
លោក Tony Francis បង្ហាញផ្ទាំងគំនូរ Wonderful Women Wall ជាគម្រោងដែលសហការជាមួយអង្គការ CCF។
ផ្លេតហ្វម Krama NFT Marketplace កាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានប្រារព្ធពិធីអបអរផ្លេតហ្វមទ្រព្យឌីជីថលដំបូងគេនៅកម្ពុជា ដែលជាប្រវត្តិសាស្ត្រនៃស្នាដៃគំនូរសិល្បៈដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានលក់ជាទម្រង់ទ្រព្យកម្មសិទ្ធិឌីជីថល (NFTs)។
លោក Tony Francis នាយកក្រុមហ៊ុនបានថ្លែងថា ការប្តេជ្ញាចិត្តគឺដើម្បី «ថែរក្សា អភិរក្ស និងលើកកម្ពស់វប្បធម៌ខ្មែរ» ខណៈការបើក Krama NFT Marketplace នៅឯ Cambodian Country Club បានធ្វើឱ្យគំនូរសិល្បៈឌីជីថល Relax របស់វិចិត្រករ ឈឹម សុធី ពីក្រុម Legacy Collection ត្រូវបានលក់។
«ប្រវត្តិសាស្ត្របានកើតឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែលវិចិត្រករខ្មែរលោក ឈឹម សុធី បានបង្កើតស្នាដៃសិល្បៈ Relax ហើយត្រូវបានលក់ វាជាបណ្តុំគំនូសិល្បៈឌីជីថល NFT។ បច្ចុប្បន្នវិចិត្រករគ្រប់រូបនៅកម្ពុជាមានឱកាសបង្កើតស្នាដៃរបស់ពួកគេ និងទទួលអត្ថប្រយោជន៍ជារៀងរហូត»។
«NFTs កំពុងបង្កើតប្រាក់ចំណូលពីទម្រង់ថ្មី ដោយសារតែឱកាសទ្រព្យសម្បត្តិឌីជីថលផ្តល់ឱ្យ។ ស្នាដៃរបស់លោក ឈឹម សុធី និងវិចិត្រករផ្សេងទៀតដែលបានលក់ ឥឡូវនេះត្រូវបានរក្សាទុក និងការពារជារៀងរហូតជាប្រភេទមួយនៅលើ blockchain ហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ តាមរយៈការលក់នាពេលអនាគត»។
លោក Francis បានបន្តថា៖ «ដូច្នេះយើងរីករាយក្នុងការណែនាំផ្លេតហ្វមទ្រព្យសកម្មឌីជីថលដំបូងរបស់កម្ពុជា (Krama NFT Marketplace)។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងកន្លងមក យើងរីករាយដែលផ្លេតហ្វមនេះដំណើរការ ហើយអ្នកច្នៃប្រឌិតអាចចូលរួមជាមួយយើង ដើម្បីការពារ អភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងវិស័យនេះ»។

គំនូរ Relax ស្នាដៃរបស់លោក ឈឹម សុធី។
លោកបន្ថែមថា ផ្លេតហ្វម Krama NFT Marketplace គឺជា «ស្ពាន» សម្រាប់ការច្នៃប្រឌិតឌីជីថល។
«Krama NFT Marketplace ត្រូវបានបង្កើតឡើងជាស្ពានជួយដល់ការផ្លាស់ប្តូរពីកម្មសិទ្ធិរូបវន្តទៅកម្មសិទ្ធិឌីជីថល ហើយវិធីដែលយើងធ្វើគឺបង្ហាញនូវបណ្តុំស្នាដៃសិល្បៈខ្មែរ»។
«បណ្តុំស្នាដៃសិល្បៈដ៏អស្ចារ្យទាំងនេះ រួមមានស្នាដៃរបស់វិចិត្រករល្បីៗដូចជា សំ សោភ័ណ្ឌ, ឈឹម សុធី និង ហួរ សូបិន ដែលមានគំនូរសិល្បៈជាច្រើនទម្រង់ ដូចជាសិល្បៈពីទីក្រុង,សិល្បៈឌីជីថល Angkor Fractals រហូតដល់ Full Steam Ahead ដែលជាគម្រោងសិល្បៈដ៏អស្ចារ្យរបស់យើងជាមួយអង្គការមូលនិធិកុមារកម្ពុជា និងសហការជាមួយវិចិត្រករជាច្រើនទៀត»។
«រាល់ស្នាដៃសិល្បៈទាំងអស់ គឺមានស្នាដៃសិល្បៈដើម ឬព្រីន និងឌីជីថល (NFT) ដែលត្រូវបានរក្សាទុកលើ blockchain នៅលើ Ethereum។ ចំពោះការបើកបណ្តុំស្នាដៃចំនួន ៣០ ក៏ភ្ជាប់មកជាមួយស៊ុមឌីជីថលដ៏ស្រស់ស្អាតនៅក្នុងប្រអប់សម្រាប់ធ្វើជាអំណោយផងដែរ ដែលបង្ហាញស្នាដៃសិល្បៈឌីជីថល»។
លោក Francis បានថ្លែងថា បណ្តុំស្នាដៃសិល្បៈមួយក្នុងចំណោមច្រើនទៀត គឺ Full Steam Ahead (FSA) ជាគម្រោងសិល្បៈ ដែលសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ជាមួយនឹងផ្ទាំងគំនូរ Wonderful Women Wall ដែលជាចំណុចលេចធ្លោដ៏ពិសេស បង្ហាញពីឥទ្ធិពលរបស់ស្ត្រីជាច្រើនជំនាន់ ( CCF’s three eldest grandmothers, three mothers and three daughters) ដែលត្រូវបង្កើតឡើងដោយសិស្សអង្គការ CCF ក្រោមការជួយណែនាំពីវិចិត្រករអាល្លឺម៉ង់ Danilo Halle។
លោក Andrew Roberts អ្នកសម្របសម្រួលកម្មវិធី STEM នៅសាលា Neeson Kripps របស់អង្គការ CCF និងជាសហស្ថាបនិកនៃគម្រោង FSA បានសាទរពីសារៈសំខាន់នៃគម្រោងនេះក្នុងការក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីអភិវឌ្ឍការគិតប្រកបដោយការច្នៃប្រឌិតរបស់សិស្ស។
«នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់សិស្សរបស់យើង ដែលធ្វើការនៅក្នុងកម្មវិធីសិក្សា STEM - វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីប្រើប្រាស់ផ្នែកផ្សេងទៀតនៃខួរក្បាល និងអភិវឌ្ឍសិល្បៈដែលបំផុសគំនិតដោយវិទ្យាសាស្ត្រ»។

បណ្តុំគំនូរសិល្បៈដែលជាស្នាដៃវិចិត្រករកម្ពុជាដ៏រស់រវើក។ រូបថត Supplied
«ជាមួយគម្រោង FSA សិល្បៈគឺជាផ្លេតហ្វមមួយសម្រាប់ការសិក្សាផ្សេងទៀត ហើយវាគឺជាគន្លឹះដោយសារតែពីមុនសិស្សមិនមានឱកាស ដើម្បីអាចភ្ជាប់មុខវិជ្ជាទាំងអស់នោះជាមួយគ្នានៅក្នុងគម្រោងមួយដែលមានរយៈពេលជាង ១ ឆ្នាំ»។
លោក Roberts ថ្លែងថា៖ «ដូច្នេះវាកំពុងទាក់ទាញសិស្សជាច្រើននៅក្នុងគម្រោងផ្សេងៗនៅក្នុងផ្នែកផ្សេងៗគ្នានៃការសិក្សា ហើយខណៈស្នាដៃសិល្បៈគឺជាលទ្ធផលចុងក្រោយដែលត្រូវបានលក់, ការសិក្សាគឺជាមូលដ្ឋានគ្រឹះនៃការគិតប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងរបស់ពួកគេអំពីពិភពលោក»។
លោក Francis បានឱ្យដឹងថាពិភពលោកកំពុងមើលឃើញការផ្លាស់ប្តូរជាសកល ដោយមនុស្សកំពុងផ្លាស់ប្តូរពីការក្លាយជាម្ចាស់នៃទ្រព្យសកម្មបែបរូបវន្តទៅជាម្ចាស់កម្មសិទ្ធិទ្រព្យសកម្មឌីជីថលវិញ។
«យើងមានបច្ចេកវិទ្យា Web 1.0, Web 2.0 ហើយឥឡូវនេះយើងមាន Web 3.0 ជាពិភពថ្មីមួយ ដែលស្នាដៃសិល្បៈ អចលនទ្រព្យ និងសូម្បីតែឧបករណ៍ប្រើប្រាស់សុទ្ធតែជាកម្មសិទ្ធិនៅក្នុងទម្រង់ឌីជីថល។ នេះជាអ្វីដែលគួរឱ្យរំភើបណាស់»។
«នេះជាមូលហេតុដែល Facebook ប្តូរឈ្មោះទៅ Meta នេះជាមូលហេតុដែលមានគេទិញ 5,000 JPEGs ក្នុងតម្លៃ ៦៩ លានដុល្លារ ហើយនេះជាមូលហេតុដែលមាន Goldman Sachs, Nike, NBA ដែលជាក្រុមហ៊ុន និងអង្គការធំៗនៅលើពិភពលោកទាំងអស់ចូលរួម ដូច្នេះតើអ្វីជាដំណាក់កាលបន្ទាប់ក្នុងការវិវត្តភាពជាម្ចាស់ទ្រព្យសកម្ម»។
លោក Francis មានប្រសាសន៍ថា៖ «ហើយឥឡូវនេះជាមួយនឹងស្នាដៃសិល្បៈខ្មែរដំបូងគេបង្អស់នៅកម្ពុជាដែលត្រូវបានលក់នៅលើផ្លេតហ្វមទ្រព្យសកម្មឌីជីថល ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតនៅជួរមុខនៃការវិវឌ្ឍដ៏សំខាន់នេះ»៕