ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពី​ថ្ងៃ​ពុធ​កន្លងទៅ បានរៀបចំ​សន្និសីទ​សារព័ត៌មាន​នៅឯ​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បី​ប្រកាស​អំពី​ការដាក់លក់​ផលិតផល​ថ្មី ដែលជា​ស្រាបៀរ ដ្រាហ្វ ច្រកចូល​ដប​ដំបូងបង្អស់​នៅ​កម្ពុជា ឈ្មោះថា «​ស្រាបៀរ កម្ពុជា ព្រី​មៀម ដ្រាហ្វ CAMBODIA PREMIUM DRAFT BEER»​។

ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ផ្កាហប់​ពិសេស​មកពី​អឺរ៉ុប​បានធ្វើឱ្យ​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ​ច្រក​ក្នុង​ដប​ដ៏​ពិសេស​នេះ​មាន​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ និង​ស្រស់ស្រាយ សម្រាប់​អ្នកទទួល​ទាន​នៅ​គ្រប់​ទីកន្លែង​ជាមួយ​នឹង​គុណភាព​ដែល​ល្អ​បំផុត​។

កម្មវិធី​នោះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧកញ៉ា លាង ពៅ (​ភីធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។

លោក​ឧកញ៉ា លាង ពៅ (​ភីធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​មានប្រសាសន៍​ថា​៖ «​ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស តែង​នាំនូវ​អ្វី​ប្លែក និង​ថ្មី​លើសពី​ការរំពឹងទុក​របស់​អតិថិជន ដោយ​សម្រេច​ផលិត​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ​។ អតិថិជន​អាច​ពិសា​ស្រាបៀរ ដ្រាហ្វ នៅផ្ទះ និង​គ្រប់​ទីកន្លែង​យ៉ាង​ងាយ​ខុសពី​សម័យមុន​ដែល​តម្រូវឱ្យ​អតិថិជន​ទៅ​បារ៍ ផាប់ ឬ​ភោជនីយដ្ឋាន​ផ្ទាល់​ទើប​អាច​ទទួលទាន​ស្រាបៀរ ដ្រាហ្វ បាន​»​។

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Flash Pasteurization និង​ផ្កាហប់​ពិសេស (Special Hops) មាន​រសជាតិ​ស្រស់​បំផុត ឬ Super Fresh និង​មាន​អាយុកាល​រហូតដល់​ទៅ ១៨០ ​ថ្ងៃ ច្រកចូល​ក្នុង​ដប​ពណ៌​បៃតង ដែលមាន​ឡាប៊ែល​ពិសេស​អាច​បញ្ចេញ​ពន្លឺ​នៅពេល​ប៉ះ​ជាមួយ​ភ្លើង UV ក្នុង​កន្លែង​ងងឹត ឬ Glow in the dark​។

ដប​ដែល​រចនា​ដ៏ប្រណីត​នេះ ក៏មាន​សញ្ញា​ផ្កាយ​នៅ​កដប ដែល​នឹង​ប្រែ​ពណ៌​ពី​ប្រាក់​ទៅជា​ខៀវ​នៅពេល​ស្រាបៀរ​ត្រជាក់​ដល់​កម្រិត ក៏ដូចជា​មាន​កម្រប​ងាយស្រួល​បើក និង​មាន​សំឡេង​ពីរោះ​។ លក្ខណពិសេស​ទាំងនេះ គឺមាន​ស្រាបៀរ​កម្ពុជា​តែប៉ុណ្ណោះ​។

លោក​ឧកញ៉ា លាង ពៅ បាន​អះអាង​ថា​៖ «​ខ្ញុំបាទ​ហ៊ាន​និយាយថា ខ្មែរ ប៊ែវើរីជីស គឺជា​ក្រុមហ៊ុន​ទី​ ១ ​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​ប្រហែលជា​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ ដែល​ផលិត​ស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រក​ក្នុង​ដប​។ វា​គឺ​មិនមែន​ជា​ស្រាបៀរ ដ្រាហ្វ ធម្មតា​នោះទេ វា​គឺជា​ព្រីមៀម ដ្រាហ្វ បៀរ ច្រកចូល​ក្នុង​ដប​ពណ៌​បៃតង​យ៉ាង​ល្អ​ប្រណីត​» ។

ទន្ទឹមនឹងនេះ លោក​បណ្ឌិត Zvonimir Nemet នាយក​រោងចក្រ​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជា​អ្នកជំនាញ និង​មាន​បទពិសោធ​ផលិត​ស្រាបៀរ​យូរ​ឆ្នាំ​មកពី​ប្រទេស​អាល្លឺម៉ង់​បានឱ្យដឹង​ដែរ​ថា​៖ «​ការផលិត​ស្រាបៀរ ដ្រាហ្វ ច្រកចូល​ក្នុង​ដប មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ពោលគឺ​មាន​ការលំបាក​ច្រើន និង​ត្រូវការ​ធនធាន​ច្រើន​ដូចជា​ការវិនិយោគ​ខ្ពល់​លើ​បច្ចេកវិទ្យា Flash Pasteurization និង​ការបំពាក់​បន្ទប់​ពិសេស (hygiene room) ដើម្បី​ធានា​គុណភាព និង​រសជាតិ​ស្រស់​របស់​ស្រាបៀរ​»​។

លោក​បណ្ឌិត Zvonimir Nemet បន្តថា ដើម្បី​អាច​ច្រក​ស្រាបៀរ​ដ្រាហ្វ​ចូល​ទៅក្នុង​ដប​ពណ៌​បៃតង​បាន​គឺ​ទាមទារ​ការសិក្សា និង​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ពីព្រោះថា ដប​ពណ៌​បៃតង​គឺ​ងាយ​ស្រូប​ពន្លឺព្រះអាទិត្យ ដែល​អាចធ្វើឱ្យ​ប្រែប្រួល​ដល់​រសជាតិ​នៃ​ស្រាបៀរ​។

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ មាន​រសជាតិ​ស្រស់​ឆ្ងាញ់​ខុសពី​ស្រាបៀរ​ធម្មតា​។ ហុង មិនា

ហេតុដូច្នេះ ទើប​ក្រុមហ៊ុន​ត្រូវ​​និយោគ​លើ​បច្ចេកវិទ្យា Flash Pasteurization និង​ជ្រើសរើស​ផ្កាហប់​ពិសេស​ (Special Hops) ដែលមាន​តម្លៃ​ខ្ពស់​នាំចូល​ពី​អឺរ៉ុប​ក្នុង​ការផលិត​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ដែលមាន​រសជាតិ​ស្រស់​បំផុត និង​ក្លិន​ឈ្ងុយ​ឈ្ងប់​។

ដើម្បី​ធ្វើឱ្យ​ផលិតផល​ថ្មី​នេះ​ទទួល​បាន​ជោគជ័យ អ្នកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ខ្មែរ ប៊ែ វើរីជីស បាន​បន្ថែម​ឱ្យដឹងពី​ផែនការ​ផ្សព្វផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ជា​ផលិតផល​ថ្មី​បំផុត​សម្រាប់​ទីផ្សារ​កម្ពុជា ដូច្នេះ​អតិថិជន នឹង​ស្គាល់ពី​លក្ខណ​ពិសេស និង​អត្ថប្រយោជន៍​របស់​ស្រាបៀរ​ថ្មី​នេះ​កាន់តែច្បាស់​តាមរយៈ​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ឌីជីថល​នានា​។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏​នឹង​បង្កើត​កម្មវិធី​កម្សាន្ត​ប្លែកៗ ជូន​អតិថិជន និង​ផ្តល់ជូន​ប្រូម៉ូសិន​ជាច្រើន​ផងដែរ​»​។

ទន្ទឹមនឹង​នេះដែរ លោក​បណ្ឌិត អ៊ឹម សុធារិទ្ធ នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស ក៏បាន​សម្តែង​ភាពជឿជាក់​ខ្លាំង​ទៅលើ​ផលិតផល​ថ្មី​នេះដែរ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការចែកចាយ​ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ទៅលើ​ទីផ្សារ ស្រាបៀរ ព្រីមៀម ដ្រាហ្វ ទទួលបាន​ការបញ្ជាទិញ​ជាច្រើន ព្រមទាំង​ការកោតសរសើរ​ពី​អតិថិជន​អំពី​រសជាតិ​ដ៏ស្រស់​ឆ្ងាញ់​ប្លែក​ពី​ស្រាបៀរ​ធម្មតា​។ ដូច្នេះ ផលិតផល​ថ្មី​របស់​យើង​នឹង​ផ្តល់​ទំនុកចិត្ត​មួយ​បន្ថែមទៀត​ដល់​អតិថិជន​ដៃគូ​ពាណិជ្ជកម្ម ព្រមទាំង​ចូលរួម​បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ផងដែរ​»​។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងស្រុក​លើ​ផលិតកម្ម​ស្រាបៀរ និង​ភេសជ្ជៈ​ដែល​តែងតែ​បង្កើត​ជម្រើស​ច្រើន និង​នាំយក​ផលិតផល​ថ្មី​ប្លែក​ជូន​ដល់​អតិថិជន​ជានិច្ច ហើយ​គិត​មកដល់​ពេល​នេះ ក្រុមហ៊ុន​មាន​ផលិតផល​ល្បីៗ​ជាច្រើន​ដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច​អាយស៍ និង​ទឹកបរិសុទ្ធ កម្ពុជា ដែល​សុទ្ធតែជា​ផលិតផល​ល្បី និង​ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ​៕