ការ​ឆបោក​តាម​បែប​ពីរ៉ាមីត មិនមែន​ជា​រឿង​ថ្មី​សម្រាប់​ពិភព​លោក និង​ប្រទេស​កម្ពុជា​នោះ​ទេ។ ការ​ឆបោកក្នុង​រូបភាព​បែប​នេះ បាន​កើត​ឡើង​តាំង​ពី គ.ស.១៨០០ នៅ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ជាច្រើនទៀត​ក្នុង​សកល​លោក ជាមួយ​នឹង​លក្ខណៈ​ខុសគ្នា​តិចតួច​តាម​ស្ថានភាព​នៃ​ប្រទេសនី​មួយៗ។

ជនទុច្ចរិតបាន​បង្កើន​សមត្ថភាព​បោក​ប្រាស់ ដោយ​ប្រើប្រាស់​នូវ​ភាព​រីកចម្រើន​នៃ​បច្ចេក​វិទ្យា ព្រម​ទាំង​ភាព​រហ័ស​នៃប្រតិបតិ្តការ​ទូទាត់​ប្រាក់​ក្នុង​វិស័យ​ធនាគារ ដំណើរការ​គម្រោង​ឆបោក​តាម​បែប​ពីរ៉ាមីត​ដោយ​ផ្ទាល់ និងតាម​អនឡាញ ក្នុង​លក្ខណៈ​ស្ងៀមស្ងាត់​លាក់​កំបាំង​ពី​ការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ប៉ុន្តែទំហំ​សាច់​ប្រាក់​នៃ​ការ​ឆបោក និង​ចំនួន​នៃ​ជន​រងគ្រោះ មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស និង​ពិបាក​ទប់​ស្កាត់ ហើយ​អន្តរាគមន៍ និង​ការ​ចាត់​វិធានការ​ផ្សេងៗ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ភាគច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុងអំឡុង​ពេល​ដែល​គម្រោង​ពីរ៉ាមីត​ជិត​នឹង​ដួល​រលំ ឬ​ក្រោយ​ការ​ដួល​រលំ​ហើយ ពោល គឺ​មិន​អាច​ចាត់​វិធានការ​បង្ការ ឬ​ទប់​ស្កាត់​បាន​ទាន់ពេល​វេលានោះ​ទេ (មុនពេល​មាន​ជនរងគ្រោះ)។

គម្រោងវិនិយោគ ឬ​អាជីវកម្ម​ឆបោក​តាម​បែប​ពីរ៉ាមីត គឺ​ការ​អូស​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​ដាក់ប្រាក់ ដោយ​សន្យា​ផ្ដល់​ផល​ចំណេញ ឬ​ការ​ប្រាក់​ខ្ពស់ ជាទូទៅ គឺ​ខ្ពស់​លើស​ច្រើន​ពី​អត្រា​ការប្រាក់​ក្នុង​ទីផ្សារ ហើយ​មិនបាន​យក​ប្រាក់​ដែល​ប្រមូល​បាន​ទាំង​នោះ​ទៅ​វិនិយោគ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​យក​ប្រាក់​ទទួល​បាន​ពីសមាជិក​ថ្មី​មក​ឱ្យ​អ្នក​វិនិយោគ ឬ​ដាក់​ប្រាក់​មុន ដោយ​អះអាង​ថា​ជា​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ ឬ​ការប្រាក់​ពី​កម្ចី​ដែល​បាន​ដាក់​ក្នុង​គម្រោង​វិនិយោគ ហើយក៏មានការផ្សព្វផ្សាយពីការផ្តល់ប្រាក់រង្វាន់សម្រាប់ការកៀរគរប្រមូលអ្នកវិនិយោគផ្សេងទៀតមកជ្រកក្រោមកញ្ចប់វិនិយោគ ឬខ្សែវិនិយោគ ក្លាយជាកូនក្រុម ឬសមាជិករបស់ខ្លួនផងដែរ។

ការធ្វើបែបនេះជាការផ្តល់ភាពទាក់ទាញ និងបង្កើនទំនុកសម្រាប់អ្នកវិនិយោគកាន់តែខ្លាំង។ អ្នកវិនិយោគខ្លះបានស្វែងរកប្រាក់មកដាក់បន្ថែម តាមរយៈការលក់ទ្រព្យសម្បតិ្ត ឬកម្ចីពីធនាគារ ក្រុមគ្រួសារ និងមិត្តភកិ្ត ព្រមទាំងកៀរគរអ្នកផ្សេងទៀតឱ្យមកដាក់ប្រាក់កាន់តែច្រើន ជាថ្នូរដើ​ម្បី​ទទួលបានចំណេញបន្ថែមទៀត ហើយសមាជិកថ្មីចាប់ផ្តើមអនុវត្តសកម្មភាពតាមលំនាំរបស់សមាជិកមុនៗ។

ដើម្បីដំណើរការសកម្មភាពគម្រោងវិនិយោគ ឬអាជីវកម្មដែលឆបោកតាមបែបពីរ៉ាមីតនេះ ក្រុមហ៊ុ​ន​ ឬបុគ្គលធ្វើការទាក់ទាញអ្ន​ក​វិនិយោគឱ្យមកដាក់ប្រាក់ជ្រកក្រោមរូបភាពជាការវិនិយោគ ដោយអះអាងថា គម្រោ​ង​វិនិយោគ ឬអាជីវកម្មរប​ស់​ពួ​កគេមានគឺគ្មានហានិភ័យ ឬហានិភ័យតិចតួច និងផ្ដល់ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ ថាមានឯកសារប​ញ្ជាក់ភាពស្របច្បាប់ និងឆ្លើយតបបានគ្រប់សំណួរ ព្រមទាំងរៀបចំកម្មវិធីផ្ស​ព្វ​ផ្សា​យលក្ខណៈធំៗនៅកន្លែ​ងលំដាប់ខ្ពស់ ដែលផ្សព្វផ្សាយព័ត៌មានជាសាធារណៈ និងកម្មវិធីសង្គម ដូចជាកម្មវិធីសប្បុរសធម៌។

ជាមួ​យ​គ្នានេះផងដែរ សាធារណជន និងអ្នកវិនិយោគអាចកត់សម្គា​ស់​​អំពីចរិតលក្ខណៈនៃគម្រោ​ង​វិនិយោគ ឬអាជីវកម្មដែលឆបោកតាមបែបពីរ៉ាមីត ដូចខាងក្រោម៖

  • ដោយសន្យាផ្ដល់ចំណេញងាយស្រួល និងលើសខុសពីទីផ្សារច្រើន ដើម្បីបង្កើតចិត្តលោភលន់ឱ្យអ្នកវិនិយោគ ដូចនេះ កុំឱ្យចាញ់បោកគេ សូមប្រុងប្រយ័ត្នចំពោះចិត្តលោភលន់ខ្លួនឯង
  • គម្រោងវិនិយោគ ឬអាជីវកម្មមិនចុះបញ្ជី ឬគ្មានអាជ្ញាបណ្ណត្រឹមត្រូវតាមផ្លូវច្បាប់
  • គម្រោងវិនិយោគមិនតម្លាភាព មិនបង្ហាញឯកសារពាក់ព័ន្ធនឹងការវិនិយោគ ឬរចនាសម្ព័ន្ធពាក់ព័​ន្ធ​​នឹងការវិនិយោគ ដោយព្យាយាមលាក់បាំងអ្នកវិនិយោគឱ្យដឹងថា តើលុយដែលបានដាក់នោះយកទៅវិនិយោ​គលើអ្វីឱ្យពិតប្រាកដ ដោយលើកឡើងថាជាការសម្ងាត់ ឬការវិនិយោគមានភាពស្មុគស្មា​ញ​​​​ខ្លាំងពិបាកពន្យល់
  • គម្រោងវិនិយោគ ឬអាជីវកម្មដែលតម្រូវឱ្យបង់លុយដើម្បីចូលជាសមាជិក ឬកូនក្រុមបន្ដគ្នា
  • មានការដាក់សម្ពាធពេលវេលា ដោយបញ្ជាក់ថា បើមិនចូលរួមឥឡូវនេះទេ អ្នកនឹងបាត់បង់ឱកាសដែលមានតែម្ដងនេះ ក្នុងមួយជីវិតដើម្បីក្លាយទៅជាអ្នកមានមិនខាន។

ឧទាហរណ៍៖ ក្រុមហ៊ុន AAA បានផ្សព្វផ្សាយឱ្យសាធារណជនដាក់ប្រាក់ជាមួយក្រុមហ៊ុន ដើម្បីយ​ក​ទៅវិនិយោគលើទីផ្សារមូលបត្រហុងកុង ដោយសន្យាឱ្យប្រាក់ចំណេញ ១០ ភាគរយ ក្នុង ១ ខែ អ្ន​ក​វិនិយោគដា​ក់ប្រាក់ចំនួន ១.០០០ ដុល្លារអាម៉េរិក នឹងទទួលបាន ១០០ ដុល្លារអារម៉េរិក ក្នុង១ ខែ។ ក្រុមហ៊ុន AAA បា​​​នរៀបចំវិធីសាស្ដ្រសម្រាប់ទាក់ទាញសាធារណជន ឬអ្នកវិនិយោគឱ្យដា​ក់​ប្រាក់បន្ថែម ដោ​​យ​ណែនាំឱ្យអ្នកវិនិយោ​គស្វែងរកសមាជិកថ្មី ឬកូនក្រុមបន្ដគ្នា ក្រុមហ៊ុននឹងផ្តល់នូវអត្ថប្រយោ​ជ​ន៍នៃការណែនាំចំនួន ១០ ភាគរយ នៃប្រាក់ដែលអ្នកសមាជិកថ្មី ឬកូនក្រុមបានដាក់។ បុគ្គល A បានណែនាំមិត្តភ័ក្ដចូលរួមដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុ​ន AAA ចំនួន ១០០.០០០ ដុល្លារអាម៉េរិក បុគ្គល A នឹងផ្ដល់ប្រាក់ចំនួន ១០.០០០ ដុល្លា​រ​​អាម៉េរិក ពីក្រុមហ៊ុនសម្រាប់អត្ថប្រយោជន៍នៃការណែនាំនេះ។

មិនខុសពីប្រទេសដទៃទៀតនោះទេ ប្រទេសកម្ពុជាក៏ជាប្រទេសដែលស្ថិតក្រោមហានិភ័យខ្ពស់នៃភាពងាយរងគ្រោះពីការឆបោកតាមបែបពីរ៉ាមីតនេះ។ ជាមួយនឹងភាពរីកចម្រើននៃវិស័យមូលបត្រ ក៏មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសឆបោក​​​​​ប្រ​ជាពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគក្នុងរូបភាពនៃការវិនិយោគលើវិស័យមូលបត្រជាដើម។

ជាក់ស្តែង ​សកម្ម​ភា​​​​​​​ព​​នៃ​កា​​រ​ផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ ការដើរកៀរគរ និងការរៀ​ប​​​ចំ​សិក្ខា​សាលា​នានា​ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើ​ម្បី​ទាក់​​ទា​​ញ​ឱ្យ​សា​​​ធារណជនឱ្យចូលរួមវិនិយោគ ហើយសន្យាផ្តល់​ដ​ល់​អ្នក​វិ​និ​​យោគទាំង​នោះវិញនូវផលកម្រៃ​ហិ​រ​ញ្ញ​វត្ថុ ឬ​ផល​កម្រៃផ្សេងៗក្នុងអត្រាខ្ពស់ហួសហេតុ ដើម្បីទាក់ទាញឱ្យចូលរួមវិនិយោគ​ ប៉ុន្តែជាក់ស្តែង មិនបានយកទៅវិនិយោគលើគម្រោង វិនិយោគណាមួយឡើយ។

លើសពីនេះទៀត ដោយសារការរីក​​​ច​ម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួ​ល ហេតុនេះ មានឧក្រិដ្ឋជ​ន​​​មួយចំនួនបានបង្កើតក្រុមតេឡេក្រាមក្លែងបន្លំ គណនីថ្នាក់ដឹ​កនាំជាន់ខ្ពស់ ឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ​​ក្នុង ​​វិស័យមូលបត្រ ដើម្បី​​​ឱ្យប្រជាពលរដ្ឋចាញ់បោក និងជ្រុលខ្លួនក្លាយជាជនរងគ្រោះដាក់ប្រាក់វិនិយោគ ​​​​ផងដែរ។ 

វិធីសាស្ដ្រដើម្បីចៀសផុតពីការចាញ់បោកគម្រោងវិនិយោគ ឬអាជីវកម្មឆបោកតាមបែបពីរ៉ាមីត សូមសាធារណជន និងអ្នកវិនិយោគទាំងអស់គួរអនុវត្ត មុននឹងសម្រេចចិត្តធ្វើការវិនិយោគជាមួយគម្រោង ឬអាជីវកម្មណាមួយ ដូចខាងក្រោម

១.ស្រាវជ្រាវអំពីប្រវត្តិក្រុមហ៊ុន ឬបុគ្គលណាមួយឱ្យបានច្បាស់លាស់

២.ព្យាយាមសាកសួរព័ត៌មានឱ្យបានលម្អិតពីក្រុមហ៊ុន (ផែនការអាជីវកម្ម និង/ឬផែនការវិនិយោគ)

៣.សាកសួរព័ត៌មានពីអាជ្ញាធរ/និយ័តករ ថាតើក្រុមហ៊ុននោះទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាត​ដែរ ឬទេ? ផលិតផលដែលដាក់លក់ដើម្បីប្រមូលប្រាក់នោះ មានចុះបញ្ជីស្របច្បាប់ដែរ ឬទេ?

៤.តាមដានព័ត៌មានថ្មីៗ និងបង្កើនចំណេះដឹងតាមរយៈចូលរួមកម្មវិធីផ្សេងៗ ដូចជា សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល ជាដើម។

៥.គម្រោងវិនិយោគដោយសន្យាផ្ដល់ចំណេញងាយស្រួល និងលើសខុសពីទីផ្សារច្រើន ដើ​ម្បី​បង្កើតចិត្តលោភលន់ឱ្យអ្នកវិនិយោគ

ដូចនេះ សូមប្រុងប្រយ័ត្នចំពោះការវិនិយោគដែលធានាប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី។

សូមសាធារណជន និងអ្នកវិនិយោគ ស្ដេន QR Code ដូចមានភ្ជាប់មកជាមួយ ដើម្បីទទួលបាននូវវីដេអូស្ដីពី “ការឆបោកតាមបែបផន់ហ្ស៊ី (Ponzi Schemes) និងបែបពីរ៉ាមីត” និងស្នើសុំកិច្ចសហការជួយផ្សព្វផ្សាយបន្ដដល់សាច់ញាតិ បងប្អូន និងមិត្តភ័ក្ដ ឱ្យចៀសសផុតពីការឆបោកក្នុងគម្រោងពីរ៉ាមីតនេះ។ 

សូមស្កេន QR Code ដើម្បីទទួលបាននូវវីដេអូស្ដីពី “ការឆបោកតាមបែបផន់ហ្ស៊ី និងពីរ៉ាមីត”

រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា, នាយកដ្ឋានកិច្ចការគតិយុត្ត

អ៊ីមែល៖ legal@serc.gov.kh 

ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១