
មជ្ឈមណ្ឌលហ្វឹកហ្វឺន Lanmei Training Center កំពុងផលិតអ្នកបើកបរយន្តហោះជំនាន់ក្រោយរបស់កម្ពុជា។ រូបថត Supplied
មជ្ឈមណ្ឌលហ្វឹកហ្វឺន The Lanmei Training Center (LTC) នៅភ្នំពេញកំពុងធានាឱ្យប្រជាជនកម្ពុជាទទួលបានការបណ្តុះបណ្តាលកម្រិតអន្តរជាតិខ្ពស់បំផុត និងដើម្បីធានាថាឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជារីកចម្រើនទៅមុខ។
ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីឧត្តមភាព មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអាកាសចរណ៍អាជីពតែ ១ គត់នៅកម្ពុជាកាលពីពេលថ្មីៗនេះបានវិនិយោគលើការប៊ីនបញ្ជា និងបើកបរយន្តហោះ (flight simulator) តម្លៃរាប់លានដុល្លារ។
«នៅមានកង្វះខាតច្រើនចំពោះកន្លែងហ្វឹកហ្វឺនជំនាញអាកាសចរណ៍នៅកម្ពុជា ដើម្បីបម្រើដល់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសកម្ពុជា។ បច្ចុប្បន្ន ការបណ្តុះបណ្តាលបច្ចេកទេសអាកាសចរណ៍ទាំងអស់ត្រូវធ្វើឡើងនៅក្រៅប្រទេសកម្ពុជា ដែលធ្វើឱ្យការចំណាយលើការធ្វើដំណើរ និងដឹកជញ្ជូនមានតម្លៃខ្ពស់»។
«ជាមួយនឹងការទិញកាប៊ីនបញ្ជា និងបើកបរយន្តហោះ មជ្ឈមណ្ឌលហ្វឹកហ្វឺន Lanmei អាចផ្តល់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះទាំងអស់នៅក្នុងស្រុក។ ការរៀបចំរបស់យើងគឺមានសម្ភារគ្រប់គ្រាន់ សម្រាប់ការហ្វឹកហ្វឺនអ្នកបើកយន្តហោះ និងវិស្វករយន្តហោះ»។
លោក Goh Chee Hong ប្រធាន LTC ថ្លែងថា៖ «យើងមានយន្តហោះម៉ាស៊ីនមួយសម្រាប់ហ្វឹកហ្វឺនអ្នកបើកយន្តហោះ និងគ្រឿងបរិក្ខារពេញលេញ។ យើងកំពុងរង់ចាំឧបករណ៍ចុងក្រោយ ដែលជាកាប៊ីនថ្មី A320 simulator តម្លៃ ១០ លានដុល្លារ ដែលយើងរំពឹងថានឹងមកដល់នៅខែមិថុនា»។
លោក Goh បន្តថា បច្ចុប្បន្ន ភាគច្រើននៃអ្នកបើកយន្តហោះនៅក្នុងឧស្សាហកម្មអាកាសចរណ៍កម្ពុជាគឺជាជនបរទេស ហើយមានតែ ៥ ទៅ ១០ ភាគរយប៉ុណ្ណោះដែលជាជនជាតិខ្មែរ ដូច្នេះគោលបំណងរបស់ LTC គឺផ្លាស់ប្តូរតួលេខនេះ។

ប្រធាន LTC លោក Goh Chee Hong។ រូបថត Joe Curtin
«គោលដៅរបស់ LTC គឺបណ្តុះបណ្តាលអ្នកមានទេពកោសល្យក្នុងស្រុកបន្ថែមនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា។ ការជួលអ្នកបើកបរយន្តហោះជាជនបរទេសគឺមានតម្លៃថ្លៃណាស់ ហើយជាទូទៅពួកគេមិនស្នាក់នៅកម្ពុជាយូរនោះទេ ដូច្នេះដំណើរការទាំងមូលនៃការជួល និងបណ្តុះបណ្តាលឡើងវិញគឺមានតម្លៃថ្លៃណាស់»។
«ជាមួយកម្មវិធី MPL របស់យើង ឥឡូវនេះប្រជាជនកម្ពុជាមានឱកាសទទួលការហ្វឹកហ្វឺននៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នសិក្ខាកាមចំនួន ១៦ នាក់របស់យើងក៏មានអ្នកមកពីប្រទេសផ្សេងដូចជា អូស្ត្រាលី និងចិនផងដែរ។ យើងសង្ឃឹមថាថ្ងៃណាមួយឧស្សាហកម្មអាកាសចរណ៍ទាំងមូលនៅកម្ពុជានឹងមានប្រជាជនកម្ពុជាភាគច្រើន»។
លោក Goh ថ្លែងថា៖ «នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល យើងមានគោលបំណងនាំមកនូវការប៊ីនបញ្ជា និងបើកបរយន្តហោះ (aircraft simulators), យន្តហោះហ្វឹកហាត់ម៉ាស៊ីនមួយ និងអ្នកជំនាញបណ្តុះបណ្តាលបច្ចេកទេស ដើម្បីធានាថារឿងនេះនឹងសម្រេចបាន»។
LTC ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០២០ គឺជាមជ្ឈមណ្ឌលហ្វឹកហ្វឺនតែ ១ គត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័តដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) ដោយទទួលបានការបន្តរយៈពេល ២ ឆ្នាំក្នុងខែកុម្ភៈ។
លោក Goh បន្តថា ការទាក់ទាញដ៏សំខាន់នៃវគ្គសិក្សានៅ LTC គឺថាអ្នកដែលជាប់ត្រូវបានធានាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ដែលនឹងជួយពង្រីកដល់វិស័យអាកាសចរណ៍របស់កម្ពុជា។
សិក្ខាកាមរៀនបើកបរយន្តហោះត្រូវឆ្លងកាត់ហ្វឹកហ្វឺនការហោះហើររយៈពេល ២៤៥ ម៉ោង ក្នុងនោះ ៧៥ ម៉ោងក្នុងយន្តហោះម៉ាស៊ីនមួយ និង ១៧០ ម៉ោង នៅក្នុងកាប៊ីនបញ្ជា និងបើកបរយន្តហោះ ខណៈ កម្មវិធី MPL ត្រូវចំណាយពេលយ៉ាងតិច ១៨ ខែ។
លោក Goh ថ្លែងថា វាត្រូវចំណាយពេលប្រហែល ២ ឆ្នាំដើម្បីហ្វឹកហ្វឺនយ៉ាងហ្មត់ចត់ មុនពេលសិក្ខាកាមអាចហោះហើរបាន បន្ទាប់ពីនោះពួកគេនឹងចូលរួមជាមួយអាកាសយានិកឡានម៉ីអ៊ែរឡាញ ដែលហោះហើរទៅកាន់គោលដៅមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិនចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

កាប៊ីនបើកបរយន្តហោះដ៏ទំនើបនៃយន្តហោះ Sling 2។
ក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ហើយបច្ចុប្បន្នមានយន្តហោះប្រភេទ Airbus A320 ចំនួន ៦គ្រឿង គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅក្នុងប្រទេសកម្ពុជាផ្អែកលើយន្តហោះ បរិមាណអ្នកដំណើរ និងបរិមាណទំនិញ។
«យើងមានវគ្គ Multi Pilot License [MPL] និងវគ្គវិស្វករថែទាំយន្តហោះ ជាមួយនឹងការបណ្តុះបណ្តាលដែលធ្វើឡើងដោយអ្នកជំនាញបច្ចេកទេសមកពី Lanmei Airlines, SSCA និងគ្រូដែលមានការទទួលស្គាល់ពី ATOs [Aroved Training Organisations]។ លោក Goh ដែលជាអ្នកបើកយន្តហោះពាណិជ្ជកម្មមានបទពិសោធ ២០ ឆ្នាំ និងធ្លាប់ជាអាកាសយានិកក្រុមអាកាសចរណ៍ Singapore Airlines និង Air Asia ផងដែរនោះបានបញ្ជាក់ថា៖ «LTC ក៏នឹងផ្តល់ការបណ្តុះបណ្តាល Private Pilot License នៅត្រីមាសទី ៤ នៃឆ្នាំនេះ»។
ហើយបុគ្គលឯកជននៅកម្ពុជាដែលមានបំណងចង់ហោះហើរដើម្បីកម្សាន្តសប្បាយ ក៏មានដែរ គឺធ្វើឡើងនៅក្នុងយន្តហោះហ្វឹកហាត់ទំនើបដូចគ្នានឹងសិក្ខាកាមអាកាសយានិកពាណិជ្ជកម្ម ដែរគឺយន្តហោះ Sling 2 មកពីក្រុមហ៊ុនផលិតយន្តហោះរបស់អាហ្វ្រិកខាងត្បូង Sling Aircraft ។
លោក Andrew Naidu ប្រធានផ្នែកថែទាំនៅ LTC បានឱ្យដឹងថា៖ «ការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺន Lanmei Training Center ចំពោះស្តង់ដាហ្វឹកហ្វឺនខ្ពស់បំផុត មានន័យថា យើងបានបណ្តាក់ទុនយ៉ាងច្រើនទៅលើយន្តហោះហ្វឹកហាត់ Sling 2 ជាមួយនឹងឧបករណ៍អាកាសចរណ៍ដ៏ទំនើបបំផុតសម្រាប់ការហ្វឹកហ្វឺនអ្នករៀនបើកបរយន្តហោះរបស់យើង»។
លោក Goh លើកឡើងថា គោលដៅចម្បងរបស់ LTC គឺកសាងកេរដំណែលសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងប្រជាជនកម្ពុជា។
«កន្លែងហ្វឹកហ្វឺននៅកម្ពុជាគឺនៅខ្វះខាតច្រើននៅឡើយ ដូច្នេះគោលបំណងចម្បងរបស់យើងគឺអភិវឌ្ឍអ្នកជំនាញក្នុងស្រុក។ យើងមានអ្នកបើកយន្តហោះដ៏ល្អនៅទីនេះមកពីក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Emirates និង Singapore Airlines ហើយពួកគេនឹងនាំយកការអនុវត្តការងារតាមស្តង់ដាអន្តរជាតិរបស់ពួកគេមកអនុវត្ត»។
លោក Goh ថ្លែងថា៖ «គោលដៅគឺចង់ឱ្យពលរដ្ឋក្នុងស្រុកកាន់តែច្រើនធ្វើការក្នុងវិស័យនេះ។ នៅពេលដែលអ្នកជំនាញកម្ពុជាអាចចូលគ្រប់គ្រងដំណើរការមជ្ឈមណ្ឌលហ្វឹកហ្វឺនបាន ពេលនោះបេសកកម្មនឹងសម្រេច»៕