ភ្នំពេញៈ អត្រាការប្រើប្រាស់កន្លែងលក់រាយ (Retail) នៅរាជធានីភ្នំពេញក្នុងឆមាសទី១ ឆ្នាំ ២០២១ បានថយចុះជិត ៥ ភាគរយបើធៀបនឹងឆមាសទី២ ឆ្នាំ ២០២០ ដោយសារតែក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលតម្រូវឱ្យប្រជាជនត្រូវកាត់បន្ថយការធ្វើដំណើរទៅកន្លែងលក់ទំនិញនានា។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
លទ្ធផលនៃការស្រាវជ្រាវកាលពីសប្តាហ៍មុនបានឱ្យដឹងថា ការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យទីផ្សារកន្លែងជួលលក់រាយ ធ្លាក់ចុះយ៉ាងខ្លាំងនៅអំឡុងដើមខែមីនា ដែលធ្វើឱ្យមធ្យមភាគនៃអត្រាប្រើប្រាស់ (Cccupancy) ក្នុងឆមាសទី១ ឆ្នាំ ២០២១ មានប្រមាណ ៧១,៥ ភាគរយ ធ្លាក់ចុះ ៤,៦ ភាគរយ ពីចំនួន ៧៦,១ ភាគ កាលពីឆមាសទី២ ឆ្នាំ ២០២០។
ជាមួយគ្នានេះតម្លៃជួលរបស់ទីតាំងលក់រាយ ៣ ប្រភេទក្នុងចំណោម ៤ ប្រភេទក៏បានធ្លាក់ចុះដែរក្នុងឆមាសទី១ ដោយប្រភេទ Prime Shopping Mall មានតម្លៃមធ្យម ២៧,៥៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ ធ្លាក់ចុះ ៣,២ ភាគរយ ប្រភេទ Prime High Street មានតម្លៃ ២៣,៦១ ដុល្លារ ធ្លាក់ចុះ ១០,០ ភាគរយ និងប្រភេទ Prime Retail Podium មានតម្លៃ ២២,២២ ដុល្លារថយចុះ ៩,៣ ភាគរយ។ ផ្ទុយទៅវិញប្រភេទ Community Maill មានតម្លៃ ២១,៥៨ ដុល្លារ កើន ០,៧ ភាគរយ។
លទ្ធផលនៃការស្រាវជ្រាវខាងលើក៏បានរកឃើញថា ក្នុងឆមាសទី១ ផ្ទៃកន្លែងលក់រាយសរុប ៣៧ ៨២៤ ម៉ែត្រការ៉េត្រូវបានដាក់ចូលក្នុងទីផ្សារ ដែលធ្វើឱ្យផ្ទៃលក់រាយសរុបក្នុងរាជធានីភ្នំពេញកើនដល់ប្រមាណ ៣៩០ ០០០ ម៉ែត្រការ៉េ។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៤ ខែកក្កដាថា ដោយសារស្ថានភាពនៃការឆ្លងរាលដាលកូវីដ ១៩ នៅបន្តអូសបន្លាយពេលរហូតមកដល់ខែកក្កដានេះមិនទាន់បញ្ចប់ ហេតុនេះទីផ្សារកន្លែងលក់រាយនឹងមិនទាន់អាចងើបឡើងវិញក្នុងឆ្នាំ ២០២១ ទេ ទោះបីរដ្ឋាភិបាលកំពុងបង្កើនល្បឿនក្នុងការចាក់វ៉ាក់សាំងឱ្យដល់ប្រជាជនក៏ដោយ។ អ្នកនាងបានបន្តថា តម្រូវការជួល និងប្រើប្រាស់ទីតាំងជួលអាចងើបវិញ លុះត្រាជំងឺកូវីដ ១៩ អាចគ្រប់គ្រងបានទាំងស្រុង។
អ្នកនាង គិនកេសា អះអាងថា៖ «ទីផ្សារ Retail អាចនឹងបន្តធ្លាក់ចុះបន្តិចបន្តួចថែមទៀតដល់ចុងឆ្នាំ ២០២១ ដោយសារចំនួនអ្នកដើរទិញទំនិញនៅផ្សារទំនើប ឬតាមហាងលក់ទំនិញនៅមានចំនួនតិចនៅឡើយ»។
តាមការព្យាករនៅឆមាសទី ២ ឆ្នាំ ២០២១ នេះនឹងមានផ្ទៃកន្លែងលក់រាយ ៦៤ ១០២ ម៉ែត្រការ៉េបន្ថែមទៀតដាក់ចូលទីផ្សារ ដែលនឹងធ្វើឱ្យផ្ទៃកន្លែងលក់រាយនៅភ្នំពេញកើនដល់ ៤៥០ ០០០ ម៉ែត្រការ៉េ។ នេះបើតាមអ្នកនាង គិនកេសា។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដានេះឱ្យដឹងថា នៅក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងសាងសង់សរុប ១ ៨២៣ គម្រោងបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ គឺធ្លាក់ចុះ ២៧៨ គម្រោង។
ក្នុងនោះគម្រោងសំណង់លំនៅឋានមានចំនួន ១ ៦០៧ គម្រោងស្មើនឹងប្រមាណ ៨៧,៩ ភាគរយនៃសំណើសុំសាងសង់សរុបធ្លាក់ចុះ ១៣៩ គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គម្រោងលំនៅឋានដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ ២ ៣៤៩ លានដុល្លារ ធ្លាក់ចុះ ៣២,៦ ភាគរយ៕ LA