាច​ធ្វើឱ្យ​អ្នក​គ្មាន​ភាព​តានតឹង​ផ្នែក​ហិរញ្ញ​វត្ថុ​នាពេល​អនាគត ដូច​សុភាសិត​មួយ​បាន​ពោល​ថា “គ្រា​ដ៏​ល្អបំផុត ដើម្បី​ដាំ​ដើមឈើ គឺ ២០ ឆ្នាំមុន និង​គ្រា​ចាប់​ផ្តើម​ដ៏​ល្អ​បំផុត​គឺ​នៅ​ពេល​នេះ”។

៣). តើ​ខ្ញុំ​ត្រូវ​បំពេញ​គុណវុឌ្ឍិ​អ្វីខ្លះ​ដើម្បី​អាច​ជួញដូរ​បាន?

ដើម្បី​អាច​ជួញដូរ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (ផមក) អ្នក​គ្រាន់​តែ​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​វិស័យ​មូលបត្រ អត្ថប្រយោជន៍ និងការ​គ្រប់គ្រង​ហានិភ័យ​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​វិនិយោគ​ដ៏​ត្រឹមត្រូវ តាម​រយៈការ​ចូលរួម​សិក្ខា​សាលា ឬ​វគ្គ​បណ្តុះបណ្តាល​នានា ដែល​រៀបចំ​ដោយ​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) ដើម្បី​ស្វែង​យល់​និង​បង្កើន​នូវ​ចំណេះដឹង​បន្ថែម​ពាក់​ព័ន្ធ​នឹង​វិស័យ​មូលបត្រ។

៤). តើ​ត្រូវ​មាន​ដើមទុន​អប្បបរមា​ចំនួន​ប៉ុន្មាន​ដើម្បី​អាច​ចាប់​ផ្ដើម​ជួញដូរ​បាន?

ផ្សារ​មូលបត្រ​កម្ពុជា (ផមក) មិន​កំណត់​ដើម​ទុន​អប្បបរមា​សម្រាប់​ការ​វិនិយោគ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​មាន​ទឹក​ប្រាក់​ស្មើ​នឹង​ថ្លៃ​មូលបត្រ បូក​រួម​ជាមួយ​កម្រៃ​ជើងសា ដែល​ត្រូវ​បង់​ទៅ​ក្រុមហ៊ុន​មូលបត្រ ត្រឹមតែ ០.៤៥-០.៤៧% ហើយ​កម្រៃ​ជើង​សា​នេះ នឹងត្រូវ​គិត​នៅ​ពេល​ដែល​បញ្ជា​របស់​លោក​អ្នក​ត្រូវ​បាន​ផ្គូរផ្គង​ជោគ​ជ័យ​តែ​ប៉ុណ្ណោះ។ ឯកតា​បញ្ជា​អប្បបរមា​នៃ​ភាគហ៊ុន និងសញ្ញា​បណ្ណ​នៅ ផមក គឺ​ត្រឹម​តែ ១ ភាគហ៊ុន ឬ ១ ឯកតា​សញ្ញា​បណ្ណ។

ឧទាហរណ៍៖ វិនិយោគិន​ទិញ​មូលបត្រ​កម្មសិទ្ធិ ឬ​ភាគហ៊ុន​របស់​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុង​តម្លៃ ២.០៥០ រៀល​នៅ​ថ្ងៃទី​២៨ ខែ​តុលា គ.ស.២០២៤ ដូច្នេះ​ ដើម្បី​អាច​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ខាង​លើ​បាន វិនិយោគិន​ត្រូវ​មាន​ទឹក​ប្រាក់ ២.១៤៥ រៀល។

៥). ហេតុអ្វី​យុវជន​គួរ​ចាប់​ផ្តើម​វិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន?

ក). ផ្តល់​ប្រភព​ចំណូល​អកម្ម​ប្រកប​ដោយ​ចីរភាព៖ អត្ថប្រយោជន៍​លេចធ្លោ​ក្នុង​ការ​វិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន គឺ​ការ​បង្កើត​ប្រភព​ចំណូល​អកម្ម​ដល់​វិនិយោគិន។ ចំណូលអកម្ម សម្តៅ​ដល់​ចំណូល ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ការងារ ឬ​ការ​វិនិយោគ​ផ្សេងៗ ដោយ​ប្រើ​កម្លាំង​ពលកម្ម​តិចតួច ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​អ្នក​អាច​មាន​ពេលវេលា ដើម្បីទៅ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត​បាន ខណៈ​ពេល​ដែល​ទទួល​បាន​ចំណូល​អកម្ម​បន្ថែម​នោះ។

ខ). ងាយស្រួល​ក្នុង​ការ​ចាប់ផ្តើម និង ត្រូវ​ការ​ដើម​ទុន​តិច៖ ជា​ការ​ពិត​ណាស់ យុវជន​មួយ​ចំនួន​តែង​យល់​ថា កត្តា​កង្វះ​ដើម​ទុន​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការ​ចាប់​ផ្តើម​វិនិយោគ ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​ការ​វិនិយោគ​ក្នុង​ទៅ​ផ្សារ​មូលបត្រ​នោះ​ទេ។

គ). យុវជន​ងាយ​ចាប់​បាន​នូវ​អ្វី​ថ្មី៖ ចំណុច​ខ្លាំង​របស់​យុវជន គឺ​ភាព​ឆាប់​ចាប់​បាន​និង​ហ៊ាន​សាកល្បង​អ្វី​ថ្មីៗ ជា​ជាង​ការ​ទុក​ប្រាក់​សន្សំ​ចោល យុវជន​គួរ​ចាប់​ផ្តើម​ប្រើប្រាស់​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​បង្កើន​នូវ​ប្រភព​ចំណូល​ដែល​អាច​ផ្តល់អត្រា​ចំណេញ​ខ្ពស់។

ឃ). យុវជន​អាច​មាន​ឱកាស​ទទួល​បាន​ជោគជ័យ​ខ្ពស់៖ យុវជន​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​រៀនសូត្រ​ពី​កំហុស​នៃការ​វិនិយោគ​កន្លងមក ដែល​អាច​ធ្វើឱ្យ​គេ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​វិនិយោគ​បន្ទាប់​បាន​ត្រឹមត្រូវ និង​ទទួល​បាន​ឱកាស​ចំណេញ​ខ្ពស់។

ង). ការ​ធ្វើ​ពិពិធកម្ម​វិនិយោគ៖ គឺជា​ការ​បែងចែក​ការ​វិនិយោគ ឬ​ការ​បែងចែក​សាច់ប្រាក់​ទៅ​លើ​ការ​វិនិយោគ​ផ្សេងៗ​គ្នា ដើម្បី​បង្កើន​ប្រាក់​ចំណូល​ជា​អតិបរមា និង​ការពារ​ហានិភ័យ។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិនិយោគ វិនិយោគិនគួរ​ធ្វើ​ពិពិធកម្ម​វិនិយោគ​លើ​ភាគហ៊ុន ដែល​ស្ថិត​ក្នុង​វិស័យ​ផ្សេង​គ្នា ឬ​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​បោះផ្សាយ ដែលមាន​ទំហំ​មូលធនូបនីយកម្ម​ទីផ្សារ​ខុសៗ​គ្នា ពីព្រោះ​ក្រុមហ៊ុន​តូច និង​ក្រុមហ៊ុន​ធំ​មាន​កម្រិត​ហានិភ័យ​និង​ផលចំណេញ​ខុសគ្នា ដូច្នេះ នៅ​ពេល​ថ្លៃ​ភាគហ៊ុន​មួយ​ធ្លាក់​ចុះ ភាគ​ហ៊ុន​ផ្សេង​ទៀត​អាច​នឹង​កើន​ឡើង។ ក្នុង​ន័យ​នេះ វិនិយោគិន​នៅ​តែ​អាច​ទទួល​បាន​ប្រាក់​ចំណេញ ឬ​ក៏​មិន​ធ្លាក់​ក្នុង​ស្ថានភាព ដែល​ពិបាក​ស្រោច​ស្រង់​វិញ​បាន។

ច). មាន​ទីផ្សារ​ដែល​អាច​ទិញ​លក់​ប្រចាំ​ថ្ងៃ និង​សន្ទនីយភាព​ខ្ពស់៖ ការ​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ មាន​លក្ខណៈ​ពិសេស​ជា​ជាង​ការ​វិនិយោគ​លើ​ទ្រព្យ​សកម្ម​ដទៃ ដោយ​ហេតុ​ថា​ទីផ្សារ​នេះ មាន​រចនា​សម្ព័ន្ធ​ពេញលេញ ដែល​អនុញ្ញាត​ឱ្យ​វិនិយោគិន​ទិញ-លក់ បាន​ជា​ប្រចាំ។ ក្នុង​ន័យ​នេះ វិនិយោគិន​នៅ​ក្នុង​ទីផ្សារ​មូលបត្រ ដែល​បាន​ទិញ​ភាគហ៊ុន ឬ​សញ្ញា​បណ្ណ​អាច​ធ្វើ​ការ​លក់​បាន​គ្រប់​ពេល​នៅ​ក្នុង​ទីផ្សារ ដើម្បី​ទទួល​បាន​សាច់ប្រាក់​មក​វិញ​នៅ​ពេល​ដែល​ពួកគេ​មាន​តម្រូវការ។

៥ ជំហាន​សម្រាប់​យុវវ័យ​ត្រូវ​ស្វែង​យល់ មុន​នឹង​ចាប់​ផ្តើម​វិនិយោគ៖

ក). សិក្សា និង​ស្វែង​យល់​បន្ថែម​អំពី​ការ​វិនិយោគ៖ ដើម្បី​ជួយ​អ្នក​ឱ្យ​យល់​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​វិនិយោគ​ក្នុង​ផ្សារ​មូលបត្រ អ្នក​គួរ​តែ​ព្យាយាម​តាម​ដាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យ​មូលបត្រ និង​អាច​សាកសួរ​ព័ត៌មាន​តាម​រយៈ ឈ្មួញ​ជើងសា​មូលបត្រ និង​ក្រុមហ៊ុន​ទីប្រឹក្សា​វិនិយោគ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី ន.ម.ក.។

ខ). ការ​កំណត់​គោលដៅ​នៃ​ការ​វិនិយោគ៖ វាជា​រឿង​សំខាន់​ដែល​ត្រូវ​ដឹង​ជា​មុន​អំពី​គោលដៅ​នៃ​ការ​វិនិយោគ។ តើអ្នកយក​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​ចំណេញ​នោះ ទៅ​ធ្វើអ្វី? ការ​កំណត់​គោលដៅ​ច្បាស់លាស់​នឹង​ជួយ​អ្នក​កំណត់​យុទ្ធសាស្ត្រ​វិនិយោគ​បាន​ត្រឹមត្រូវ។

គ). ការ​ជ្រើសរើស​ប្រភេទ​នៃ​ការ​វិនិយោគ៖ ជាមួយ​នឹង​ជម្រើស​ជាច្រើន អ្នក​គួរ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​វិនិយោគ​ដែល​មាន​សក្តានុពល អ្នក​ត្រូវ​ដឹង​ពី​ផលិតផល​ហិរញ្ញ​វត្ថុ​ដែល​ខ្លួន​ចង់​វិនិយោគ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ជ្រើសរើស​ប្រភេទ​នៃ​ការ​វិនិយោគ​ឱ្យ​ស្រប​នឹង​គោលដៅ, កម្រិត​ហានិភ័យ​ដែល​ទទួល​យក​បាន (Risk Tolerance) និង​ពេលវេលា​ដើម្បី​ទទួល​បាន​ផល​ត្រលប់​មក​វិញ​ជា​ទីគាប់ចិត្ត។

ឃ). ការ​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) និង​បើក​គណនី​ជួញដូរ​តាម​អនឡាញ៖ ដើម្បី​អាច​ចាប់​ផ្តើម​វិនិយោគ​នៅ​ផ្សារ​មូលបត្រ​បាន​វិនិយោគិន​ត្រូវ​មាន​លេខ​អត្តសញ្ញាណ​វិនិយោគិន​និង​បើក​គណនី​ជួញដូរ​មូលបត្រ ជាមួយ​ក្រុមហ៊ុន​មូលបត្រ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី ន.ម.ក. ​ឬ​បើក​គណនី​ជួញដូរ​តាម​អនឡាញ តាម​រយៈតំណ​ភ្ជាប់ https://id.serc.gov.kh/kh

ង). ការ​វិនិយោគ​លើ​ផលិតផល​ហិរញ​វត្ថុ ដែល​អ្នក​បាន​ជ្រើសរើស៖ ចាប់​ផ្តើម​អនុវត្ត​ផែនការ​វិនិយោគ អ្នកត្រូវ​ចាំ​ថា ការ​វិនិយោគ​ដែល​ទទួល​បាន​ជោគជ័យ​ទាមទារ​នូវ​ទស្សន​វិស័យ​រយៈពេល​វែង, វិន័យ​និង​ការ​អត់ធ្មត់។

***អត្ថបទនេះ ត្រូវ​បាន​ចងក្រង​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​អប់រំ​តែ​ប៉ុណ្ណោះ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​អនុសាសន៍​ ​ឬ​​ដំបូន្មាន​ក្នុង​ការ​វិនិយោគ​នោះ​ទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​ការ​ខូចខាតណា​មួយ​នោះ​ឡើយ។

ឯកសារយោង៖  - https://www.investopedia.com/investing-for-teens-7111843#toc-5-steps-to-start-investing-as-a-teen
https://csx.com.kh/news/faq/listPosts.do?MNCD=7060#sec1_1

រៀបចំដោយ៖ និយ័តករ​មូលបត្រ​កម្ពុជា

នាយកដ្ឋាន​ស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍​ទីផ្សារ​មូលបត្រ និង​ទំនាក់ទំនង​អន្តរជាតិ

អ៊ីមែល៖ edu@serc.gov.kh 
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១