ពាក្យ “បច្ចេកវិទ្យាហិរញ្ញវត្ថុ” ដែលជាភាសាអង់គ្លេសហៅកាត់ថា FinTech គឺបានមកពីអក្សរកាត់នៃពាក្យ Financial Technology ដែលក្នុងការអនុវត្តជាក់ស្តែង សំដៅដល់បច្ចេកវិទ្យាដែលជំរុញឱ្យមានដំណោះស្រាយហិរញ្ញវត្ថុ។ នៅពេលដែលទិដ្ឋភាពហិរញ្ញវត្ថុកំពុងបន្តមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានចាត់ទុកជាយន្តការមួយដ៏សំខាន់ ក្នុងការជំរុញឱ្យមាននវានុវត្តន៍, ស្ថិរភាពហិរញ្ញវត្ថុ, សុចរិតភាពហិរញ្ញវត្ថុ, បរិយាបន្នហិរញ្ញវត្ថុ, ការអភិវឌ្ឍន៍ទីផ្សារ និងការធានានូវការការពារវិនិយោគិន។

នៅក្នុងបរិបទនៃប្រទេសកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅកាន់ការជំរុញសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ។ ជាក់ស្តែង កម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ច ឌីជីថល ២០២១-២០៣៥ និងគោលនយោបាយអភវិឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២៣-២០២៨។ ដោយអនុលោមស្របទៅតាមគោលនយោបាយទាំងនេះ ក៏ដូចជាការឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាសកល និងតំបន់ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានសម្រេចដាក់ចេញជាផ្លូវការនូវប្រកាសស្តីពី “បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” នៅឆ្នាំ២០២៣ ក្នុងគោលបំណងកំណត់អំពីក្របខណ្ឌគ្រប់គ្រងការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់និយ័តករពាក់ព័ន្ធក្រោមឱវាទ អ.ស.ហ. ក្នុងគោលដៅជំរុញការចាប់យក ការកែសម្រប និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ។ អាស្រ័យហេតុនេះ ដើម្បីអនុវត្តប្រកាសខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ អនុលោមតាមច្បាប់ជាធរមាន និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)  បានដាក់ចេញនូវគោលការណ៍ណែនាំស្តីពី“បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ” ដែលបានបើកផ្លូវក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តភាព និងបរិយាបន្នភាព។

នៅក្នុងវិស័យមូលបត្រ បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅដល់បរិស្ថានសម្រាប់ឱ្យក្រុមហ៊ុនសាកល្បងនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនជាមួយអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងលំហ (Space) និង   រយៈពេលកំណត់មួយ មុននឹងធ្វើការដាក់ចេញ និងជំរុញការប្រើប្រាស់ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុនោះ ឱ្យបានទូលំទូលាយ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដែលស្ថិតក្រោមការគ្រប់គ្រងដោយ ​ន.ម.ក. តាមរយៈគោល-ការណ៍ណែនាំលេខ ០០៩/២៣ ដែលបានដាក់ចេញនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ ត្រូវបានដាក់ចេញឡើងក្នុងគោលដៅដើម្បីបង្កើននូវប្រសិទ្ធភាព, គ្រប់គ្រងហានិភ័យឱ្យកាន់តែល្អប្រសើរ, បង្កើតកាលានុវត្តភាពថ្មី និងធ្វើឱ្យការរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។

  • ឧទាហរណ៍លើការអនុវត្តជាក់ស្តែង

រហូតមកដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ២៨ ដែលបានដាក់ពាក្យស្នើសុំការអនុញ្ញាតចូលរួមក្នុងបរិស្ថាន សាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ ដែលក្នុងនោះមាន ក្រុមហ៊ុនចំនួន៥ ដែលទទួលបានការអនុញ្ញាតពី ន.ម.ក. ចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។ បន្ថែមពីនេះ ន.ម.ក. រំពឹងថានឹងមានក្រុមហ៊ុនជាបន្តបន្ទាប់ដែលនឹងទទួលបានការអនុញ្ញាតចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។

ចំពោះករណីជាក់ស្តែង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រាស់ធី ឯ.ក គឺជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពី ន.ម.ក. ក្នុងការដាក់ថ្នាលជួញដូរទ្រព្យឌីជីថល (RGX) សម្រាប់ប្រតិបត្តិការអាជីវកម្មនៃការជួញដូរទ្រព្យឌីជីថល, ការជួញដូរឧបករណ៍និស្សន្ទនៃទ្រព្យឌីជីថល, ការជួញដូរបុគ្គលនិងបុគ្គល និងសេវាគ្រប់គ្រងកាបូបទ្រព្យឌីជីថលក្នុង  បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។  

  • អត្ថប្រយោជន៍នៃបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ

-  ការជំរុញនវានុវត្តន៍៖ ក្របខ័ណ្ឌបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្របានអនុញ្ញាតឱ្យក្រុមហ៊ុន ឬស្ថាប័នហិរញ្ញវត្ថុ និងគ្រប់តួអង្គពាក់ព័ន្ធសាកល្បងនូវផលិតផលនិងសេវាកម្មហិរញ្ញវត្ថុ ដែលមាននវានុវត្តន៍ជាមួយអតិថិជនពិតប្រាកដនៅក្នុងបរិស្ថានផ្ទាល់ ដែលការសាកល្បងនេះត្រូវបានគាំទ្រដោយការបន្ធូរបន្ថយលើលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិ ប៉ុន្តែក្នុងរយៈពេល និងលំហ (Space) កំណត់ជាក់លាក់មួយ។ ជាមួយគ្នានេះដែរ តាមរយៈការផ្តល់ជូននូវបរិស្ថានសាកល្បងមួយប្រកបដោយសុវត្ថិភាព បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យមូលបត្របានចូលរួមចំណែកក្នុងការជំរុញនវានុវត្តន៍ភាព និងភាពច្នៃប្រឌិត តាមរយៈការលើកកម្ពស់ការអភិវឌ្ឍន៍ដំណោះស្រាយហរិញ្ញវត្ថុឱ្យបានកាន់តែប្រសើរ។

-  ការពង្រឹងប្រសិទ្ធភាពនៃការការពារវិនិយោគិន៖ ក្របខ័ណ្ឌបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ បានធានាថាវិនិយោគិនត្រូវបានការពារ ខណៈពេលដែលបានរួមចំណែកក្នុងការលើកកម្ពស់ និងជំរុញនវានុវត្តន៍។ ជាមួយគ្នានេះដែរ បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់ជាជំនួយក្នុងការគ្រប់គ្រងលើទិដ្ឋភាពសំខាន់តាមរយៈការកាត់បន្ថយហានិភ័យ, ការលើកកម្ពស់តម្លាភាព, ការរួមបញ្ចូលនូវយន្តការក្នុងការប្រមូលនូវមតិកែលម្អ, ការសាកល្បងអនុលោមភាព និងការលើកកម្ពស់ការយល់ដឹងរបស់អតិថិជន។ បើទោះបីជាបរិស្ថានសាកល្បង បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់នូវក្របខណ្ឌនៃការគ្រប់គ្រងដែលមានលក្ខណៈបត់បែន ប៉ុន្តែបទប្បញ្ញត្តិនេះ ក៏បានធានាថារាល់ទិន្នន័យរសើបរបស់អតិថិជនត្រូវបានគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព ដែលការពារពីការបំពានឯកជនភាពទិន្នន័យ។ ទិដ្ឋភាពនៃការរួមបញ្ចូលនេះបានរួមចំណែកក្នុងការកសាង និងជំរុញទំនុកចិត្ត និងការជឿជាក់លើបច្ចេកវិទ្យាហិរញ្ញវត្ថុនវានុវត្តន៍ ដែលបានសាកល្បងនៅក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ។

-  ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការបង្កើនប្រសិទ្ធភាព៖ ការបង្កើនប្រសិទ្ធភាព គឺជាអត្ថប្រយោជន៍មួយដ៏សំខាន់នៃក្របខណ្ឌបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានជំរុញឱ្យមានការអភិវឌ្ឍន៍ផលិតផលហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ តាមរយៈការផ្តល់ជូននូវរចនាសម្ព័ន្ធ និង បរិស្ថានសាកល្បងមួយដែលមានការគាំទ្របរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុបានកាត់បន្ថយឧបសគ្គមួយចំនួនពាក់ព័ន្ធនឹងបទប្បញ្ញត្តិតម្រូវនៅក្នុងដំណាក់កាលនៃការសាកល្បង ដែលអនុញ្ញាតឱ្យក្រុមហ៊ុនប្រើប្រាស់ធនធានក្នុងការកែលម្អមុខងារ និងបង្កើនប្រសិទ្ធភាពលើការអនុវត្ត។ ដំណើរការក្នុងការបន្ធូរបន្ថយនេះ បាននាំឱ្យមាននូវដំណោះស្រាយមួយដែលមានប្រសិទ្ធភាព និងលឿនជាងមុន តាមរយៈការបង្កើនភាពងាយស្រួល និងកាត់បន្ថយចំណាយប្រតិបត្តិការ។ បន្ថែមពីនេះ ក្របខណ្ឌបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុបានជំរុញឱ្យមាននូវកិច្ចសហ-ប្រតិបត្តិការរវាងនិយ័តករ និងអ្នកជំរុញនវានុវត្តន៍ តាមរយៈការធានានូវផលិតផលមិនត្រឹមតែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុលោមស្របតាមស្តង់ដាបទប្បញ្ញត្តិ ក្នុងការបើកផ្លូវសម្រាប់ការធ្វើសមាហរណកម្មកាន់តែរលូននៅក្នុងទីផ្សារហិរញ្ញវត្ថុនៃវិស័យមូលបត្រ។

  •  ភាពពិតប្រាកដប្រជានៃបទប្បញ្ញត្តិ៖ បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានបង្កើតនូវបរិស្ថានមួយប្រកបដោយរចនាសម្ព័ន្ធ និងភាពច្បាស់លាស់ ដែលបានរួមចំណែកក្នុងការកាត់បន្ថយភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងបទប្បញ្ញត្តិតម្រូវនានា តាមរយៈការសម្រួលលើអនុលោមភាពនៃច្បាប់ ឬបទប្បញ្ញត្តិ ដែលមានលក្ខណៈស្មុគស្មាញ។ បន្ថែមពីនេះ បទប្បញ្ញត្តិនិងលក្ខខណ្ឌតម្រូវនានា ដែលបានកំណត់ក្នុងគោលការណ៍ស្តីពី “បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ” បានជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការរវាងនិយ័តករ និងអ្នកជំរុញនវានុវត្តន៍ ដោយធានានូវការចាប់យក និងកែសម្របទៅនឹងបទប្បញ្ញត្តិតម្រូវ នៅពេលដែលដំណាក់កាលសាកល្បងត្រូវបានបញ្ចប់។

  • បញ្ហាប្រឈមនៃបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ

-  ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានិងភាពរួចរាល់ផ្នែកបច្ចេកវិទ្យានៅមានកម្រិត៖ ទោះបីជាមានវឌ្ឍនភាពនៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជាក៏ដោយ ប៉ុន្តែការរីកចម្រើននេះ ក៏នៅមានកម្រិត ដែលកត្តានេះបានរារាំងក្នុងការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មី ដែលក្នុងនោះមានដូចជា បច្ចេកវិទ្យាប្លុកឆេន ដែលអាច       ប៉ះពាល់ដល់ប្រសិទ្ធភាពនៃដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈការទាមទារនូវហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ក្នុងការគាំទ្រនិងទ្រទ្រង់ដល់ការជួញដូរប្រកបដោយសុវត្ថិភាពនៅក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ។ 

-  ការកសាងសមត្ថភាព៖ ការវិវត្តន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុយ៉ាងឆាប់រហ័សបានទាមទារនូវតម្រូវការធនធានដែលប្រកបដោយចំណេះដឹង និងជំនាញបច្ចេកទេស។ ប៉ុន្តែនាពេលបច្ចុប្បន្ន គឺយើងកំពុងតែមានការខ្វះខាតនូវធនធានទាំងនេះ ទាំងនៅក្នុងស្ថាប័ននិយ័តកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកត្តានេះបង្កឱ្យមានបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុង    វិស័យមូលបត្រ។

  •  ការយល់ដឹង និងការអប់រំជាសាធារណៈ៖ ទោះបីជាបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុបាននាំមកនូវ  នវានុវត្តន៍ និងឱកាសនៃការវិនិយោគជាច្រើន ប៉ុន្តែវិនិយោគិន និងសាធារណៈជនមួយចំនួនហាក់ដូចជាមិនទាន់យល់ច្បាស់ពាក់ព័ន្ធនឹងគោលគំនិត និងអត្ថប្រយោជន៍នៃដំណោះស្រាយបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកត្តានេះ អាចបណ្តាលមកពីការយល់ដឹងនៅមានគម្លាតពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ឌីជីថល។

  • អនាគតនៃបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ

     ក្រោមក្របខ័ណ្ឌបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្របានរួមចំណែកក្នុងការបើកទ្វារនិងឱកាសសម្រាប់អាជីវកម្មក្នុងវិស័យមូលបត្រ ក៏ដូចជាគម្រោងពាក់ព័ន្ធនឹងថូខិនទ្រព្យសកម្ម ដែលក្នុងនោះរួមមានសញ្ញាបណ្ណរដ្ឋ, សញ្ញាបណ្ណសាជីវកម្ម, សញ្ញាបណ្ណបៃតង និងថូខិនទ្រព្យសកម្មផ្សេងៗ តាមរយៈការដាក់ចេញនិងជំរុញការប្រើប្រាស់ផលិតផលឱ្យបានកាន់តែទូលំទូលាយ និងមានលក្ខណៈពេញលេញ។ តាមរយៈការអនុវត្តនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងភាពងាយស្រួលនៅក្នុងវិស័យមូលបត្រ, បង្កើនបរិយាបន្នហិរញ្ញវត្ថុ, ជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងជំរុញភាពជាដៃគូរអន្តរជាតិ ដើម្បីចែករំលែកការអនុវត្តល្អៗ និងលើកកម្ពស់ក្របខ័ណ្ឌបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ ។

***អត្ថបទនេះ ត្រូវ​បាន​ចងក្រង​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​អប់រំ​តែ​ប៉ុណ្ណោះ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​អនុសាសន៍​ ​ឬ​​ដំបូន្មាន​ក្នុង​ការ​វិនិយោគ​នោះ​ទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​ការ​ខូចខាតណា​មួយ​នោះ​ឡើយ។

រៀបចំដោយ៖        និយ័តករមូលបត្រកម្ពុជា

នាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ

អ៊ីមែល៖ intermediaries@serc.gov.kh

ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១