The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទុនវិនិយោគ​វិស័យ​សំណង់ ធ្លាក់ចុះ​ជាង ៣២ ​ភាគរយ




ទុនវិនិយោគ​វិស័យ​សំណង់ ធ្លាក់ចុះ​ជាង ៣២ ​ភាគរយ

Content image - Phnom Penh Post
ដង​ស្ទូច​កំពុង​លើក​ទំនិញ​ក្នុង​ការដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ហ៊ាន រង្សី

ទុនវិនិយោគ​វិស័យ​សំណង់ ធ្លាក់ចុះ​ជាង ៣២ ​ភាគរយ

ភ្នំពេញៈ វិបត្តិ​សុខភាព​សកល​ដែល​បណ្តាល​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ទាញ​ទម្លាក់​ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ដែល​ធ្លាប់មាន​សញ្ញា​វិជ្ជមាន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ឱ្យដាំ​ក្បាល​ចុះ​យ៉ាងគំហុក​កាលពី​ឆ្នាំ​ ២០២០ ដោយ​តម្លៃ​ទុន​វិនិយោគ​សរុប​មាន​ជាង ៧,៨ ​ពាន់​លាន​ដុល្លារ​ ថយចុះ​ជាង ៣០​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​។

របាយការណ៍ FSR 2020 របស់​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ខែ​ឧសភា ឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​កំណើន​ខ្ពស់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ បាន​ជួប​នូវ​ឱនភាព​យ៉ាងខ្លាំង ដោយ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុម័ត​មាន​តម្លៃ​សរុប ៧,៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣២,១ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​តម្លៃ ១១,៤ ​ពាន់​លាន​ដុល្លារ​។

ចំណែក​ក្រឡា​ផ្ទៃ​សំណង់​បាន​ធ្លាក់ចុះ ២៦,៩ ​ភាគរយ​ ស្មើនឹង​ប្រហែល ១៧​ លាន​ម៉ែត្រការ៉េ​។ ក្នុងនោះ​ផ្ទៃក្រឡា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មាន ៤៦,១ ​ភាគរយ អគារ​ពាណិជ្ជកម្ម ៣១,៨ ​ភាគរយ និង​ឧស្សាហកម្ម ១៤,៦ ​ភាគរយ​។ ម្យ៉ាងវិញទៀត​លំហូរ FDI ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ធ្លាក់ចុះ ១០,៦ ​ភាគរយ (​ស្មើនឹង ១៧ ​ភាគរយ​នៃ FDI សរុប​)​។

ដោយឡែក​សម្រាប់​ចំនួន​គម្រោង​ដែល​ត្រូវ​ក្រសួង​បានអនុម័ត​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន ៤ ៨៤១ ​គម្រោង កើនឡើង ១ ​ភាគរយ​។

លោក ជីវ ស៊ីវផេង ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ ខែមិថុនា​ថា មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ទុនវិនិយោគ​វិស័យ​សំណង់​ឆ្នាំ​ ២០២០ ធ្លាក់ចុះ គឺ​មកពី​ការរឹតត្បិត​លើ​ការធ្វើដំណើរ​ឆ្លង​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។

ឧបសគ្គ​នៃ​ការធ្វើដំណើរ​បាន​ធ្វើឱ្យ​ផែនការ​មក​បណ្តាក់ទុន​ពី​សំណាក់​ជនបរទេស​នៅ​កម្ពុជា​ត្រូវ​ជាប់គាំង​។ លោក​បន្ថែមថា ការជាប់គាំង ឬ​ធ្លាក់ចុះ​នៃ​វិស័យ​សំណង់ ពិសេស​សំណង់​អគារ​ដែល​វិនិយោគ​ដោយ​ជនបរទេស នឹងត្រូវ​បន្ត​យូរ ឬ​ឆាប់​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ លើ​សកលលោក​។

លោក​បន្តថា​៖ «​ទុនវិនិយោគ​វិស័យ​សំណង់​ធ្លាក់ចុះ​ឆ្នាំមុន គឺ​ដោយសារ​ការវិនិយោគ​របស់​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ត្រូវ​ជាប់គាំង ឬ​ពន្យារពេល ប៉ុន្តែ​ខ្ញុំ​គិតថា ទំហំ​ទុនវិនិយោគ​នេះ​នឹង​ហក់​ឡើងវិញ​នៅពេល​ការធ្វើដំណើរ​ឆ្លង​ប្រទេស​កាន់តែ​ងាយស្រួល ខណៈ​បច្ចុប្បន្ន​ទាំង​កម្ពុជា និង​ប្រទេស​ភាគច្រើន​លើ​ពិភពលោក សុទ្ធតែ​កំពុង​ដាក់ចេញ​នូវ​វិធាន​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​របស់​ប្រទេស​រៀងៗ​ខ្លួន​»​។

លោក​លើកឡើង​ថា ឆ្នាំ​ ២០២០ មិន​ត្រឹមតែ​ទុនវិនិយោគ​វិស័យ​សំណង់​ធ្លាក់ចុះ​ទេ សូម្បីតែ​សកម្មភាព​នៅតាម​ការដ្ឋាន​សំណង់​ធំៗ​ដែល​វិនិយោគ​ដោយ​ជនបរទេស​ក៏​មិនសូវ​មាន​សកម្មភាព​ដែរ​។

ទោះជា​យ៉ាងណា ក្នុង​ឆ្នាំ​ ២០២០ លោក​កត់សម្គាល់​ឃើញថា ការបញ្ចេញ​ប្រាក់​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុកលើ​ការវិនិយោគ​លើ​សំណង់​លក្ខណៈ​ផ្ទះល្វែង និង​បុរី កំពុង​មាន​ចរន្ត​កើនឡើង​គួរឱ្យ​កត់សម្គាល់​។

អ្នកស្រី អាន សុធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​និយាយថា ខណៈ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​មិនទាន់​មាន​ភាពធូរស្រាល ព្រម​ជាមួយ​នឹង​ផែនការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​មិនសូវ​មាន​ច្រើន​ដូច​មុន​ឆ្នាំ​ ២០២០ ដូច្នេះ​ទុនវិនិយោគ​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​ ២០២១ អាច​នឹង​ធ្លាក់ចុះ​បន្ថែមទៀត​ធៀប​នឹង​ឆ្នាំ​ ២០២០​។ អ្នកស្រី​បន្តថា សូម្បី​វិស័យ​អចលនទ្រព្យ​ក៏​មិនទាន់​មាន​ល្អ​ឡើងវិញ​ដែរ​ក្នុង​ឆ្នាំ​នេះ​។

អ្នកស្រី​អះអាង​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា ទុនវិនិយោគ​ក្នុង​ឆ្នាំ​ ២០២១ នេះ​នឹង​បន្ត​ធ្លាក់ចុះ​ទៀត ព្រោះ​មិនសូវ​មាន​គម្រោង​វិនិយោគ​ធំៗ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដូច​មុន​ទេ​។ ម្យ៉ាងទៀត​ចំនួន​ការដ្ឋាន​សាងសង់​លំនៅឋាន​លក្ខណៈ​អគារ​ខុនដូ និង​បុរី ក៏​ថយចុះ​ផងដែរ​»​។

យោងតាម FSR 2000 ទន្ទឹមនឹង​ការធ្លាក់ចុះ​ទុនវិនិយោគ​វិស័យ​សំណង់ ទីផ្សារ​នាំចូល​ស៊ីម៉ងត៍ និង​ដែក​គឺ​បាន​ធ្លាក់ចុះ​ព្រម​គ្នា​ក្នុង​អត្រា ៤៨,៣ ​ភាគរយ និង ៤៣,៣ ​ភាគរយ​រៀង​គ្នា ដែល​ការធ្លាក់ចុះ​នេះ​មកពី​តម្រូវ​ការចុះ​ទាប ស្រប​ពេលដែល​សមត្ថភាព​ផលិត​ស៊ីម៉ង​ត៍​ក្នុង​ស្រុក​កំពុង​កើនឡើង​។ រីឯការ​នាំចូល​គ្រឿងសំណង់​ផ្សេងៗ​ទៀត មាន​កំណើន ៧,៥ ​ភាគរយ​៕

អត្ថបទគួរចាប់អារម្មណ៍