អគារ Royal Train Square, អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្រុមហ៊ុន Krama NFT Marketplace និង ក្រុមហ៊ុន Field of Dreams កាលពី​ថ្ងៃអាទិត្យ ទី​ ២៨ ខែវិច្ឆិកា បាន​បើកសម្ពោធ​គម្រោង Full Steam Ahead ប្រចាំខែ​លើកដំបូង នៅ​ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ ដែល​ត្រូវបាន​កែលម្អ​ឡើងវិញ​យ៉ាង​ស្រស់ស្អាត​។

Full Steam Ahead គឺជា​គម្រោង​សិល្បៈ និង​ការអប់រំ ដែលមាន​រយៈពេល​ ១៤ ​ខែ ដើម្បី​អបអរ​ខួប​លើក​ទី​ ៩០ ​ឆ្នាំ​នៃ​ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ និង​ដើម្បី​លើកកម្ពស់​ការអប់រំ​ជំនាញ STEAM ដើម្បី​បង្កើត​ស្នាដៃ​គំនូរ​សិល្បៈ​ចំនួន​ ៩០ ក្នុង​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់ នៅ​អគារ​រ៉ូយ៉ាល់ត្រេនឃ្វែរ (Royal Train Square)​។

បង្កើតឡើង​ដោយ​វិចិត្រករ​កម្ពុជា​ និង​អន្តរជាតិ ដែល​ធ្វើការ​ជាមួយ​សិស្ស​អង្គការ CCF កិច្ចសហការ​នេះ​នឹង​ជួយ​លើកកម្ពស់​ការអប់រំ​ជំនាញ STEAM ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការប្រើប្រាស់​គំនិត​ច្នៃប្រឌិត និង​ការរចនា​ផ្ទាំងគំនូរ ដែល​នឹង​បង្ហាញ​នៅ​ខែធ្នូ​ខាងមុខ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៩០ ​ឆ្នាំ​នៃ​ស្ថានីយ៍​រថភ្លើង​ក្រុង​ភ្នំពេញ និង​ការបើក​ដំណើរការ​ឡើងវិញ​នូវ​អគារ Royal Train Square ដ៏ស្រស់ស្អាត​។

គម្រោង Full Steam Ahead នឹងមាន​ការតាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ដំបូងបង្អស់ «Expressive Computations» ហើយ​ស្នាដៃ​សិ​ល្បះ​ទាំងនេះ​នឹងដាក់​លក់​ក្នុងពេល​ឆាប់ៗ​នៅ Krama NFT Marketplace ក្នុងនោះ​ក៏មាន​ការសម្តែង​ដោយ​កវី​ខ្មែរ-អាមេរិកាំង លោក Kosal Khiev និង​ប្រគុំ​តន្ត្រី​ដោយ Gerard Evans ។

នាយក​គ្រប់គ្រង​អគារ Royal Train Square លោក Scott Bolls ថ្លែងថា មជ្ឈមណ្ឌល​វប្បធម៌ សិល្បៈ និង F&B ដែល​ទើបនឹង​បើក​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ទីកន្លែង​ដែល​ត្រូវបាន​រចនា​ឡើង​ដ៏ស្រស់ស្អាត សម្រាប់​ព្រឹត្តិការណ៍​ផ្សេងៗ ដូចជា​គម្រោង Full Steam Ahead នេះ​ជាដើម​។

«​យើង​មាន​ក្តីសោមនស្ស​រីករាយ​ណាស់​ក្នុង​ការរៀបចំ​គម្រោង Full Steam Ahead នេះ ពីព្រោះ​ក្នុង​នាម​ជា​អ្នក​ស្រលាញ់​សិល្បៈ ខ្ញុំ​សូម​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​សារៈសំខាន់​នៃ​ការដាក់បញ្ចូល​គ្នា​នៃ​ស្នាដៃ សិល្បៈ ដែលជា​ផ្នែក​មួយ​នៃ​ការអប់រំ​ពេញលេញ​សម្រាប់​សិស្សានុសិស្ស​។

«​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​យើង​មាន​វិចិត្រករ​ល្អៗ​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​ចង់​លើកស្ទួយ​ពួកគេ​ទាំង​នៅ​កម្ពុជា និង​នៅលើ​ឆាក​អន្តរជាតិ ហើយ​ជាមួយ​ក្រុមហ៊ុន NFT Marketplace និង Royal Train Square យើង​មាន​វេទិកា​ដ៏ល្អឥតខ្ចោះ​ដើម្បី​អនុវត្ត​»​។

លោក Scott Neeson (​ឆ្វេង​) និង​លោក Scott Bolls ។ រូបថត Norain Suon

«​នេះ​តំណាងឱ្យ​ការចាប់ផ្តើម​នៃ​ការរីកចម្រើន​នៃ​គំនូរ​សិល្បៈ​ឌីជីថល (NFTs) នៅ​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន Krama NFT Marketplace ដែលជា​ក្រុមហ៊ុន​បង្កើត​ទ្រព្យសកម្ម​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ហើយ​វា​ជា​កិត្តិយស​ណាស់​ដែលមាន​ភ្ញៀវកិត្តិយស​ជាច្រើន​នៅ​ស្ថានីយ​រថភ្លើង​នេះ ដើម្បី​បង្ហាញ​ពី​ស្នាដៃ​គំនូរ​សិល្បៈ​ដំបូងបង្អស់ ដែល​យើង​នឹងដាក់​នៅលើ​វេទិកា Krama ក្នុង​ពេល​ឆាប់ៗ​។

លោក Bolls បន្តថា​៖ «​យើង​រីករាយ​ដែលមាន​ការឧបត្ថម្ភ​ពី Field of Dreams ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ (tokenized) និង​សាងសង់​គម្រោង​អចលនទ្រព្យ សក្តានុពល​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​។ ជាមួយ Royal Train Square និង​ក្រុមហ៊ុន Krama NFT យើង​មាន​ដៃគូ​ជាច្រើន​ទៀត​ដែល​គាំទ្រ​ការងារ​​ដ៏អស្ចារ្យ​របស់​អង្គការ CCF»​។

សិល្បៈ និង​វិទ្យាសាស្ត្រ​ត្រូវបាន​ចាត់ទុកជា​ផ្នែក​ ២ ​ផ្សេង​គ្នា​នៃ​ការសិក្សា ប៉ុន្តែ​អ្នកបង្កើត​គោលនយោបាយ​អប់រំ បាន​វាយតម្លៃ​ទស្សនៈ​នេះ​ឡើងវិញ​។

ខណៈ​កម្មវិធីសិក្សា (STEM) វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​ផ្តោតលើ​ការច្នៃប្រឌិត ប៉ុន្តែ​អ្នកផ្តល់​ការអប់រំ​ដែលមាន​ឥទ្ធិពល ជឿថា​វា​បាត់​សមាសធាតុ​សំខាន់ៗ​នៃ​គំនិត​ច្នៃប្រឌិត និង​ការ​ររចនា ហើយ STEAM គឺជា​ចម្លើយ​។

ការវិវឌ្ឍ​ដើម្បី​ឱ្យមាន​ស្នាដៃ​សិល្បៈ​នៅក្នុង STEM បាននិងកំពុង​រីកចម្រើន​នៅ​ទូទាំង​ពិភពលោក រួម​នឹង​ប្រទេស​កម្ពុជា​ផងដែរ​។

«​ការអប់រំ STEAM គឺមាន​សារៈសំខាន់​សម្រាប់​សិស្សានុសិស្ស​របស់​យើង និង​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​មាន​មូលដ្ឋាន​រឹងមាំ​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដោយសារ​នោះ​ជា​កន្លែង​ដែល​ការងារ​ត្រូវការ និង​អ្វីដែល​នឹង​ពង្រឹងសមត្ថភាព​របស់​កម្ពុជា​ឱ្យបាន​ល្អ​បំផុត​ដើម្បី​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​។

Full Steam Ahead មាន​គោលបំណង​លើកកម្ពស់ STEAM​។ Norain Suon

លោក Scott Neeson ស្ថាបនិក​អង្គការ CCF មានប្រសាសន៍​ថា​៖ «​ការមាន​សិល្បៈ​នៅក្នុង​កម្មវិធីសិក្សា STEAM គឺជា​អ្វីដែល​សំខាន់​ណាស់​សម្រាប់​ពួកយើង​នៅ​អង្គការ CCF និង​សម្រាប់​កុមារ ដើម្បី​ជំរុញ​ដល់​ការបង្កើត​អ្វីដែល​ថ្មី ខណៈដែល​ធានាថា​ប្រពៃណី និង​វប្បធម៌​របស់​កម្ពុជា​នឹងមិន​បាត់បង់​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នេះ​ទេ​»​។

សាស្ត្រាចារ្យ Santoro មកពី​មន្ទីរពិសោធន៍ Metaestetica Lab ដែល​បាន​បង្កើត​គំនូ​សិល្បៈ​ឌីជីថល «Expressive Computations» សម្រាប់​គម្រោង Full Steam Ahead ជាមួយ​ក្រុម​សិស្សានុសិស្ស​របស់ CCF បាន​និយាយថា ការអប់រំ​ជំនាញ STEAM មាន​សារៈសំខាន់​ណាស់​សម្រាប់​ការដាក់បញ្ចូល​ក្នុង​មុខវិជ្ជា​បង្រៀន ដើម្បី​បង្កើត​ការយល់ដឹង​ឱ្យ​កាន់តែ​ច្រើន​អំពី​ «​ការពិត​ផ្សេងទៀត​នៃ​ពិភព​អរូបី​»​។

គីម ធារី សិស្ស​ថ្នាក់​ទី ​១១ នៃ​អង្គការ CCF បានឱ្យដឹងថា ការដាក់បញ្ចូល​កម្មវិធី​សិក្សា STEAM ទៅក្នុង​ការសិក្សា​របស់​គាត់​គឺ​បានបង្ហាញ​ពី​ការបំផុស​គំនិត​។ សិល្បៈ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ជាមួយ​នឹង​រឿងរ៉ាវ​ជាច្រើន ជាពិសេស​ការស្រមើស្រមៃ​របស់ខ្ញុំ​។ សិល្បៈ​អនុញ្ញាត​ឱ្យ​ខ្ញុំ​ស្រមើស្រមៃ​ពីអ្វីៗ​ដោយ​សេរី ដែល​ផ្តល់ឱ្យ​ខ្ញុំ​នូវ​សេរីភាព​នៅក្នុង​ពិភពលោក​ផ្ទាល់ខ្លួន​។

ធារី បន្តថា​៖ «​សិល្បៈ​ជួយ​ខ្ញុំ​ឱ្យ​យល់​អំពី​រឿងរ៉ាវ​ជាច្រើន​ដែល​កើតឡើង​នៅក្នុង​ពិភពលោក ដូចជា​ប្រពៃណី និង​វប្បធម៌​។ សិល្បៈ​ជំរុញ​ខ្ញុំ​ឱ្យ​ស្រមើស្រមៃ​ឃើញ​រូបភាព​ពិភពលោក​ថ្មី​មួយ​ជាមួយ​នឹង​អ្វី​ប្លែកៗ​ជាច្រើន​។ សិល្បៈ​ធ្វើឱ្យ​ជីវិត​ខ្ញុំ​កាន់តែ​ប្រសើរ​»៕