១. អ្វីទៅជាយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង?
ជាទូទៅយុទ្ធសាស្រ្តវិនិយោគរយៈពេលវែងផ្តោតទៅលើការកាន់កាប់មូលបត្រសម្រាប់រយៈពេលវែងជាង ៥ ឆ្នាំ ជាមួយនឹងគោលដៅរយៈពេលវែង ដូចជា ការចូលនិវត្តន៍ ជាដើម។ ជាងនេះទៅទៀត វិនិយោគិនរយៈពេលវែងផ្ដល់តម្លៃលើការវិភាគជាមូលដ្ឋាន និងគ្រោងទុកការវិនិយោគសម្រាប់រយៈពេលវែងជាជាងសកម្មភាពទីផ្សារ ដែលមាន រយៈពេលខ្លី យុទ្ធសាស្រ្តនេះ វិនិយោគិនត្រូវស្វែងរកអាជីវកម្ម ដែលមានមូលដ្ឋានគ្រឹះរឹងមាំ និងមានសក្តានុពលក្នុងការរីកចម្រើន។
២. ថេរវេលាសម្រាប់ការកាន់កាប់ភាគហ៊ុនដែលមានរយៈពេលវែង
នៅក្នុងន័យយុទ្ធសាស្ត្រវិនិយោគ ថេរវេលាសម្រាប់ការកាន់កាប់ភាគហ៊ុន ដែលមានរយៈពេលវែង ជាទូទៅកាន់កាប់យ៉ាងតិចបំផុតរយៈពេល ៥ ឆ្នាំ។ ក្នុងអំឡុងពេលកាន់កាប់ភាគហ៊ុន អាចធ្វើឱ្យវិនិយោគិនចេះកំណត់ពីការប្រែប្រួលទីផ្សារ និងទាញយកអត្ថប្រយោជន៍ពីនិន្នាការកំណើនរយៈពេលវែង ដែលផ្សារភ្ជាប់នឹងគោលដៅហិរញ្ញវត្ថុ រយៈពេលវែងជាច្រើនទៀតផងដែរ។ លើសពីនេះទៅទៀត ការកាន់កាប់ភាគហ៊ុនរយៈពេលវែងផ្តល់អាទិភាពលើតម្លៃ និងកំណើនសក្ដានុពល ជាជាងការប្រែប្រួលតម្លៃតាមរដូវកាល (seasonal fluctuation) នៅក្នុងទីផ្សារ។
៣. តើអ្វីទៅជាការវិនិយោគអកម្ម?
ការវិនិយោគអកម្ម គឺជាយុទ្ធសាស្រ្តវិនិយោគរយៈពេលវែង រួមមាន ការទិញ និងកាន់កាប់កញ្ចប់មូលបត្រ ជាមួយនឹងគោលដៅទទួលបានប្រាក់ចំណេញ។
ឧទាហរណ៍៖ នៅពេលដែលវិនិយោគិន ទិញភាគហ៊ុន ដោយសង្ឃឹមថានឹងទទួលបានប្រាក់ចំណេញ ឬភាគលាភពីក្រុមហ៊ុន និងតម្លៃភាគហ៊ុននឹងឡើងថ្លៃ (ចំណេញមូលធន)។ បន្ថែមពីនេះ ការវិនិយោគអកម្មអាចទទួលបានផលចំណេញច្រើន ប្រសិនបើវិនិយោគិនធ្វើការសម្រេចចិត្តវិនិយោគបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលតម្លៃរយៈពេលវែងក៏នាំឱ្យមានហានិភ័យដល់វិនិយោគិន ផងដែរ ។ ដូច្នេះ ដើម្បីចៀសវាងពីហានិភ័យនេះ វិនិយោគិនគួរតែជ្រើសរើសវិធីសាស្រ្តការធ្វើពិពិធកម្មផលបត្រ។
៤. តើអ្វីទៅជាការវិនិយោគសកម្ម?
ការវិនិយោគសកម្ម គឺខុសពីការវិនិយោគអកម្មត្រង់រយៈពេលនៃការវិនិយោគ។ ការវិនិយោគសកម្ម ផ្តោតទៅលើការវិនិយោគរយៈពេលខ្លី ដែលសំដៅទៅលើសកម្មភាពមួយចំនួន ដែលវិនិយោគិនទិញ-លក់ ឬជួញដូរជាប្រចាំនៅក្នុងទីផ្សារ ហើយពួកគេអាចទទួលបានប្រាក់ចំណេញពីការប្រែប្រួលតម្លៃនៅក្នុងទីផ្សារ។ លើសពីនេះ ការវិនិយោគសកម្មអាចទទួលបានផលចំណេញច្រើន នៅពេលដែលតម្លៃទីផ្សារកើនឡើង ក្នុងរយៈពេលខ្លីណាមួយ។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគសកម្មមួយនេះ ក៏អាចនាំឱ្យមានហានិភ័យដល់វិនិយោគិនផងដែរ ប្រសិនបើវិនិយោគិនមានការធ្វេសប្រហែសណាមួយក្នុងអំឡុងពេលវិនិយោគ។
៥. អត្ថប្រយោជន៍នៃយុទ្ធសាស្រ្តវិនិយោគរយៈពេលវែង
៥.១. ផលចំណេញរយៈពេលវែង
ការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា វិនិយោគិនរយៈពេលវែងជាធម្មតាទទួលបានផលចំណេញខ្ពស់ជាងវិនិយោគិនរយៈពេលខ្លី។ វិនិយោគិនរយៈពេលវែង អាចទទួលបានអត្ថប្រយោជន៍ពីការចំណេញ កាន់តែច្រើនទៅតាមពេលវេលា ដោយចាប់យកនិន្នាការនៃការកើនឡើងទាំងមូលនៅក្នុងទីផ្សារ ជាមួយនឹងការកាន់កាប់ផលបត្រវិនិយោគរបស់ពួកគេ។ ជាងនេះទៅទៀត ការជួញដូរទៀងទាត់ ជាញឹកញាប់តែងតែផ្តល់ផលចំណេញទាប ដោយសារការចំណាយលើសេវាកម្រៃជើងសា និងការសម្រចចិត្តឆាប់ពេក។ ផ្ទុយទៅវិញ យុទ្ធសាស្ត្ររយៈពេលវែងផ្តល់អាទិភាពទៅលើកំណើនដែលមានស្ថិរភាព។
៥.២. ការវិនិយោគអាចកើនឡើងបើទោះបីជាមានបម្រែបម្រួលទីផ្សារក៏ដោយ
វិនិយោគិនរយៈពេលវែង ត្រូវបានរងផលប៉ះពាល់តិចតួចបំផុតពីការប្រែប្រួលទីផ្សារបណ្តោះអាសន្ន។ វិនិយោគិនរយៈពេលវែងអាចស៊ូទ្រាំនឹងការធ្លាក់ចុះរបស់ទីផ្សារដោយមិនមានការខាតបង់ការវិនិយោគរបស់ពួកគេ និងអាចធ្វើឱ្យការវិនិយោគរបស់ពួកគេរីកចម្រើន នៅពេលដែលស្ថានភាពទីផ្សារមានភាពប្រសើរឡើង។ ទស្សនៈវិស័យក្នុងការវិនិយោគរយៈពេលវែង អាចធ្វើឱ្យវិនិយោគិនយកចិត្តទុកដាក់ផ្ដោតទៅលើតម្លៃមូលដ្ឋាននៃការកាន់កាប់របស់ពួកគេជាជាងការប្រែប្រួលថ្លៃប្រចាំថ្ងៃ។
៥.៣. ភាគលាភសមាស
ជាទូទៅ វិធីសាស្រ្តវិនិយោគរយៈពេលវែង គឺការទិញភាគហ៊ុន ដើម្បីទទួលបានភាគលាភ។ ភាគលាភសមាស គឺជាដំណើរការនៃការវិនិយោគឡើងវិញនូវភាគលាភដែលទទួលបាន ដូចនេះ ផលចំណេញដែលទទួលបាន និងកកើតជាបន្តបន្ទាប់ ដែលធ្វើឱ្យកំណើននៃទ្រព្យសម្បត្តិរបស់វិនិយោគិនមានការកើនឡើង។
៥.៤. ការចំណាយដ៏មានប្រសិទ្ធភាព
ជាទូទៅ ការវិនិយោគរយៈពេលវែង ត្រូវចំណាយថ្លៃប្រតិបត្តិការទាបជាងការជួញដូរធម្មតា ហេតុដូចនេះវិនិយោគិនដែលមានចំណូលទាប ក៏អាចសន្សំប្រាក់ក្នុងលក្ខខណ្ឌដូចជា៖ ការបង់ពន្ធ, កម្រៃជើងសា និង ការចំណាយផ្សេងៗទៀត ដែលការណ៍នេះ នឹងជួយឱ្យប្រាក់ចំណូលសរុបពីការវិនិយោគមានការកើនឡើង (Nathan Paulus, ២០២៤)។
ជារួម នៅក្នុងទីផ្សារមូលបត្រ ផែនការវិនិយោគរយៈពេលវែង គឺជាយុទ្ធសាស្ត្រដ៏ល្អ និងមានប្រសិទ្ធភាពសម្រាប់បង្កើតទ្រព្យសម្បត្តិរបស់វិនិយោគិន។ វិនិយោគិនអាចទទួលបានប្រាក់ចំណេញកាន់តែច្រើន, កាត់បន្ថយការចំណាយ និងអាចរួចផុតពីការប្រែប្រួលរបស់ទីផ្សារ ដែលនឹងនាំឱ្យអនាគតហិរញ្ញវត្ថុរបស់វិនិយោគិនកាន់តែមានសុវត្ថិភាព។
ឯកសារយោង៖
⦁ Merrill Lynch. (n.d.). 4 things every long-term investor should know.
Retrieved from: Long Term Investment Strategies: 4 Rules on How to Invest Long Term (merrilledge.com)
⦁ Nathan Paulus. (11, May, 2024). Long-term investing grows wealth over extended periods through diversified assets.
Retrieved from: Guide to Long-Term Investment Strategies (moneygeek.com)
⦁ Silas Bamigbola. (04, September, 2024). Long-term, Investments: Insights, Benefits, and Examples.
Retrieved from: Long-Term Investments: Insights, Benefits, and Examples - SuperMoney
⦁ វឌ្ឍនៈ. (5, March, 2021). ចំណេះដឹងវិនិយោគ៖ តើអ្វីទៅជាការវិនិយោគសកម្ម និងការវិនិយោគអសកម្ម.