ភ្នំពេញៈ និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) ជំរុញ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្កើន​លំហូរ​ហិរញ្ញវត្ថុ​ដល់​គម្រោង​វិនិយោគ​អាកាសធាតុ​ក្នុង​រយៈពេល​វែង ដែល​អាច​ផ្តល់​និរន្តរភាព​បរិស្ថាន។

កាលពីថ្ងៃទី២៩ សីហា ន.ម.ក. (SERC) សហការ​ជាមួយ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​សហប្រជាជាតិ (UNESCAP) បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី «ការ​អភិវឌ្ឍ​គម្រោង​វិនិយោគ​អាកាសធាតុ​សម្រាប់​រយៈពេល​វែង​នៅ​កម្ពុជា» នៅ​រាជធានី​ភ្នំពេញ។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​គម្រោង​វិនិយោគ​អាកាសធាតុ​របស់ UNESCAP ក្រោម​ភាព​ជា​ដៃគូ​ជាមួយ ន.ម.ក. ដើម្បី​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​របស់ UNESCAP លើ​ការ​អភិវឌ្ឍ​គម្រោង​បៃតង និង​និរន្តរភាព, ការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​កាលានុវត្តភាព​ក្នុង​ការ​បង្កើន​លំហូរ​ហិរញ្ញវត្ថុ​ដល់​គម្រោង​នេះ, និង​ការ​ប្រមូល​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​ផ្នែក​ហិរញ្ញវត្ថុ​និរន្តរភាព និង​ឧត្តមានុវត្ត​ដែល​ប្រើប្រាស់​នៅ​កម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ ន.ម.ក.ថ្លែង​ថា៖ «ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ទាំងនេះ វា​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់»។ 

លោក​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព តាម​រយៈ​គោលនយោបាយ និង​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ ប៉ុន្តែ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​តែ​មួយ​មិន​គ្រប់គ្រាន់​នោះ​ទេ។ វា​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កៀរគរ មូលធន និង​ជំរុញ​នវានុវត្តន៍ និង​ទាមទារ​ឱ្យ​មាន​ការ​គាំទ្រ​ពី​ដៃគូ​អន្តរជាតិ ដែល​ផ្តល់​នូវ​ជំនាញ ធនធាន និង​ទស្សនវិស័យ​ដ៏​មាន​តម្លៃ។

លោក ស៊ូ សុជាតិ បន្ថែម​ថា៖ «ការ​សហការ​គ្នា​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ ហើយ​តាម​រយៈ​ការ​ធ្វើការ​ជាមួយ​គ្នា យើង​អាច​ប្រើប្រាស់​នូវ​ភាព​ខ្លាំង​របស់​យើង ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​បង្កើត​បរិយាកាស ដែល​គម្រោង​បៃតង​អាច​រីកចម្រើន​បាន។ ដូចនេះ តាម​រយៈ​ភាព​ជា​ដៃគូ​ទាំងនេះ យើង​អាច​បង្កើត​គម្រោង​វិនិយោគ​អាកាសធាតុ​ក្នុង​រយៈ​ពេល​វែង ដែល​មិន​ត្រឹមតែ​អាច​ផ្តល់​ប្រយោជន៍​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​ប្រយោជន៍​ដល់​សង្គម និង​និរន្តរភាព​នៃ​បរិស្ថាន​ផង​ដែរ»។

លោកស្រី Deanna Morris មន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​នៃ​ការិយាល័យ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​នៃ UNESCAP ថ្លែង​ថា ការ​អភិវឌ្ឍ​គោលនយោបាយ​សមស្រប និង​ឧបករណ៍​ហិរញ្ញប្បទាន​គឺជា​ចំណុច​សំខាន់​ក្នុងការ​សម្រេច​បាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ឧបសគ្គ​ដ៏​សំខាន់​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សម្រួល​ដល់​លំហូរ​ហិរញ្ញវត្ថុ គឺ​ការ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​គម្រោង​ហិរញ្ញវត្ថុ​ដែល​រឹងមាំ។ 

លោកស្រី​ថ្លែង​ថា៖ «គម្រោង​ដែល​មាន​រយៈ​ពេល​វែង​ទាំង​នេះ​ត្រូវតែ​អាច​ធានា​បាន​នូវ​បរិស្ថាន​ល្អ និង​ស្រប​តាម​អាទិភាព​នៃ​ការ​ប្តេជ្ញា​ (NDC) របស់​រដ្ឋាភិបាល។ គម្រោង​ទាំង​នេះ អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ធ្វើ​អន្តរកាល​ឆ្ពោះ​ទៅ​សេដ្ឋកិច្ច​ដែល​មាន​កាបូន​ទាប និង​ធន់​នឹង​អាកាសធាតុ ព្រមទាំង​អាច​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ច្បាស់លាស់​នៃ​គម្រោង​ដែល​ស្រប​តាម​គោលដៅ​អាកាសធាតុ ដោយ​ផ្តល់​ភាព​ច្បាស់លាស់​លើ​អាទិភាព ហិរញ្ញវត្ថុ​សាធារណៈ និង​ដល់​វិនិយោគិន​ឯកជន​អំពី​ឱកាស​សក្ដានុពល»៕