តើអ្វី​ទៅ​ជា​គម្លាត​ថ្លៃទិញ និ​ងថ្លៃលក់?

ពាក្យ “គម្លាត​ថ្លៃទិញ និង​ថ្លៃលក់” ពិត​ជា​ចាំ​បាច់​សម្រាប់​វិនិយោគិន​នៅ​ក្នុង​ទីផ្សារ​មូលបត្រ ប៉ុន្តែ​វិនិយោគិន​ភាគ​ច្រើន​ប្រហែល​ជា​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យពាក្យ​នេះ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​មូលបត្រ​នោះ​ឡើយ។ “គម្លាតថ្លៃទិញ និងថ្លៃលក់” អាច​ប៉ះពាល់​ដល់​តម្លៃ​នៃ​ការ​ទិញ និង​លក់​មូលបត្រ ហើយ​ក៏​ធ្វើឱ្យ​ប៉ះពាល់​ដល់ចំណូល​នៃ​ផលបត្រ​វិនិយោគ​ជារួម​របស់​វិនិយោគិន ផងដែរ។

“ថ្លៃទិញ (Bid)”​ សំដៅ​លើ​ថ្លៃ​មូលបត្រ ដែល​អ្នក​ទិញ​មាន​បំណង​ចង់​ទិញ។

“ថ្លៃលក់ (Ask)” សំដៅ​លើ​ថ្លៃ​មូលបត្រ ដែល​អ្នក​លក់​មាន​បំណង​ចង់​លក់។

“គម្លាតថ្លៃ (Spread)” សំដៅ​ទៅ​លើ​ភាព​ខុស​គ្នា​រវាង​ថ្លៃទិញ និង ថ្លៃ​លក់​មូលបត្រ។

ឧទាហរណ៍៖ ភាគហ៊ុន​មួយ​មាន​ថ្លៃទិញ ១០០ ដុល្លារ​អាមេរិក ហើយ​ថ្លៃ​លក់ ១០១ ដុល្លារ​អាមេរិក នោះ គម្លាត​ថ្លៃ គឺ ១ ដុល្លារ​អាមេរិក។ ភាព​ខុស​គ្នា​នេះ តំណាង​ឱ្យ​តម្លៃ​ប្រតិបត្តិការ​សម្រាប់​វិនិយោគិន និង​ប្រាក់ចំណេញ​សក្តានុពល​សម្រាប់​អ្នក​ជួញដូរ​សកម្ម​នៅ​ក្នុង​ទីផ្សារ។

កត្តា​ដែល​ជះ​ឥទ្ធិពល​ដល់​គម្លាត​ថ្លៃទិញ និង​ថ្លៃលក់

មាន​កត្តា​ជាច្រើន​ដែល​កំណត់​ទំហំ​នៃ​គម្លាត​ថ្លៃទិញ និង ថ្លៃលក់ ដូចជា៖

១- ភាពប្រែប្រួល​ទីផ្សារ (Market Volatility)៖ សំដៅ​ដល់​ការ​ប្រែប្រួល​អត្រា​ថ្លៃ​នៃ​ទ្រព្យ​សកម្ម ដូចជា​ការ​កើនឡើង ​ឬ​ថយចុះ​នៃ​ថ្លៃ​មូលបត្រ។ យោងតាម​ទ្រឹស្តី​វិនិយោគ​បាន​កំណត់​ថា “ភាព​ប្រែប្រួល​ទីផ្សារ​កាន់​តែ​ខ្ពស់ ការ​វិនិយោគ​កាន់​តែ​មាន​ហានិភ័យ តែ​ឱកាស​ចំណេញ​កាន់​តែ​ខ្ពស់”។

២-សន្ទនីយភាព​ទីផ្សារ (Market Liquidity)៖ សំដៅ​ដល់​ភាព​ងាយស្រួល​នៃ​ការ​បម្លែង​ការ​វិនិយោគ​ជា​សាច់​ប្រាក់ នៅពេល​ដែល​ត្រូវ​ការ។ កម្រិត​នៃ​សន្ទនីយភាព​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​គម្លាត​ថ្លៃទិញ និង​ថ្លៃលក់។ សន្ទនីយ​ភាព​ទីផ្សារ​កាន់​តែ​ខ្ពស់ គម្លាត​ថ្លៃទិញ និង​ថ្លៃលក់​កាន់​តែតូច។

៣-ចំនួន​អ្នក​ចូលរួម​ក្នុង​ទីផ្សារ (Number of Market Participants)៖ ក៏មាន​ឥទ្ធិពល​លើ​គម្លាត​ថ្លៃទិញ និង​ថ្លៃលក់​ផងដែរ។ ចំនួន​អ្នក​ចូលរួម​ក្នុង​ទីផ្សារ​កាន់​តែ​ច្រើន​នាំឱ្យ​មាន​ការ​ប្រកួតប្រជែង​កាន់​តែខ្លាំង និង​គម្លាត​ថ្លៃ​ទិញ និង​ថ្លៃលក់​កាន់​តែ​តូច។

៤-សកម្មភាព​របស់​អ្នក​បង្កើត​ទីផ្សារ (Actions of Market Makers)៖ ធនាគារ និង​ក្រុមហ៊ុន​ឈ្មួញ-ជើងសា ដែល​ជា​អ្នក​ជំរុញ​ទីផ្សារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​នូវ​សន្ទនីយភាព និង​ប្រសិទ្ធភាព​ក្នុង​ទីផ្សារ។

វិធីសាស្ត្រ​ក្នុង​ការ​ជួញដូរ

ការជួញដូរ​មិនមាន​ភាព​ស្មុគស្មាញ​ដូច​ដែល​មនុស្ស​ភាគច្រើន​គិត​នោះ​ឡើយ ប៉ុន្តែ​វិនិយោគិន​គួរ​ស្វែងយល់​អំពី​យុទ្ធសាស្ត្រ ដើម្បី​កាត់​បន្ថយ​ហានិភ័យ និង​បង្កើន​ឱកាស​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ ដែល​មាន​ដូច​ខាងក្រោម៖

១-យុទ្ធសាស្រ្ត​ជួញ​ដូរ​តាម​រយៈព័ត៌មាន (News Trading)៖ យុទ្ធសាស្រ្ត​នេះ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ដោយ​ផ្អែក​លើ​ព័ត៌មាន និង​ការ​រំពឹង​ទុក​របស់​ទីផ្សារ​មុន និង​ក្រោយ​ការ​ចេញ​ផ្សាយ​ព័ត៌មាន។ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​យ៉ាង​ឆាប់​រហ័ស​នៃ​ព័ត៌មាន​តាម​រយៈប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល អ្នក​ជួញដូរ​ត្រូវ​វាយ​តម្លៃ​ភ្លាមៗ​ពី​ឥទ្ធិពល​នៃព័ត៌មាន​និង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ជួញដូរ​ឱ្យ​បាន​ឆាប់​រហ័ស។ ការណ៍​នេះ គឺ​ទាមទារ​ឱ្យ​អ្នក​ជួញ​ដូរ​មាន​ផ្នត់គំនិត និង​សមត្ថភាព​ក្នុង​ការ​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​ការ​ប្រែប្រួល​នៃ​ព័ត៌មាន​នេះ។

២-យុទ្ធសាស្ត្រ​ជួញដូរ​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​ (End-of-day)៖ សំដៅ​លើ​យុទ្ធសាស្រ្ត ដែល​អ្នក​ជួញដូរ​ដាក់​បញ្ជា​ទិញ និង​លក់​នៅ​ពេល​ទីផ្សារ​រៀប​នឹង​បិទ។ អ្នក​ជួញដូរ End-of-day មានភាព​សកម្ម​នៅ​ពេល​ដែល​មាន​ភាព​ច្បាស់លាស់​ថាថ្លៃ​នឹង “ទូទាត់” ឬ​បិទ។ យុទ្ធសាស្ត្រ​នេះ ទាមទារ​ឱ្យ​មាន​ការ​សិក្សា​អំពី​សកម្មភាព​ថ្លៃ ដោយ​ប្រៀបធៀប​ទៅ​នឹង​បម្រែបម្រួល​ថ្លៃ​ពី​មុន។

៣- យុទ្ធសាស្រ្ត​ជួញដូរ Swing: ការ​ជួញដូរ Swing ពាក់ព័ន្ធ​នឹង​ការ​ទាញ​យក​អត្ថប្រយោជន៍​នៃ​ការ​ឡើង និងធ្លាក់​ចុះ​ថ្លៃ ដែល​កើត​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​មួយ។ អ្នក​ជួញដូរ Swing នឹង​ទិញ​នៅ​ពេល​ដែល​ពួកគេ​រំពឹង​ថា​ថ្លៃនឹង​កើន​ឡើង និង​លក់​នៅ​ពេល​ដែល​ពួកគេ​រំពឹង​ថា​ថ្លៃ​នឹង​ធ្លាក់​ចុះ។ យុទ្ធសាស្រ្ត​នេះ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​វិភាគបច្ចេក​ទេស ការ​ប្រើប្រាស់​តារាង​និង​គំរូ​ថ្លៃ​ពី​មុន ដើម្បី​កំណត់​និន្នាការ និង​ឱកាស។

៤-យុទ្ធសាស្រ្ត​ជួញដូរ​តាម​រយៈ​និន្នាការ (Trend Trading)៖ យុទ្ធសាស្រ្ត​នេះ អាច​ឱ្យ​អ្នក​ជួញដូរ​ស្វែង​រក​ប្រាក់​ចំណេញ​តាម​រយៈការ​ធ្វើការ​ជួញ​ដូរ​ក្នុង​ទិសដៅ​ស្រប​ទៅ​នឹង​និន្នាការ​ទីផ្សារ​ដែល​មាន​ស្រាប់។ អ្នក​ជួញដូរ​នឹង​រក្សា​ការ​ជួញដូរ​នោះ ដរាបណា​និន្នាការ​នោះ​នៅ​តែ​បន្ត ប៉ុន្តែ​យុទ្ធសាស្រ្ត​នេះ​មាន​ហានិភ័យ​នៃ​ការ​ដើរ​បញ្ច្រាស ទីផ្សារ តែ​យើង​អាច​កាត់​បន្ថយ​តាម​រយៈការ​ប្រើ​យុទ្ធសាស្រ្ត Stop-loss Order ដែល​ជា​ការ​កំណត់​ថ្លៃ​ទុក​ជា​មុន ដើម្បី​ការពារ​ការ​ខាតបង់​ដែល​អាច​កើត​មាន​ឡើង ដោយ​ថ្លៃ​នឹង​ត្រូវ​បាន​បិទ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​ធ្លាក់​ដល់​ចំណុច​មួយ។

***អត្ថបទនេះ ត្រូវ​បាន​ចងក្រង​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ជា​ព័ត៌មាន និង​អប់រំ​តែ​ប៉ុណ្ណោះ ដោយ​មិន​ឆ្លុះបញ្ចាំង​ពី​អនុសាសន៍​ ​ឬ​​ដំបូន្មាន​ក្នុង​ការ​វិនិយោគ​នោះ​ទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិន​ទទួលខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់ ឬ​ការ​ខូចខាត​ណា​មួយ​នោះ​ឡើយ។