Shinta Mani Wild គឺជា​រមណីយដ្ឋាន​ដ៏ប្រណីត​ដែល​ទទួល​ពានរង្វាន់​អន្តរជាតិ គឺមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ដ៏ស្ងប់ស្ងាត់​នៃ​ជួរ​ភ្នំក្រវាញ​កំពុង​ជួយ​លើកកម្ពស់​ដល់​ការធ្វើ​ដំណើរ​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា និង​ដាក់​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងរឹងមាំ​នៅលើ​ផែនទី​អន្តរជាតិ​សម្រាប់​និរន្តរភាព​ទេសចរណ៍​។

ស្ថិតនៅលើ​ផ្ទៃដី​ជាង ៣៥០ ​ហិកតា​ក្នុង​ខេត្តកោះកុង រមណីយដ្ឋាន Shinta Mani Wild គឺជា​លទ្ធផល​នៃ​កិច្ចសហការ​រវាង​ពាណិជ្ជករ​កម្ពុជា​លោក Sokoun Chanpreda និង​អ្នក​រចនា​ម៉ូដ​អាមេរិក លោក Bill Bensley ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ដើម្បី​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​ដ៏មាន​តម្លៃ​នៅ​ភាគនិរតី​នៃ​ប្រទេស​កម្ពុជា​។

លោក David Steyn អ្នកគ្រប់គ្រង​ទូទៅ​នៃ​រមណីយដ្ឋាន Shinta Mani ថ្លែងថា​៖ «​នៅក្នុង​ខែធ្នូ ឆ្នាំ​ ២០១៨ រមណីយដ្ឋាន Shinta Mani Wild ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើការ​ជាមួយ​សហគមន៍ និង​អង្គការ Wildlife Alliance ដើម្បី​ការពារ​តំបន់​ធម្មជាតិ​រវាង​តំបន់​កំពុង​អភិវឌ្ឍន៍ និង​តំបន់​ព្រៃ​នៃ​ភ្នំក្រវាញ​នៅ​ភាគខាងត្បូង​»​។

«​លោក Bill Bensley ដែលជា​អ្នក​រចនា​សណ្ឋាគារ Shinta Mani, ជា​សហម្ចាស់​, ជា​មិត្តភក្តិ​ល្អ និង​ដៃគូ​អាជីវកម្ម​របស់គាត់​គឺ​លោក Sokoun Chanpreda បាន​ទិញ​ដី​រួមគ្នា​ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​តំបន់​នោះ​»​។

លោក David Steyn

តំបន់​ព្រៃភ្នំ និង​ដាច់ស្រយាល​របៀប​ផ្សងព្រេង​បែបនេះ ដើម្បី​ចូលទៅ​ដល់​គឺ​ត្រូវ​ចាប់ផ្តើម​ដោយ​ការជិះ​រថយន្ត jeep សម័យ​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ហើយ​មុនពេល​ទៅដល់​រមណីយដ្ឋាន​ដ៏ប្រណីត​នេះ អ្នក​ត្រូវ​ជិះ​ខ្សែ​រ៉ក​ប្រវែង ៤០០ ​ម៉ែត្រ​។

«​ក្នុង​អំឡុងពេល​សាងសង់ អ្វីៗ​ត្រូវបាន​ដឹក​មក​ដោយ​ប្រើ​រទេះក្របី ដូច្នេះហើយ​រាល់​ផ្លូវចេញចូល​គឺមាន​តែមួយ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យប៉ះពាល់​តិចតួច​បំផុត និង​ដុះ​ត្រឡប់មកវិញ​ក្នុង​រយៈពេល​ដ៏​ខ្លី​»​។

«​ផ្លូវ​ និង​អគារ​ត្រូវបាន​ផ្លាស់​ទី ដែល​អនុញ្ញាត​ឱ្យ​ដើមឈើ​បន្ត​លូតលាស់ និង​មិនមាន​ដើមឈើ​ណាមួយ​ត្រូវបាន​កាប់បំផ្លាញ​អំឡុងពេល​សាងសង់​នោះទេ​។ វា​ក៏​អនុញ្ញាតឱ្យ​សត្វព្រៃ​ដើរហើរ​ដោយ​គ្មាន​ការរំខាន ហើយក៏​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ផ្លូវទឹក​ហូរ​បែប​ធម្មជាតិ​ផងដែរ​»​។

លោក Steyn បន្តថា​៖ «​ការទទួល​ស្គាល់​ដំបូង​គឺ​សំខាន់​ណាស់​សម្រាប់​ការសាងសង់​អចលនទ្រព្យ ដើម្បីឱ្យ​ការសាងសង់​មាន​ផលប៉ះពាល់​តិច​ និង​មាន​និរន្តរភាព គឺជា​អ្វីដែល​ស្ថាបត្យករ អ្នក​រចនា និង​ម្ចាស់ តែង​ផ្តោត​សំខាន់​។ គោលដៅ​គឺ​ធ្វើឱ្យ​មាន​ផលប៉ះពាល់​តិចតួច​បំផុត​ទៅលើ​ព្រៃឈើ​តាម​ដែល​អាច​ធ្វើបាន​»​។

Shinta Mani Wild ធ្វើការ​ជាមួយ​អង្គការ​អភិរក្ស​អន្តរជាតិ​មិន​ស្វែងរក​ប្រាក់ចំណេញ Wildlife Alliance ដើម្បី​ធានាថា វា​ត្រូវបាន​ការពារ​ពី​ការកាប់​ឈើ និង​ការ​បរបាញ់​។

«​តាមរយៈ​មូលនិធិ Shinta Mani យើង​សហការ​ជាមួយ​អង្គការ Wildlife Alliance និង​ក្រុម​អនុរក្ស​របស់​ពួកគេ ដែល​ដើរល្បាត​ព្រៃ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ស្វែងរក​ និង​បំផ្លាញ​ជំរំ​កាប់​ឈើ​ខុសច្បាប់ ក៏ដូចជា​រឹបអូស​រណារ​អារឈើ បំផ្លាញ​អន្ទាក់​ទាក់​សត្វ ដែល​អាច​ប៉ះពាល់​ដល់​កូនដំរី និង​សំបុក​បក្សី​»​។

លោក Steyn បន្តថា​៖ «​រហូត​មកដល់​ពេលនេះ យើង​រឹបអូស​បាន​រណារអារ​ឈើ​ចំនួន ៣៨៥​ គ្រឿង អន្ទាក់​ទាក់​សត្វ​ចំនួន ៥ ៩៥២ អន្ទាក់​ជា​សម្ភារ​ដែល​បំផ្លាញ​ព្រៃឈើ ហើយ​នោះ​គ្រាន់តែ​ជា​ក្រុម​តូច​មួយ​របស់​យើង​នៅទីនេះ​។ ទប់ស្កាត់​ការជួញដូរ​សាច់សត្វ​ខុសច្បាប់ ក៏​ជា​ផ្នែក​មួយ​នៃ​ការងារ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ផងដែរ​»​។

ភ្ញៀវ​អាច​ចូលរួម​ការពារ​ព្រៃឈើ​តាមរយៈ​ការចូលរួម​ល្បាត​ប្រឆាំង​ការបរបាញ់ ជាមួយគ្នា​ក៏​រីករាយ​ជាមួយ​ធម្មជាតិ​ដ៏​ខៀវស្រងាត់​ព័ទ្ធជុំវិញ មើល​ទឹកធ្លាក់ មើល​បក្សាបក្សី ជិះទូក​កម្សាន្ត ខណៈ​ការ​ចម្អិន​អាហារ​ជាមួយ​ចុងភៅ ការឡើង​ភ្នំ និង​ការមើល​មេអំបៅ សុទ្ធសឹង​ជា​សកម្មភាព​ដ៏រីករាយ​នៅពេល​ដើរ​កម្សាន្ត​ក្នុងព្រៃ​។

លោក Steyn ពន្យល់ថា ពាក្យស្លោក​របស់ Shinta Mani គឺ «open hearts, open doors» ដែល​ធានាថា​អាជីវកម្ម​របស់ខ្លួន​ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​ក្រមសីលធម៌ និង​និរន្តរភាព តាម​ដែល​អាច​ធ្វើបាន និង​ធ្វើការ​ជាមួយ​ក៏ដូចជា​គាំទ្រ​សហគមន៍​មូលដ្ឋាន​។

រមណីយដ្ឋាន Shinta Mani Wild ស្ថិតនៅលើ​ទីតាំង​ទំហំ​ជាង ៣៥០ ​ហិកតា​។

កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ Shinta Mani Wild ក្នុងការ​ការពារ​បរិស្ថាន និង​ការគាំទ្រ​សហគមន៍ ក៏ដូចជា​ផ្តល់នូវ​បទពិសោធ​វិស្សមកាល ដែល​មិនអាច​បំភ្លេចបាន ធ្វើឱ្យ​រមណីយដ្ឋាន​នេះ​ទទួលបាន​ពានរង្វាន់​ជា​សកល​«Eco-Friendly Accommodation of the Year» នៅឯ​ពិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ Luxury Travel Group Asia and Australia Awards 2020​។

ក្រៅពីនោះ​ក៏​ទទួលបាន​ការ​កោតសរសើរ​ពី​ទស្សនាវដ្តី​ទេសចរណ៍​អន្តរជាតិ​ល្បីៗ​ដូចជា Time, Tatler និង Harper''s Bazaar ក៏ដូចជា​អត្ថបទ​របស់​អ្នកសារព័ត៌មាន Juliet Kinsman នៅ​ទស្សនាវដ្តី Conde Nast Traveller ផងដែរ​។

«​ចាប់តាំងពី​បើក​ដំណើរការ​មក ដោយសារ​ការផ្តល់ជូន​បទពិសោធ​ដ៏ពិសេសៗ យើង​ពិតជា​រីករាយ​ និង​អរគុណ ដែល​ទទួលបាន​ពានរង្វាន់ និង​ការទទួលស្គាល់​សំខាន់ៗ​ជាច្រើន ដែល​វា​ពិតជា​មានតម្លៃ​ខ្លាំងណាស់​នៅ ក្នុង​ការផ្សព្វផ្សាយ និង​បង្កើន​ការយល់ដឹង​នៅ​ទូទាំង​ពិភពលោក​»​។

«​ហើយ​កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​មាស​ឆ្នាំ​ ២០២២ របស់​ទស្សនាវដ្ដី Conde Nast Traveler ដែល​គេ​ឱ្យ​តម្លៃ​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក​។

លោក Steyn បាន​បន្ថែមថា​៖ «​ខ្ញុំ​គិតថា មិនមាន​វិធី​ណា​ទៀត​ទេ​នៅក្នុង​ពិភពលោក​ក្នុងពេល​ឥឡូវនេះ​។ ប្រសិនបើ​អ្នក​មិន​ធ្វើ​អ្វីដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ថែរក្សា និង​អភិរក្ស​ទេ នោះ​អ្នក​មិនគួរ​ធ្វើ​ប្រតិបត្តិការ​ទេ​។

វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​បន្ត​​រំឭក និង​បង្រៀន​មនុស្ស​ឱ្យ​យល់​ដឹងថា យើង​គឺ​ត្រូវបាន​ផ្សារភ្ជាប់​ដោយ​មិនអាច​កាត់ផ្តាច់​បាន​ពី​ផែនដី និង​ប្រព័ន្ធ​អេកូ​របស់​វា​»៕