ការវិនិយោគអាចជាកិច្ចការដ៏គួរឱ្យភ័យខ្លាច ជាពិសេសសម្រាប់យុវវ័យ ដែលទើបតែចាប់ផ្តើមក្នុងដំណើរគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ដឹង និងការអនុវត្តក្នុងការគ្រប់គ្រងផលបត្រប្រកបដោយប្រសិទ្ធភាពអាចធ្វើឱ្យ ការវិនិយោគរបស់ពួកគេប្រសើរឡើង។
ដូច្នេះ អត្ថបទនេះ បង្ហាញពីសារៈសំខាន់នៃការគ្រប់គ្រងផលបត្រ រួមទាំងរបៀបបង្កើតផលបត្រចម្រុះ សារៈសំខាន់នៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងឧត្តមានុវត្តន៍សម្រាប់ការរក្សាយុទ្ធសាស្រ្តវិនិយោគប្រកបដោយជោគជ័យ។
១) តើអ្វីគឺជាការគ្រប់គ្រងផលបត្រ?
ការជ្រើសរើសការវិនិយោគ ដើម្បីសម្រេចបាននូវគោលបំណងហិរញ្ញវត្ថុ គឺជាសិល្បៈ និងជាវិទ្យាសាស្ត្រក្នុងការគ្រប់គ្រងផលបត្រ រួមមាន ការជ្រើសរើស ការត្រួតពិនិត្យ និងការកែសម្រួលបណ្តុំនៃការវិនិយោគ ដែលត្រូវបានគេស្គាល់ថាជាផលបត្រ។ ការគ្រប់គ្រងផលបត្រ គឺដើម្បីធ្វើឱ្យមានតុល្យភាពហានិភ័យ និងការសងមកវិញក្នុងលក្ខណៈមួយដែលស្របតាមគោលបំណងរបស់វិនិយោគិន និងកម្រិតហានិភ័យដែលទទួលយកបានដែលការគ្រប់គ្រងនេះ គឺជាយុទ្ធសាស្រ្ត ដែលអនុញ្ញាតឱ្យវិនិយោគិនវ័យក្មេងចំណេញពេលវេលា ព្រមទាំងអាចគ្រប់គ្រងហានិភ័យ ដែលអាចកើតមាន ផងដែរ។
២) របៀបនៃការបង្កើតផលបត្រ
ការបង្កើតផលបត្រ គឺពាក់ព័ន្ធនឹងការធ្វើផែនការប្រកបដោយការពិចារណា និង ការអនុវត្តជាយុទ្ធសាស្ត្រ។ ដើម្បីបង្កើតមូលដ្ឋានវិនិយោគដ៏រឹងមាំ ជាដំបូង ចាប់ផ្តើមដោយកំណត់គោលដៅហិរញ្ញវត្ថុរបស់ខ្លួន មិនថាអ្នកកំពុងសន្សំសម្រាប់ការបង់រំលោះផ្ទះ, ផែនការចូលនិវត្តន៍ ឬមានបំណងសន្សំទុករយៈពេលវែងនោះទេ។ គោលដៅរបស់អ្នកជាជម្រើសវិនិយោគរបស់អ្នក និងពេលវេលាកំណត់។
ទី២ គឺការវាយតម្លៃកម្រិតទទួលយកហានិភ័យ ដែលសំដៅលើសមត្ថភាព និងឆន្ទៈ ក្នុងការស៊ូទ្រាំនឹងការប្រែប្រួលរបស់ទីផ្សារ។ វិនិយោគិនវ័យក្មេងជាធម្មតាមានកម្រិតទទួលយកហានិភ័យខ្ពស់ ពីព្រោះពេលវេលានៃការវិនិយោគរបស់ពួកគេមានរយៈពេលវែង ដែលអាចធ្វើឱ្យពួកគេងើបឡើងវិញពីការធ្លាក់ចុះនៃទីផ្សារ។
ទី៣ គឺការធ្វើពិពិធកម្មនៃការវិនិយោគសម្រាប់ប្រភេទទ្រព្យសកម្មផ្សេងៗដូចជា ភាគហ៊ុន សញ្ញាបណ្ណ និងសាច់ប្រាក់ ដើម្បីធ្វើចំណាត់ថ្នាក់ហានិភ័យ និងទម្រង់នៃផលចំណេញត្រឡប់មកវិញផ្សេងៗគ្នា។ ទី៤ គឺការបង្កើតផែនការបែងចែកទ្រព្យសកម្មដោយសម្រេចថាតើផលបត្ររបស់អ្នកត្រូវវិនិយោគប៉ុន្មានភាគរយក្នុងចំណោមប្រភេទទ្រព្យសកម្មនីមួយៗ។
ជាចុងក្រោយ ធ្វើការតាមដានជាប្រចាំ និងធ្វើតុល្យភាពផលបត្រឡើងវិញ ដើម្បីធានាថាវានៅតែស្របតាមគោលដៅ និងកម្រិតហានិភ័យដែលទទួលយកបាន (Risk Tolerance)។ កន្លងយូរទៅ ការវិនិយោគអាចកើនឡើងមិនស្មើគ្នា ដូច្នេះ ការធ្វើតុល្យភាពឡើងវិញពាក់ព័ន្ធនឹងការកែតម្រូវផលបត្ររបស់អ្នកត្រឡប់ទៅការបែងចែកដើមរបស់វា ដើម្បីរក្សាកម្រិតហានិភ័យដែលទទួលយកបាន និងយុទ្ធសាស្ត្រវិនិយោគ។
ឧទាហរណ៍៖ លីហ្សា អាយុ ២៥ឆ្នាំ មានបំណងចង់បង់រំលោះផ្ទះរយៈពេល ១០ ឆ្នាំ ដូចនេះ នាងបានចាប់ផ្តើមរៀបចំផលបត្ររបស់នាង ដោយជ្រើសរើសប្រភេទទ្រព្យសកម្មក្នុងរយៈពេលវែង និងកម្រិតទទួលយកហានិភ័យ។ សម្រាប់កំណើនសក្តានុពល នាងបានបែងចែកផ្នែកសំខាន់នៃផលបត្ររបស់នាងទៅវិនិយោគលើភាគហ៊ុន។ ដើម្បីធ្វើឱ្យមានតុល្យភាពហានិភ័យពីការវិនិយោគភាគហ៊ុនរបស់នាង លីហ្សាវិនិយោគលើសញ្ញាបណ្ណសម្រាប់ស្ថិរភាពបន្ថែម។ លើសពីនេះ នាងរក្សាចំណែកនៃផលបត្ររបស់នាងជាសាច់ប្រាក់ និងបេឡាសមមូល ដើម្បីរ៉ាប់រងតម្រូវការបន្ទាន់ និងរយៈពេលខ្លី។
៣) ហេតុអ្វីបានជាការធ្វើពិពិធកម្មគឺជាគន្លឹះសំខាន់?
ការធ្វើពិពិធកម្មគឺជាគោលការណ៍គ្រឹះនៃការគ្រប់គ្រងផលបត្រ ដែលមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងហានិភ័យនៃការវិនិយោគ។ វាពាក់ព័ន្ធនឹងការបែងចែកនៃការវិនិយោគលើប្រភេទទ្រព្យសកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់នៃដំណើរការមិនល្អរបស់ទ្រព្យសកម្មតែមួយលើផលបត្ររួមរបស់អ្នក។ វិធីសាស្រ្តនេះ គឺមានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន ដែលហេតុផលចំបង គឺកាត់បន្ថយហានិភ័យដោយធានាថាការវិនិយោគនីមួយៗ មានផលប៉ះពាល់តិចតួចលើផលបត្ររួម។
ទី២ ការធ្វើពិពិធកម្មជួយសម្រួលដល់ផលចំណេញត្រឡប់មកវិញតាមពេលវេលា ដោយសារទ្រព្យសកម្មផ្សេងៗមានប្រតិកម្មខុសពីលក្ខខណ្ឌទីផ្សារ។ ភាគហ៊ុនអាចមានភាពល្អប្រសើរនៅក្នុងសេដ្ឋកិច្ចដ៏រឹងមាំ ខណៈពេលដែលសញ្ញាបណ្ណអាចផ្តល់នូវស្ថិរភាពក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ។
ជាចុងក្រោយ ផលបត្រចម្រុះជួយបង្កើនឱកាស ដោយបង្ហាញអ្នកទៅកាន់ទីផ្សារ និងវិស័យ ផ្សេងៗ ដែលបង្កើនសក្តានុពល នៃផលចំណេញត្រឡប់មកវិញ និងអនុញ្ញាតឱ្យអ្នកទាញយកប្រយោជន៍ពីឱកាសនៅទូទាំងតំបន់វិនិយោគផ្សេងៗគ្នា។
ឧទាហរណ៍៖ ផលបត្ររបស់លីហ្សា មានភាពចម្រុះនៅទូទាំងប្រភេទទ្រព្យសកម្មផ្សេងៗគ្នាដូចជា ភាគហ៊ុន, សញ្ញាបណ្ណ និងសាច់ប្រាក់ ហើយនៅក្នុងថ្នាក់ទ្រព្យសកម្ម នាងបានវិនិយោគលើភាគហ៊ុន និងសញ្ញាបណ្ណផ្សេងៗគ្នា។ ជំនួសឱ្យការវិនិយោគលុយទាំងអស់របស់នាងនៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនមួយ នាងបានធ្វើពិពិធកម្ម ដោយការវិនិយោគលើភាគហ៊ុនចម្រុះ និងសញ្ញាបណ្ណ។ ទាក់ទងនឹងការបែងចែកទ្រព្យសកម្ម នាងបានសម្រេចចិត្តបែងចែក ៧០% នៃផលបត្ររបស់នាងទៅលើភាគហ៊ុន, ២០% ទៅក្នុងសញ្ញាបណ្ណសាជីវកម្ម ដើម្បីធានាបាននូវស្ថិរភាព និងផលចំណេញត្រឡប់មកវិញប្រកបដោយស្ថិរភាព ហើយនៅសល់ ១០% ទៀត ត្រូវបានរក្សាទុកក្នុងគណនីសន្សំដែលមានទិន្នផលខ្ពស់ ផ្តល់សន្ទនីយភាព និងសម្រាប់គ្រាអាសន្ន។ នៅពេលជ្រើសរើសការវិនិយោគជាក់លាក់ លីហ្សា បានជ្រើសរើសភាគហ៊ុនចម្រុះ រួមមាន កំពង់ផែ វិស័យទឹក វិស័យអប់រំ និងវិស័យធនាគារ។ ដោយឡែក សម្រាប់ការវិនិយោគសញ្ញាបណ្ណរបស់នាង នាងជ្រើសរើសសញ្ញាបណ្ណសាជីវកម្មចម្រុះ។ វិធីនេះ ប្រសិនបើក្រុមហ៊ុនមួយដំណើរការមិនបានល្អ ក្រុមហ៊ុនផ្សេងទៀត អាចដំណើរការបានល្អ ដោយធ្វើឱ្យមានតុល្យភាពនៃហានិភ័យទាំងមូលរបស់នាង។
៤) ហេតុអ្វីបានជាការគ្រប់គ្រងផលបត្រមានសារៈសំខាន់?
ការគ្រប់គ្រងផលបត្រប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ ដែលជួយឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ ដោយធានាបាននូវយុទ្ធសាស្រ្តវិនិយោគរបស់អ្នកដែលស្របនឹងគោលដៅ មិនថាអ្នកកំពុងកំណត់គោលដៅកំណើនរយៈពេលវែង ឬប្រាក់ចំណេញរយៈពេលខ្លីនោះទេ។ បន្ថែមពីនេះ អាចជួយក្នុងការគ្រប់គ្រងហានិភ័យដោយមានតុល្យភាព និងការផ្ដល់ត្រឡប់មកវិញ។ ការវាយតម្លៃជាទៀងទាត់ និងការកែតម្រូវការវិនិយោគរបស់អ្នកអាចជួយកាត់បន្ថយហានិភ័យដែលអាចកើតមាន និងជៀសវាងការខាតបង់សំខាន់ៗ។
ការគ្រប់គ្រងផលបត្រ ដែលមានរចនាសម្ព័ន្ធល្អ បង្កើនប្រសិទ្ធភាពនៃផលចំណេញត្រឡប់មកវិញ យោងទៅតាមកម្រិតហានិភ័យដែលទទួលយកបាន ដែលអាចឱ្យអ្នកកំណត់អត្តសញ្ញាណ និងប្រើប្រាស់ទុនលើឱកាសសម្រាប់ប្រាក់ចំណូលខ្ពស់។ ជាចុងក្រោយ ការគ្រប់គ្រងផលបត្រប្រកបដោយប្រសិទ្ធភាពផ្តល់នូវការសម្របខ្លួន ដែលអនុញ្ញាតឱ្យអ្នកកែសម្រួលយុទ្ធសាស្រ្តរបស់អ្នកក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរទីផ្សារហិរញ្ញវត្ថុ និងស្ថានភាពផ្ទាល់ខ្លួន ដោយធានាថាវិធីសាស្រ្តរបស់អ្នកនៅតែពាក់ព័ន្ធនិងមានប្រសិទ្ធភាពតាមពេលវេលា។
៥) ការអនុវត្តសម្រាប់ការគ្រប់គ្រងផលបត្រ៖
ដើម្បីធានាបាននូវការគ្រប់គ្រងផលបត្រប្រកបដោយប្រសិទ្ធភាព និងជោគជ័យ វាជារឿងសំខាន់ណាស់ក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តល្អបំផុត ដូចខាងក្រោម៖
ក). ការចាប់ផ្តើមនៅវ័យក្មេង៖ ការចាប់ផ្តើមវិនិយោគនៅវ័យក្មេងអាចបង្កើនថាមពលនៃការលូតលាស់រួម។ នៅពេលដែលអ្នកចាប់ផ្ដើមវិនិយោគិនបានលឿន ពេលវេលារបស់អ្នកមានកាន់តែច្រើន ប្រាក់ចំណូលរបស់អ្នកត្រូវកើនឡើងតាមរយៈការវិនិយោគឡើងវិញ និងចំណេញពីការប្រាក់។
ខ). ការទទួលព័ត៌មាន៖ បន្តធ្វើបច្ចុប្បន្នភាពជាមួយនិន្នាការទីផ្សារ ព័ត៌មាន និងជម្រើសនៃការវិនិយោគផ្សេងៗ។ ការទទួលបានព័ត៌មានជួយឱ្យអ្នកធ្វើការសម្រេចចិត្តដែលមានការពិចារណាយ៉ាងល្អិតល្អន់ និងកែតម្រូវផលបត្ររបស់អ្នកដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌ និងកាលានុវត្តភាព។
គ). ការត្រួតពិនិត្យជាប្រចាំ និងសមតុល្យឡើងវិញ៖ វាយតម្លៃផលបត្ររបស់អ្នកតាមកាលកំណត់ ដើម្បីធានាថាស្របនឹងគោលដៅហិរញ្ញវត្ថុរបស់អ្នក។ លើសពីនេះ ពិចារណាធ្វើសមតុល្យការវិនិយោគរបស់អ្នកឡើងវិញ អាចជួយរក្សាកម្រិតហានិភ័យ និងការបែងចែកទ្រព្យសកម្ម ដោយធ្វើការកែតម្រូវតាមការចាំបាច់។
ឃ). ការស្វែងរកដំបូន្មានប្រកបដោយវិជ្ជាជីវៈ៖ ប្រសិនបើអ្នកមិនប្រាកដក្នុងការគ្រប់គ្រងការវិនិយោគរបស់អ្នកដោយខ្លួនឯងទេ ស្វែងរកការពិគ្រោះជាមួយទីប្រឹក្សាហិរញ្ញវត្ថុ។ អ្នកជំនាញអាចផ្តល់នូវការណែនាំ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដែលសមស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងរបស់អ្នក ដោយជួយអ្នកស្វែងរកការសម្រេចចិត្តដ៏ស្មុគស្មាញ និងធ្វើឱ្យវិធីសាស្រ្តវិនិយោគរបស់អ្នកប្រសើរឡើង។
ឧទាហរណ៍៖ លីហ្សាបានចាប់ផ្តើមដំណើរវិនិយោគរបស់នាងនៅអាយុ ២៥ ឆ្នាំ ដោយផ្តល់ពេលវេលាដល់ការវិនិយោគរបស់នាងដើម្បីភាពរីកចម្រើន និងទទួលបានអត្ថប្រយោជន៍ពីការប្រមូលផលមកវិញ ខណៈដែលគោលដៅចម្បងរបស់នាងគឺដើម្បីសន្សំសម្រាប់ការបង់រំលោះផ្ទះក្នុងរយៈពេល ១០ ឆ្នាំ។ ដូច្នេះ នាងបានតាមដាននិន្នាការទីផ្សារ និងព័ត៌មានសេដ្ឋកិច្ច ដើម្បីធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន និងកែសម្រួលផលបត្ររបស់នាងតាមតម្រូវការ។ លីហ្សា តែងតែពិនិត្យមើលផលបត្ររបស់នាងរៀងរាល់ប្រាំមួយខែម្តង និងសមតុល្យឡើងវិញតាមការចាំបាច់ ដើម្បីរក្សាការបែងចែកទ្រព្យសម្បត្តិ ដែលនាងចង់បាន។ ម្តងម្កាល នាងបានពិគ្រោះយោបល់ជាមួយអ្នកប្រឹក្សាហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ដើម្បីធានាថាយុទ្ធសាស្រ្តវិនិយោគរបស់នាងត្រឹមត្រូវ និងទទួលបានការណែនាំផ្ទាល់ខ្លួន។
***អត្ថបទនេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងអប់រំតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីអនុសាសន៍ ឬដំបូន្មានក្នុងការវិនិយោគនោះទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយនោះឡើយ។
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ international@serc.gov.kh
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១