ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនធំជាងគេបង្អស់លើពិភពលោកក្នុង​ការជួញដូរទំនិញអនឡាញ ដែលកំពុងត្រួតត្រាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក និងត្រូវបានបង្កើតឡើងដោយលោក Jeff Bezos ក្នុងឆ្នាំ១៩៩៤ ក្នុងរូបភាពជាអាជីវកម្មលក់សៀវភៅតាមប្រព័ន្ធអ៊ីនធឺណេតតែប៉ុណ្ណោះ ប៉ុន្តែអាជីវកម្មនេះ ត្រូវបានដំណើរការយ៉ាងលឿន ព្រោះអតិថិជនអាចស្វែងរកសៀវភៅបាន ដោយគ្មានដែនកំណត់នៅក្នុងគេហទំព័ររបស់ Amazon ដែលមានតម្លៃសមរម្យ និងសេវាកម្មដឹកជញ្ជូនឆាប់រហ័ស។ 

ក្រុមហ៊ុននេះ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៧ ចំនួន ៣,០០០,០០០ ភាគហ៊ុន ដោយក្នុងមួយភាគហ៊ុនមានតម្លៃ ១៨ ដុល្លារអាម៉េរិក និងបានប្រមូលសាច់ប្រាក់ពីទីផ្សារចំនួន ៥៤លានដុល្លារអាម៉េរិក។ 

គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Amazon មានតម្លៃ​មួយភាគហ៊ុនកើនដល់ ២២៣.២៩ ដុល្លារអាម៉េរិក ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឡើងដល់ ២ ទ្រីលានដុល្លារអាម៉េរិក ជាលើកដំបូង ដោយសារតែពេលថ្មីៗនេះ ក្រុមវិនិយោគិនបានសម្រុកបណ្ដាក់ទុនលើភាគហ៊ុនបច្ចេកវិទ្យាកាន់តែខ្លាំង ស្របពេលបញ្ញាសិប្បនិមិត្តឈានដល់កម្រិតខ្ពស់បំផុត។

មូលហេតុដែលក្រុមហ៊ុន Amazon សម្រេចចិត្តឈានជើងចូលទីផ្សារ និងមានភាពជោគជ័យនៅក្នុង IPO ក្រុមហ៊ុន Amazon បានសម្រេចចិត្តធ្វើ IPO ដើម្បីបង្កើនដើមទុនសម្រាប់ពង្រឹង និងពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួន។ 

ការធ្វើ IPO  នេះ បានធ្វើឱ្យក្រុមហ៊ុនមានសិទ្ធិចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុ និងបានធ្វើការប្រមូលសាច់ប្រាក់ពីវិនិយោគិនជាសាធារណៈ ហើយបានប្រើប្រាស់សាច់ប្រាក់ដែលប្រមូលបាននេះ មកវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងផ្នែកផ្សេងៗទៀត ដែលមានសារៈសំខាន់សម្រាប់អភិវឌ្ឍក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 

សរុបមកការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងជំរុញផែនការមហិច្ឆតារបស់ក្រុមហ៊ុន Amazon និងពង្រឹងជំហររបស់ខ្លួនន

ក្នុងទីផ្សារឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងការពង្រីកការផ្តល់សេវាកម្មលើផ្នែកបចេ្ចកវិទ្យាសំខាន់ៗ ដូចជា៖

១. ​ពាណិជ្ជកម្មអេឡិចត្រូនិក៖ អាជីវកម្មដំបូងគេរបស់ក្រុមហ៊ុន Amazon គឺការលក់សៀវភៅតាមអនឡាញ។

​២. គេហទំព័រ Amazon (Amazon Web Services -AWS)៖ ដើរតួជាប្រព័ន្ធរក្សាទិន្នន័យ (Cloud Computing) សម្រាប់គ្រប់គ្រងអាជីវកម្ម និងការប្រើប្រាស់ផ្ទាល់ខ្លួន។

៣.​​ គ្រឿងអេឡិចត្រូនិក៖ បង្កើតឧបករណ៍អានសៀវភៅអេឡិចត្រូនិក ដូចជា Kindle និង Fire Tablets ជាដើម។

៤. ប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្ត៖ ផ្តល់សេវាកម្មដូចជា Amazon Prime Video និងMetro-Goldwyn-Mayer (MGM) Studios ជាដើម។ 

៥. សេវាកម្មផ្នែកដឹកជញ្ជូន៖ ផ្តល់សេវាកម្មបញ្ជាទិញ, ដឹកជញ្ជូនរហ័ស និងទាន់ពេលវេលា។

៦. បញ្ញាសិប្បនិម្មិត(Artificial Intelligence-AI) និងការរៀនតាមប្រព័ន្ធម៉ាស៊ីន (Machine Learning)។

ភាពជោគជ័យរបស់ក្រុមហ៊ុន Amazon នៅអំឡុងកូវីដ១៩

ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ក្រុមហ៊ុន Amazon មិនបានទទួលរងផលប៉ះពាល់អ្វីឡើយ ផ្ទុយមកវិញក្រុមហ៊ុន Amazon បានទទួលការកើនឡើងនៃប្រាក់ចំណេញជិត ២០០ភាគរយ ដោយសារ តែការបិទខ្ទប់នៃហាងខាងក្រៅ និងបង្កើតឱកាសសម្រាប់ហាងអនឡាញក្នុងការជួញដូរ។ 

ម៉្យាងវិញទៀត ក្រុមហ៊ុន Amazon មិនត្រឹមតែមានកើនឡើងក្នុងប្រាក់ចំណូលនោះទេ តែក៏ធ្វើឱ្យក្រុមហ៊ុននេះពង្រីកហេដ្ឋារចនាសម្ព័ន្ធចំនួន ៥០ ភាគរយ ក្នុងឆ្នាំ ២០២០ និងបន្ថែមបុគ្គលិកជាង ២៥០,០០០ នាក់ ដែលមានចំនួនសរុប ១លាននាក់។

ហេតុអ្វីបានជាក្រុមហ៊ុន Amazon មានភាពរីកចម្រើនបែបនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក?

ក្រុមហ៊ុន Amazon មានភាពរីកចម្រើនក្នុងការផ្តល់សេវាកម្ម ព្រោះក្រុមហ៊ុននេះ បានផ្តោតទៅលើគោលការណ៍សំខាន់ៗចំនួន ៤ ដូចជា៖

១.ការគិតគូរដល់អតិថិជន ច្រើនជាងផ្តោតទៅលើដៃគូប្រកួតប្រជែង៖​ ក្រុមហ៊ុន Amazon គឺផ្តល់អាទិភាពលើតម្រូវការរបស់អតិថិជន និងផ្តល់ជូននូវភាពសម្បូរបែប ដែលបានបង្កើននូវភាពងាយស្រួល និងទំនុកចិត្តដល់អតិថិជន។

២.មហិច្ឆិតាក្នុងការច្នៃប្រឌិត៖ ក្រុមហ៊ុន Amazon ​បាន​បង្កើនការច្នៃប្រឌិត​អាជីវកម្ម​​គ្រប់ប្រភេទ​របស់​ខ្លួនឱ្យស្របទៅតាម​ចំណង់​ចំណូល​ចិត្តរបស់អតិថិជន​ទាំង​អស់​ តាមរយៈការបង្កើតផលិតផល និងសេវាកម្មថ្មីៗដែលលើសពីការរំពឹងទុករបស់អតិថិជន ដើម្បីធ្វើឱ្យជីវិត និងអាជីវកម្មរបស់អតិថិជនកាន់តែមានភាពប្រសើរឡើង។ 

ឧទាហរណ៍៖ ការផលិតនូវឧបករណ៍បញ្ចេញសម្លេង(Echo) របស់ក្រុមហ៊ុន Amazon ត្រូវបានលក់ចេញចំនួន ២២លានគ្រឿង ក្នុងឆ្នាំ២០១៧ និងការប្រើប្រាស់មនុស្សយន្តដើម្បីធ្វើការ ជំនួសពលកម្មរបស់មនុស្ស ដែលធ្វើឱ្យមានការភាពល្អប្រសើរក្នុងការបម្រើសេវាកម្មទៅកាន់អតិថិជន។

៣.ការប្តេជ្ញាចិត្តគាំទ្រប្រតិបត្តិការ៖ ក្រុមហ៊ុន Amazon ខិតខំគាំទ្រសង្វាក់ផលិតកម្មការងារឱ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ ទាំងបុគ្គលិកផ្ទៃក្នុងរបស់ខ្លួន និងដៃគូសេវាកម្មដឹកជញ្ជូន។ 

៤.ទស្សនវិស័យ និងចក្ខុវិស័យវែងឆ្ងាយ៖ ក្រុមហ៊ុន​ Amazon មានគម្រោងរៀបចំផែនការសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុរឹងមាំ ប្រកបដោយនិរន្តរភាព ព្រោះក្រុមហ៊ុន Amazon ជឿជាក់ថា ភាពជោគជ័យ និងភាពរីកចម្រើនទៅបាន តាមរយៈការបង្កើនទំនួលខុសត្រូវខ្ពស់ទៅកាន់អតិថិជន។

ក្រុមហ៊ុន Amazon គឺ​ជា​ក្រុមហ៊ុនមួយ​ ដែលផ្តោតសំខាន់ទៅលើ​អតិថិជន និងមាននិយោជកល្អ​ និងជាក្រុមហ៊ុនដែលមានកន្លែងធ្វើការដែលមានសុវត្ថិភាពបំផុត។

រៀបចំដោយ៖    និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ edu@serc.gov.kh    
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១