
គម្រោង Shinta Mani Wild នៅកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកចំពោះនិរន្តរភាពរបស់ខ្លួន។
ខណៈឧស្សាហកម្មទេសចរណ៍កំពុងផ្តោតលើនិរន្តរភាពទេសចរណ៍កាន់តែខ្លាំង លោក Mark Bibby Jackson ដែលជាអ្នកសរសេរអត្ថបទស្តីពីការធ្វើដំណើរ និងជាស្ថាបនិកនៃគេហទំព័រ Travel Begins at 40 បានគូសបញ្ជាក់អំពីការវិវឌ្ឍថ្មីៗ និងសារៈសំខាន់នៃវិស័យមួយនេះ។
Q-អាជ្ញាធរខេត្តព្រះសីហនុផ្តោតការយកចិត្តទុកដាក់ខ្លាំងលើនិរន្តរភាព ដែលជាផ្នែកមួយនៃផែនការមេរបស់ខ្លួន។ ហេតុអ្វីបានជានិរន្តរភាពមានសារៈសំខាន់ខ្លាំងម្ល៉េះ?
និរន្តរភាពមានសារៈសំខាន់នៅគ្រប់ទីកន្លែង។ ខ្ញុំបាននិយាយជាមួយមិត្តភក្តិម្នាក់ដែលធ្វើការក្នុងផ្នែកវិនិយោគ គាត់បាននិយាយថា និរន្តរភាពមិនមែនជាជម្រើសទេប៉ុន្តែវាគឺជាការវិនិយោគ។ ប្រសិនបើអ្នកកំពុងសម្លឹងទៅអនាគត នោះអ្នកត្រូវពិចារណាអំពីនិរន្តរភាពក្នុងពេលឥឡូវនេះ ហើយវាមានសារៈសំខាន់សម្រាប់ខេត្តព្រះសីហនុ ក៏ដូចប្រទេសកម្ពុជា និងពិភពលោកទាំងមូលដែរ។ ដូច្នេះអាជ្ញាធរខេត្តព្រះសីហនុ និងអ្នកនៅក្នុងវិស័យទេសចរណ៍ គួរផ្តោតលើនិរន្តរភាពឱ្យបានខ្លាំងបំផុត។
Q-ហេតុអ្វីបានជានិរន្តរភាពវិស័យទេសចរណ៍មានសារៈសំខាន់ខ្លាំងនាពេលបច្ចុប្បន្ន?
និរន្តរភាពទេសចរណ៍គឺជាអនាគត។ វាបង្ហាញកាន់តែច្បាស់ជាមួយជំងឺកូវីដ។ ប្រជាជនដឹងថា វិបត្តិអាកាសធាតុគឺមានពិតប្រាកដ ហើយពួកគេចង់ឱ្យការធ្វើដំណើររបស់ពួកគេប្រព្រឹត្តទៅល្អជាងមុន។
ការស្ទង់មតិជាច្រើននៅប្រទេសលោកខាងលិចបានបង្ហាញថានិរន្តរភាព និងការទទួលខុសត្រូវគឺជាកត្តាដ៏សំខាន់ ដែលមនុស្សគិតពិចារណា នៅពេលធ្វើដំណើរកម្សាន្តថ្ងៃឈប់សម្រាក។ ឥឡូវសំណួរមិនមែនគ្រាន់តែសួរអំពីវិធីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថាតើត្រូវធ្វើដូចម្តេចដើម្បីទទួលបានផលវិជ្ជមានច្រើនបំផុត នៅពេលធ្វើដំណើរ។
Q-តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកធ្វើដំណើរ និងប្រតិបត្តិករអាជីវកម្ម?
ប្រតិបត្តិករអាជីវកម្មទទួលបានអត្ថប្រយោជន៍ច្រើនពីនិរន្តរភាពទេសចរណ៍ ពីព្រោះវាជាអនាគត។ ប្រាកដណាស់ អាជីវកម្មដែលនៅដំណើរការនឹងទទួលបាននិរន្តរភាព។ អ្នកអាចមាននិរន្តរភាពពីការគិតត្រឹមត្រូវ ឬពីការយល់ដឹងល្អអំពីអាជីវកម្ម។ ចំពោះអ្នកធ្វើដំណើរ យើងទាំងអស់គ្នានឹងដើរកម្សាន្តដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ បើមិនដូច្នេះទេយើងនៅផ្ទះ។ និរន្តរភាពការធ្វើដំណើរ គឺជាកត្តាដ៏រីករាយបំផុត។ វាធ្វើឱ្យអ្នកជឿថា តាមរយៈការធ្វើដំណើរទៅកន្លែងណាមួយ អ្នកនិងផ្តល់អត្ថប្រយោជន៍ដល់ទាំងសហគមន៍ និងភពផែនដី។
ខ្ញុំបានស្នាក់នៅរមណីយដ្ឋានផ្កាយ ៥ ជាច្រើនកន្លែង គឺថាមានអារម្មណ៍ដូចគ្នា។ ទោះយ៉ាងណាក៏ដោយ បើអ្នកបានចូលឱ្យជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន នោះអ្នកនឹងដឹងថាបទពិសោធនៃការធ្វើដំណើររបស់អ្នកគឺមានអត្ថន័យខ្លាំង។ និរន្តរភាពគឺជាការធ្វើដំណើរថ្មីដ៏អស្ចារ្យ។

លោក Mark Bibby Jackson. SUPpLIED
Q-តើការអភិវឌ្ឍនិរន្តរភាពវិស័យទេសចរណ៍ នៅកម្ពុជានាពេលថ្មីៗនេះមានអ្វីខ្លះ?
ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងចំពោះវិធានការឆ្ពោះទៅរកនិរន្តរភាពទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា ខណៈគម្រោងប្រណីតៗដូចជាគម្រោង Shinta Mani Wild អាចទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ហើយមានគម្រោងទេសចរណ៍ធម្មជាតិតាមសហគមន៍ (CBET) ដ៏អស្ចារ្យមួយចំនួននៅក្នុងប្រទេស ដែលទេសចរអាចស្នាក់នៅផ្ទះសហគមន៍បាន។
ទាំងនេះគឺជាអត្ថប្រយោជន៍សម្រាប់បរិស្ថាន និងសហគមន៍ ក៏ដូចជាផ្តល់ឱ្យអ្នកធ្វើដំណើរនូវបទពិសោធដែលមិនអាចបំភ្លេចបានអំពីជីវិតនៅតាមជនបទក្នុងប្រទេសកម្ពុជា។ ប៉ុន្តែទាំងនេះបានរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ ទោះយ៉ាងណាក៏ទេសចរណ៍ក្នុងស្រុកមានកំណើនដែរ។
អេកូទេសចរណ៍ក៏ជួយរក្សាបាននូវផ្នែកខ្លះក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ បើមិនដូច្នេះទេវាអាចរងផលប៉ះពាល់ ដោយសារសម្បទានដីធ្លី។ អង្គការ Wildlife Alliance កំពុងធ្វើការងារដ៏អស្ចារ្យក្នុងការអភិរក្សសត្វព្រៃនៅកម្ពុជា ហើយតំបន់ទេសចរណ៍ធម្មជាតិ Cardamom Tented Camp តំណាងឱ្យពន្លឺដ៏ចែងចាំងអំពីទេសចរណ៍ធម្មជាតិដ៏អស្ចារ្យនៅកម្ពុជា។
Q-តើមានការវិវឌ្ឍចម្បងៗទៅលើនិរន្តរភាពទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាដែរឬទេ?
ខ្ញុំគិតថាចំណុចសំខាន់គឺត្រូវព្យាយាមឱ្យវិស័យទេសចរណ៍ធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយកម្ពុជាឱ្យក្លាយជាគោលដៅមួយ។ ជាយូរមកហើយ គេមើលឃើញថា ថៃ ឬវៀតណាមគឺជាគោលដៅពេញនិយមមួយ។ នៅកម្ពុជាមានអ្វីដែលត្រូវទស្សនាច្រើនណាស់ ហើយរយៈពេល ២ សប្តាហ៍គឺមិន គ្រប់គ្រាន់ទេ។
សម្រាប់ឆ្នាំ ២០២២ ឬប្រហែលជាឆ្នាំ ២០២៣ ទេសចរនឹងមិនទៅកាន់គោលដៅច្រើនទេ ដោយសារតែវាស្មុគស្មាញ និងប្រថុយប្រថានពេក។ ដូច្នេះកម្ពុជាត្រូវលើកកម្ពស់ជាគោលដៅតែមួយ។ ខ្ញុំគិតថា យុទ្ធនាការតាមអនឡាញអាចចាប់ផ្តើមដើម្បីសម្រេចបានគោលដៅនេះ។
សម្រាប់ខ្ញុំ ខ្ញុំបានព្យាយាមផ្សព្វផ្សាយទស្សនៈរបស់ START Cambodia (និរន្តរភាពទេសចរណ៍ និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ)។ គំនិតនេះគឺដើម្បីឱ្យវិស័យអេកូទេសចរណ៍/និរន្តរភាព រួមគ្នាលើកកម្ពស់ប្រទេសជាតិជាគោលដៅប្រកបដោយនិរន្តរភាព។
យើងមានផែនការអាជីវកម្មរួចហើយ និងបានបង្កើតទស្សនៈសម្រាប់យុទ្ធនាការផ្សព្វផ្សាយ និងគេហទំព័រ សម្រាប់បណ្តាញ STaRT នៃសហគ្រាសទេសចរណ៍និងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព។ បច្ចុប្បន្នយើងកំពុងស្វែងរកការគាំទ្រ និងចាក់បញ្ចូលហិរញ្ញវត្ថុតិចតួច ដើម្បីចាប់ផ្តើមបណ្តាញ STaRT។
Q-តើលោកចង់និយាយបែបណាចំពោះអ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍ដែលនៅស្ទាក់ស្ទើរក្នុងការចាប់យកនិរន្តរភាព?
វាគឺជាអនាគត អ្នកពិតជាគ្មានជម្រើសទេ។ តាមរយៈការស្ទង់មតិអំពីការធ្វើដំណើរក្រោយកូវីដ គឺបានបង្ហាញថា និរន្តរភាព គឺជាអាទិភាពនៃការធ្វើដំណើរ។ ការប្រែប្រួលអាកាសធាតុគឺមានពិតប្រាកដ ហើយនៅពេលយើងកាន់តែអភិវឌ្ឍ នោះនឹងមានការដាក់កម្រិតកាន់តែច្រើនទៅលើអ្វីដែលយើងអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន។ ដូច្នេះវាជាការល្អប្រសើរដែលយើងត្រូវត្រៀមខ្លួនឱ្យបានរួចរាល់។
Q-តើអនាគតសម្រាប់ការធ្វើដំណើរប្រកបដោយនិរន្តរភាព គឺជាអ្វី?
និរន្តរភាពនៃការធ្វើដំណើរគឺជាអនាគត។ អនាគតនៃការធ្វើដំណើរគឺជានិរន្តរភាព។ លុះត្រាតែប្រទេសកម្ពុជា ឬប្រទេសផ្សេងទៀតយល់អំពីបញ្ហានេះ បើមិនដូច្នេះទេវានឹងបាត់បង់នូវចក្ខុវិស័យសម្រាប់គោលដៅទេសចរណ៍ផ្សេងទៀត៕