ផ្លេតហ្វម​ទ្រព្យ​ឌីជីថល​របស់​កម្ពុជា (Krama NFT Marketplace) ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ Royal Train Square កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ដែល​បង្ហាញ​ពី​ការផ្លាស់ប្តូរ​សម័យកាល​សម្រាប់​ស្នាដៃ​សិល្បៈ​របស់​កម្ពុជា​ជាមួយ​នឹង​ការណែនាំ​ផ្លេតហ្វម​ទ្រព្យ​ឌីជីថល​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។

ការប្តេជ្ញាចិត្ត​ក្នុងការ «​ថែរក្សា អភិរក្ស និង​លើកកម្ពស់​វប្បធម៌​ខ្មែរ​» Krama NFT ស្វែងរក​ការផ្តល់ឱ្យ​វិចិត្រករ​កម្ពុជា​នូវ​អត្ថប្រយោជន៍​ដែល​មិន​ធ្លាប់មាន​ពីមុន ដោយសារ​ការកើនឡើង​នៃ​គំនូរ​សិល្បៈ​បែប​ឌីជីថល ជាពិសេស​ទ្រព្យ​កម្មសិទិ្ធ​ឌីជីថល (NFT) បាន​បង្កើតឡើង​។

គំនូរ​សិល្បៈ​បែប​ឌីជីថល ជាពិសេស NFT បាន​ផ្ទុះឡើង​នៅ​ទូទាំង​ពិភពលោក ដោយសារ​តែ​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា និង​ការទទួល​យក​ជា​ចម្បង​នៃ​រូបិយប័ណ្ណ​គ្រីបតូ (cryptocurrency) ដែល​គាំទ្រ​ដោយ blockchain បាន​បង្កើត​ឱកាស​ថ្មី និង​ការផ្លាស់ប្តូរ​ជា​សកល ឆ្ពោះ​ទៅរក​ទ្រព្យ​ឌីជីថល​ពិសេស និង​អាច​ផ្ទៀងផ្ទាត់​បាន​។

«​នៅពេល​ដែល​លុយ​ក្រឹត្យ (fiat) បន្ត​ផ្តល់​ផល​អវិជ្ជមាន វិនិយោគិន បាន​ងាក​ទៅ​ផ្លាស់ប្តូរ​សាច់ប្រាក់​បែប​ប្រពៃណី ទៅរក​រូបិយប័ណ្ណ​គ្រីបតូ ដូចជា Bitcoin និង Ethereum ដែល​ជា​ជម្រើស​រូបិយប័ណ្ណ NFT cryptocurrency »​។

សិស្ស​កំពុង​បង្កើត​ស្នាដៃ​គំនូរ​សិល្បៈ​របស់​ពួកគេ​នៅក្នុង​ព្រឹត្តិការណ៍​នោះ​។

"​លើសពីនេះ​ទៀត ការវិនិយោគ​រូបិយប័ណ្ណ​គ្រីបតូ​ទៅលើ​ទ្រព្យ​កម្មសិទ្ធិ​ឌីជីថល (NFTs) គឺ​ផ្តល់នូវ​សក្តានុពល​កាន់តែច្រើន​ជាមួយ​នឹង​អត្ថប្រយោជន៍ ដូចជា​ការបញ្ជាក់​ភាពជា​ម្ចាស់ និង​សមត្ថភាព​ក្នុង​ការផ្ទេរ NFTs បាន​ភ្លាមៗ​។

លោក Scott Bolls នាយក Krama NFT Marketplace ថ្លែងថា​៖ « ផ្លេតហ្វម Krama NFT marketplace ជាដំបូង​នឹង​ផ្តល់នូវ​ឱកាស​សម្រាប់​អ្នកបង្កើត និង​អ្នកប្រមូល​ស្នាដៃ​សិល្បៈ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពីអ្វីៗ​ទាំងនេះ ដោយ​ការប្រមូល​ទ្រព្យ​ទាំង​រូបវន្ត និង​ឌីជីថល ខណៈ​ជួយ​ការការពារ អភិរក្ស និង​លើកកម្ពស់​វប្បធម៌​ខ្មែរ​»​។

សម្រាប់​កម្មវិធី Full Steam Ahead កាលពី​ថ្ងៃអាទិត្យ គឺជា​ព្រឹត្តិការណ៍​បំផុសគំនិត​សិល្បៈ​តាមរយៈ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដោយ​សហការ​ជាមួយ​អង្គការ​មូលនិធិ​កុមារ-​កម្ពុជា (CCF) ក្នុងនោះ​គំនូរ​ឌីជីថល​/​រូបវន្ត ៣ ​ដំបូង​ដែល​បានបញ្ចប់ ត្រូវបាន​សម្ពោធ ដែលជា​ផ្នែក​មួយ​នៃ​ការដេញថ្លៃ​តាម​អនឡាញ​រយៈពេល​ ២​ សប្តាហ៍​ដំបូង នៅលើ​ផ្លេតហ្វម Krama NFT marketplace​។

ស្នាដៃ​សិល្បៈ​ចំនួន​ ៦ ក្នុងចំណោម​ ២០ ត្រូវបាន​បង្កើត​ឡើង​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ CCF ជាមួយ​ស្នាដៃ​សិល្បៈ​ឌីជីថល ទាំង​មកពី​សិស្ស​អង្គការ CCF ឬ​តាមរយៈ​ការបំផុស​គំនិត​ដោយ​គំនូរ​របស់​ពួកគេ ចូលរួម​ជាមួយ​ស្នាដៃ​របស់​វិចិត្រករ​កម្ពុជា​នៅលើក​ផ្លេតហ្វម Krama NFT ។

សិស្ស​បាន​បង្កើត​ទស្សនាវដ្តី​សាលា​។

NFT របស់​កម្ពុជា​ដំបូង​គេ ដាក់លក់​ដេញថ្លៃ​នៅ​កម្ពុជា​គឺ​ «Digital Computations» ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​សិស្ស​អង្គការ CCF ដែលជា​ផ្នែក​មួយ​នៃ​គម្រោង Metaestetica Lab ដោយ​វិចិត្រករ សាស្ត្រាចារ្យ Carlo Santoro ។

មូលនិធិ​បាន​ពី​ការលក់ NFTs របស់ CCF នឹង​យកទៅជួយ​ដល់​ការអភិវឌ្ឍ​កម្មវិធីសិក្សា STEAM ដែល​ដាក់​សិល្បៈ​នៅក្នុង​វិធីសាស្ត្រ​បង្រៀន​បែប​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​គណិតវិទ្យា (STEM)​។

ការរំលេច​មួយ​នៃ​គម្រោង FSA គឺ «The Wonderful Woman Wall» បានបង្ហាញ​ពី​ឥទ្ធិពល​របស់​ស្ត្រី ជាច្រើន​ជំនាន់ ( CCF’s three eldest grandmothers, three mothers and three daughters) ដែល​ត្រូវ​បង្កើតឡើង​ដោយ​សិស្ស​អង្គការ CCF ក្រោម​ការជួយ​ណែនាំ​ពី​វិចិត្រករ​អាល្លឺម៉ង់ Danilo Halle​។

វិចិត្រករ​ដ៏ល្បី​របស់​កម្ពុជា​លោក ហួរ សុបិន បាន​ចូលរួម​ក្នុងការ​បង្កើត​គំនូរ​ដែលមាន​ក្បូរក្បាច់​រចនា​ដ៏ស្រស់ស្អាត ខណៈ​វិចិត្រករ​ឌីជីថល Svay នៅក្នុង​សិក្ខាសាលា​បានបង្ហាញ​អំពី​បច្ចេកវិទ្យា VR​។

គម្រោង FSA ដែល​កំពុង​ដាក់តាំង​បង្ហាញ​ក៏​រួមមាន​គម្រោង​ «The Wolf and the Raven» ជាមួយ​កវី​ខ្មែរ Kosal Khiev, «Hives and Hexagons» និង​គម្រោង​ទស្សនាវដ្ដី Bangkert school ដោយ​សិស្ស​សាលា Neeson Cripps Academy របស់​អង្គការ CCF​។

លោក Scott Bolls, លោក Neeson និង​ភ្ញៀវ​ដែល​បាន​ចូលរួម​។ រូបថត Supplied

ស្ថាបនិក និង​នាយក​ប្រតិបត្តិ​អង្គការ CCF លោក Scott Neeson និង​សិស្ស​ជាច្រើន​នាក់​ដែល​គម្រោង FSA សហការ​ជាមួយ Krama NFT ក៏មាន​វត្តមាន​ចូលរួម​ដែរ​។

យុវតី​ម្នាក់​ឈ្មោះ​ ស្រីណែត ឱ្យដឹង ថា ជា​ផ្នែក​មួយ​នៃ​គម្រោង FSA វា​គឺជា​ «​ឱកាស​ដ៏ពិសេស​មួយ​។

អ្នកចូលរួម​ជាច្រើន​មិនទាន់​បាន​ទៅ​សាលា Neeson Cripps Academy នៅឡើយ ហើយ​ខ្ញុំ​រីករាយ​ក្នុង​ការពន្យល់​អំពី​សាលា CCF ដល់​ពួកគេ​»​។

ស្រីណែត​ បាន​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ ពេលវេលា​ដ៏ល្អ​បំផុត​គឺ​ជាមួយ​ការងារ​សិល្បៈ ហើយ​ភ្ញៀវ​រីករាយ​នឹង​សក្តានុពល​របស់​យើង និង​សាកសួរ​អំពី​គម្រោង​នានា​។ វា​ជា​ឱកាស​ពិសេស​ក្នុង​ការពន្យល់ និង​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​អំពី​គម្រោង ដូចជា​ទស្សនាវដ្តី​សាលា​របស់​យើង​»​។

លោក Bolls ថ្លែងថា វា​ពិតជា​រីករាយ​ណាស់​ដែល​បានឃើញ​តំបន់​ជុំវិញ​ស្ថានីយ​រថភ្លើង​ភ្នំពេញ​មាន​ភាពអ៊ូអរ​ជាមួយ​វត្តមាន​សិស្ស វិចិត្រករ អ្នកប្រមូល​ស្នាដៃ​សិល្បៈ និង​សាធារណជន​ចូលរួម​ក្នុង​ពិធី​ដ៏មាន​សារៈសំខាន់​នេះ​។

លោក​បន្តថា​៖ «​ស្ថានីយ​រថភ្លើង​ភ្នំពេញ​មាន​អាយុកាល​ជាង ៩០ ​ឆ្នាំ​ហើយ និង​បាន​ដើរតួនាទី​ដ៏សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​កម្ពុជា​។ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ពិសេស​ណាស់ ខណៈដែល Royal Train Square ត្រូវ​កែលម្អ​ឡើងវិញ​យ៉ាង​ស្រស់ស្អាត និង​បាន​ណែនាំ​ផ្លេតហ្វម​ដ៏អស្ចារ្យ​ដូចជា Krama NFT Marketplace នេះ​។

លោក Bolls បន្ថែមថា​៖ «​ជាមួយ​នឹង​លទ្ធផល​ដ៏អស្ចារ្យ​សម្រាប់​ការបើកសម្ពោធ​ដ៏រីករាយ​នៅ​ស្ថានីយ​រថភ្លើង​នេះ វា​ពិតជា​រីករាយ​ណាស់ ដែល​ឃើញ​« the old lady» អ៊ូអរ​ម្តងទៀត​»៕