
អាជីវកម្មគម្រោងវិនិយោគរួមនៅកម្ពុជាបានចាប់ផ្តើមដំណើរការ បន្ទាប់ពីការអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសលេខ ០០៣/១៨ គ.ម.ក./ប្រ.ក. ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ការបង្កើត និងដាក់ឱ្យដំណើរការទីផ្សារគម្រោងវិនិយោគរួមនៅកម្ពុជាត្រូវបានឆ្លងកាត់នូវការរៀបចំ និងការគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយវិចារណកម្មច្បាស់លាស់ ដោយផ្អែកលើការខិតខំប្រឹងប្រែងរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តាមរយៈការសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនៃគណៈកម្មការមូលបត្រ (IOSCO) និងផ្អែកលើផែនទីបង្ហាញផ្លូវនៃ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០” ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥” របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នកំពុងធ្វើបច្ចុប្បន្នកម្មទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២១-២០៣០”។ ន.ម.ក. ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បាន និងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការបន្តរៀបចំបទប្បញ្ញត្តិចាំបាច់ពាក់ព័ន្ធនានា ក្នុងទិសដៅមិនត្រឹមតែដាក់ឱ្យដំណើរការទីផ្សារគម្រោងវិនិយោគរួមប្រកបដោយភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាឱ្យដំណើរការអាជីវកម្មគម្រោងវិនិយោគរួម ប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព សុវត្ថិភាព ប្រសិទ្ធភាព និងយុត្តិធម៌ ក្នុងគោលដៅការពារផលប្រយោជន៍វិនិយោគិនសាធារណៈ និងធ្វើឱ្យទីផ្សារគម្រោងវិនិយោគរួមនេះ អាចផ្តល់នូវភាគទានជាផ្លែផ្កាប្រកបដោយភាពរឹងមាំ និងនិរន្តរភាពដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ជាក់ស្តែង ជាមួយនឹងការខិតខំបំពេញភារកិច្ចយ៉ាងសកម្មរបស់ ន.ម.ក. និងដោយមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍នានា បទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មគម្រោងវិនិយោគរួមត្រូវបានអនុម័តដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ និងបទប្បញ្ញត្តិមួយចំនួនផ្សេងទៀតបាន និងកំពុងរៀបចំយ៉ាងសកម្មពីមន្ត្រីជំនាញនៃ ន.ម.ក.។

បទប្បញ្ញត្តិសម្រាប់គ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម
អនុលោមតាមប្រកាសលេខ ០០៣/១៨ គ.ម.ក./ប្រ.ក. ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ គម្រោងវិនិយោគរួមសំដៅដល់គម្រោងវិនិយោគដែលត្រូវ ទទួលបានការអនុញ្ញាតពី ន.ម.ក. និងមានលក្ខណៈ ដូចខាងក្រោម៖
១-ការប្រមូលសាច់ប្រាក់ ឬវត្ថុមានតម្លៃតាមរយៈការបោះផ្សាយលក់ឯកតាមូលនិធិ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិច បូករួមទាំងក្រោដហ្វាន់ឌីង ឬតាមទម្រង់ផ្សេងទៀតដែលទទួលបានការអនុញ្ញាតពី ន.ម.ក. ដើម្បីបង្កើតមូលនិធិសាធារណៈ មូលនិធិឯកជន ឬបរធនវិនិយោគអចលនវត្ថុ។
២-រាល់សាច់ប្រាក់ ឬវត្ថុមានតម្លៃដែលប្រមូលបានត្រូវបានយកទៅប្រើប្រាស់ និងចាត់ចែងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិនៅក្នុងគម្រោងវិនិយោគរួម ដើម្បីបង្កើតផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃដែលបានមកជាសិទ្ធិ ឬជាផលប្រយោជន៍លើទ្រព្យសម្បត្តិ សម្រាប់សមាជិកដែលមានផលប្រយោជន៍ក្នុងគម្រោងវិនិយោគនោះ ទោះបីសមាជិកនោះមិនគ្រប់គ្រងលើប្រតិបត្តិការប្រចាំថ្ងៃនៃគម្រោងវិនិយោគនោះ ក៏ដោយ។
៣-ទ្រព្យសម្បត្តិរបស់គម្រោងវិនិយោគរួមត្រូវរក្សាទុកដោយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដែលធ្វើប្រតិបត្តិការក្នុងនាមគម្រោងវិនិយោគរួម។
៤-គម្រោងវិនិយោគរួមអាចជាមូលនិធិបើក ឬមូលនិធិបិទ។
៥-គម្រោងវិនិយោគរួមអាចត្រូវបានគ្រប់គ្រងក្នុងទម្រង់ជាកិច្ចសន្យា ឬជាក្រុមហ៊ុន។
ដំណើរការប្រតិបត្តិការអាជីវកម្មនៅក្នុងទីផ្សារគម្រោងវិនិយោគរួមនេះ មានការចូលរួមពីតួអង្គសំខាន់ៗមួយចំនួន ដូចជា៖ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងក្រុមហ៊ុនអភិបាលមូលនិធិ។ មកទល់បច្ចុប្បន្ន ន.ម.ក. បានផ្តល់អាជ្ញាបណ្ណ និងការអនុញ្ញាតទៅដល់គ្រប់តួអង្គដែលចូលរួមក្នុងដំណើរការទីផ្សារនេះរួចរាល់ហើយ និងការដាក់ឱ្យដំណើរការទីផ្សារគម្រោងវិនិយោគរួម កាលពីចុងឆ្នាំ២០២៣។
- ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ៖ គឺជាតួអង្គចម្បងក្នុងការបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិ ដើម្បីវិនិយោគក្នុងគម្រោងវិនិយោគណាមួយដែលមាន សក្តានុពល មានកាលានុវត្តភាព និងដែលអាចរកប្រាក់ចំណេញបានច្រើនក្នុងការវិនិយោគ ហើយគម្រោងវិនិយោគនោះត្រូវទទួលបានការអនុញ្ញាតពី ន.ម.ក.។
- ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស៖ គឺជាក្រុមហ៊ុនឯករាជ្យពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ និងតាមដានយ៉ាងសកម្ម ព្រមទាំងធានាថាប្រតិបត្តិការ និងការគ្រប់គ្រងគម្រោងវិនិយោគរួមរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិធ្វើឡើងដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន និងធ្វើជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិនៃការវិនិយោគ។
- ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង៖ សំដៅដល់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ម.ក. ដើម្បីធ្វើអាជីវកម្មចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ដូចខាងក្រោម៖
-
- ចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិក្នុងគម្រោងវិនិយោគរួម។
- ផ្តល់ប្រឹក្សាអំពីការវិនិយោគលើឯកតាមូលនិធិដល់វិនិយោគិន។
- ក្រុមហ៊ុនអភិបាលមូលនិធិ៖ សំដៅដល់ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ម.ក. ដើម្បីផ្តល់សេវាកម្ម ដូចខាងក្រោម៖
-
- ផ្ទេរកម្មសិទ្ធិនៃឯកតាមូលនិធិ។
-
- គណនាទ្រព្យសម្បត្តិនៃការវិនិយោគ។
-
- វាយតម្លៃទ្រព្យសកម្មសុទ្ធ និងដាក់តម្លៃឯកតាមូលនិធិ។

ការការពារវិនិយោគិននៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម
ន.ម.ក. ជាអាជ្ញាធរដែលមានមុខងារគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍអាជីវកម្មគម្រោងវិនិយោគរួមនៅ
ព្រះរាជាណាចក្រកម្ពុជា។ ការការពារវិនិយោគិននៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម គឺជាការងារចម្បង និងអាទិភាព
ដែល ន.ម.ក. តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាននៅក្នុងអាជីវកម្មគម្រោងវិនិយោគរួមបានបញ្ញត្តិកំណត់នូវយន្តការជាច្រើនក្នុងគោលដៅការពារវិនិយោគិននៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម
ដោយក្នុងនោះ រួមមាន៖ ការរៀបចំក្របខណ្ឌគតិយុត្តដើម្បីគ្រប់គ្រង និងត្រួតពិនិត្យតួអង្គអ្នកចូលរួមនៅក្នុងអាជីវកម្ម
គម្រោងវិនិយោគរួម ការបន្តការត្រួតពិនិត្យ តាមដានការធ្វើអាជីវកម្ម និងការផ្តល់សេវាកម្មរបស់តួអង្គទាំងអស់នៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម។
ច្បាប់ និងបទប្បញ្ញត្តិជាច្រើនត្រូវបានរៀបចំ និងប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងតួអង្គនៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម។ មិនមានក្រុមហ៊ុន ឬបុគ្គលណាមួយដែលត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្ម ឬប្រតិបត្តិការពាក់ព័ន្ធនឹងអាជីវកម្មគម្រោងវិនិយោគរួម មុនពេលដែលមានច្បាប់ ឬបទប្បញ្ញត្តិគ្រប់គ្រងត្រឹមត្រូវនោះទេ។ បន្ថែមលើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះ-ផ្សាយ និងការជួញដូរមូលបត្រមហាជន ន.ម.ក. បានរៀបចំនូវប្រកាសជាច្រើនក្នុងគោលបំណង គ្រប់គ្រងតួអង្គទាំងអស់នៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម និងអ្នកចូលរួមផ្សេងទៀតនៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងរបៀបរៀបរយនៅក្នុងទីផ្សារ និងជាពិសេសធានានូវការការពារវិនិយោគិនសាធារណៈ។ សាធារណជនអាចស្វែងរកប្រកាសទាំងអស់នេះបាននៅលើគេហទំព័ររបស់ ន.ម.ក. តាមរយៈគេហទំព័រ https://www.serc.gov.kh/khmer/m23.php?pn=3។
បទប្បញ្ញត្តិនៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម បានបញ្ញត្តិលក្ខខណ្ឌតម្រូវជាច្រើនក្នុងការផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ម.ក. ដើម្បីអាចធ្វើប្រតិបត្តិការអាជីវកម្ម និងផ្តល់សេវាកម្មនៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម ជាអាទិ៍ លក្ខខណ្ឌតម្រូវផ្នែកហិរញ្ញវត្ថុ រចនាសម្ព័ន្ធគ្រប់គ្រង ធនធានមនុស្ស ប្រព័ន្ធបច្ចេកវិទ្យា ទីតាំង លក្ខខណ្ឌតម្រូវលើកម្រិតមូលធនភាគហ៊ុនិក ប្រាក់តម្កល់ធានាអាជីវកម្ម និងអភិបាលកិច្ច ជាដើម ជាពិសេស មុនបង្កើតមូលនិធិត្រូវស្នើសុំការអនុញ្ញាតជាមុនពី ន.ម.ក.។ ន.ម.ក. ធ្វើការពិនិត្យយ៉ាងល្អិតល្អន់លើលក្ខខណ្ឌតម្រូវទាំងអស់ខាងលើនេះ មុននឹងផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាត។
បន្ទាប់ពីផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាត ន.ម.ក. នៅតែបន្តត្រួតពិនិត្យការអនុវត្ត ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់អ្នកចូលរួមទាំងអស់ តាមរយៈការចុះត្រួតពិនិត្យដល់ទីកន្លែងលើប្រសិទ្ធភាពប្រតិបត្តិការ ការអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណ ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងត្រួតពិនិត្យលើរបាយការណ៍សមាយិកជាប្រចាំផងដែរ ថាតើមានករណីប្រព្រឹត្តល្មើស ដែលប៉ះពាល់ដល់ប្រយោជន៍វិនិយោគិនសាធារណៈដែរ ឬទេ។
បន្ថែមពីនេះ បច្ចុប្បន្ននៅទូទាំងសាលកលោក យើងឃើញថាមានការឆបោក (Scam) ជាច្រើនបានកើតឡើង ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏មានកើតឡើងនៅបញ្ហានេះផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទីផ្សារផងដែរ ខណៈដែល ន.ម.ក. តែងតែយកចិត្តទុកដាក់ខ្ពស់ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះ ដែលក្នុងនោះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ន.ម.ក. បានចេញសេចក្តីថ្លែងការរួមជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ដើម្បីក្រើនរំលឹក និងអំពាវនាវដល់សាធារណជនឱ្យប្រុង-ប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយទាក់ទាញប្រជាពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគខុសច្បាប់ និងឆបោកតាមប្រព័ន្ធអនឡាញ។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ន.ម.ក. បានចេញសេចក្តីថ្លែងការរួមជាមួយ និយ័តករទូគមនាគមន៍កម្ពុជា ដើម្បីចាត់វិធានការបិទខ្ទប់គេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និងបណ្តាញទំនាក់ទំនងទូរគមនាគមន៍ផ្សេងៗ ដែលធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងមូលបត្រដោយគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក. សំដៅរួមគ្នាបង្ការ និងទប់ស្កាត់តាមយន្តការច្បាប់ដែលមានជាធរមាន ដូចនេះ វិនិយោគិនត្រូវយល់ច្បាស់ពីការវិនិយោគស្របច្បាប់តាមរយៈក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ដោយអាចស្វែងរកបញ្ជីឈ្មោះក្រុមហ៊ុនទាំងនោះនៅលើគេហទំព័រផ្លូវការរបស់ ន.ម.ក. ព្រមទាំងចូលរួមរាយការណ៍ពីក្រុមហ៊ុនដែលមិនមានអាជ្ញាបណ្ណ ឬការអនុញ្ញាតមក ន.ម.ក. តាមរយៈលេខទូរសព្ទ អ៊ីមែល និងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ន.ម.ក.។ ជាមួយគ្នានេះដែរ ក្នុងទិសដៅដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីវិស័យមូលបត្រ ន.ម.ក. បានបង្កើតនូវ Channel Telegram ដែលមានឈ្មោះថា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងព្រឹត្តិការណ៍នានាអំពីវិស័យមូលបត្រ ដែលមានការផ្សាយនូវចំណេះដឹង និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹង ន.ម.ក. និងវិស័យមូលបត្រ និងChannel Telegram SERC Alert សម្រាប់ផ្សព្វផ្សាយនូវចំណេះដឹង និងក្រើនរំលឹកដល់វិនិយោគិន ក៏ដូចជាសាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកនានាផងដែរ។
***អត្ថបទនេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងអប់រំតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីអនុសាសន៍ ឬដំបូន្មានក្នុងការវិនិយោគនោះទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយនោះឡើយ។
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ
អ៊ីមែល៖ intermediaries@serc.gov.kh
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១