ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Boon Roong Twin Towers ដែលមានកម្ពស់ ៥៦៧ ម៉ែត្រ (១៣៣ ជាន់) និងមានទុនវិនិយោគជាង ៣ ០០០ លានដុល្លាររបស់ក្រុមហ៊ុន Thai Boon Roong Group នឹងចាប់ផ្តើមដំណើរការសាងសង់នៅពេលស្ថានភាពនៃការអ៊ួអាប់ ដោយសារជំងឺកូវីដ ១៩ បិទបញ្ចប់។ នេះបើតាមលោក ទូស សាភឿន ប្រធានក្រុមដឹកនាំក្រុមស្ថាបត្យករ និងសំណង់ប្រចាំក្រុមហ៊ុន Thai Boon Roong Group។
Thai Boon Roong Twin Towers គឺជាគម្រោងសាងសង់អគារដ៏ធំ និងខ្ពស់ជាងគេនៅកម្ពុជា ដែលគ្រោងសាងសង់លើផ្ទៃដីទំហំជាង ៥ ហិកតាទល់មុខសណ្ឋាគារ និងកាស៊ីណូ Naga World។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងមានក្រឡាផ្ទៃសរុប ១ ៤៧៤ ៣៨៩ ម៉ែត្រការ៉េ ដែលរួមបញ្ចូលនូវសណ្ឋាគារកម្រិតផ្កាយ ៥ អាផាតមិនខុនដូ ការិយាល័យលំដាប់អន្តរជាតិ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងគយគន់ទេសភាព និងសេវាកម្មកម្សាន្តលំដាប់ពិភពលោកជាច្រើនទៀត។
លោក ទូស សាភឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២២ ខែកក្កដាថា ការសិក្សាអំពីប្លង់បច្ចេកទេសសាងសង់ និងការសាងសង់ជញ្ជាំងទប់ដីការពារកុំឱ្យបាក់ដី ការពារជម្រាបទឹកនៃគម្រោងអគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Boon Roong Twin Towers បានបញ្ចប់រួចរាល់ហើយ ដោយក្រុមហ៊ុនរង់ចាំពេលវិបត្តិជំងឺរាតត្បាតកូវីដ ១៩ បិទបញ្ចប់តែប៉ុណ្ណោះ ដើម្បីចាប់ផ្តើមសាងសង់។
លោកថ្លែងថា៖ «យើងមិនទាន់ប្រាកដថា ការសាងសង់នឹងចាប់ផ្តើមនៅពេលណាទេ ដោយយើងរង់ចាំមើលថា ជំងឺរាតត្បាតនេះនឹងចប់នៅពេលណា? ខណៈអ្វីៗបានត្រៀមរួចរាល់ហើយ»។
នៅលើបណ្តាញសង្គមផ្លូវការកាលពីថ្ងៃទី ២១ ខែកក្កដា លោក សាភឿន បានសរសេរថា៖ «៤ ឆ្នាំកន្លងទៅហើយមានមិត្តភក្តិជាច្រើនសួរខ្ញុំថា គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង កម្ពស់ ៥៦៧ ម៉ែត្រនៅតែបន្តសាងសង់ ឬទេ! មហាគម្រោងនេះនឹងមិនមានអ្វីប្រែប្រួលទេ គម្រោងប្លង់បច្ចេកទេសបានគូរបញ្ចប់ ១០០ ភាគរយ ចំណែកជញ្ជាំងទប់ដី ការពារបាក់ដី ការពារជម្រាបទឹកទន្លេ ជម្រៅ ២៦ ម៉ែត្រក៏បានចាក់បេតុងបញ្ចប់រួចរាល់ ១០០ ភាគរយហើយ»។
លោកបន្ថែមទៀតថា៖ «នៅពេលនេះក្រុមការងារសាងសង់ និងក្រុមការងារផ្នែកបច្ចេកទេសផ្សេងៗក៏បានត្រៀមខ្លួនរៀបចំរួចរាល់ផងដែរ ដោយនៅរង់ចាំតែឱកាសល្អ និងការបញ្ចប់ស្ថានការណ៍អួអាប់ដោយសារជំងឺកូវីដ គម្រោងនេះនឹងចាប់ផ្តើមហើយ ក្រោមការដាក់ចេញផែនការ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីអ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង»។
កន្លងមក លោក សាភឿន ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា Thai Boon Roong Twin Towers នឹងក្លាយជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជាលើឆាកអន្តរជាតិ និងមុខមាត់ប្រទេសជាតិ ដែលជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់។ អគារនេះមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ឱ្យចូលមកប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបានថ្លែងថា៖ «មិនមែនប្រទេសទាំងអស់សុទ្ធតែមានសមត្ថភាពកសាងអគារធំបែបនេះបានទេ ជួនកាលគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះឡើយ»។
អ្នកជំនាញផ្នែកអចលនទ្រព្យ អ្នកស្រី អាន សុធីតា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២២ ខែកក្កដាថា នេះជាព័ត៌មានវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ប៉ុន្តែដោយសារ Thai Boon Roong Twin Towers ជាគម្រោងធំ និងប្រើពេលសាងសង់យូរ ហេតុនេះគេមិនអាចវាយតម្លៃបានភ្លាមៗពីកម្រិតភាពជោគជ័យទេ។
អ្នកស្រីបន្តថា ម្យ៉ាងទៀតដោយសារវាជាគម្រោងធំ ហេតុនេះទីផ្សារអតិថិជនគោលដៅរបស់គម្រោងប្រាកដជាផ្តោតសំខាន់ទៅលើវិនិយោគិនលំដាប់អន្តរជាតិ និងក្រុមហ៊ុនធំៗ។
អ្នកស្រីលើកឡើងថា៖ «ដើម្បីទទួលជោគជ័យ គឺទាមទារឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតពីភាពដែលអាចទៅរួចសម្រាប់គម្រោងខ្នាតយក្សមួយនេះ ព្រោះទីផ្សារប្រទេសកម្ពុជាមានការរីកលូតលាស់មែន ប៉ុន្តែជាទីផ្សារតូចតែប៉ុណ្ណោះ»។
អ្នកស្រីបន្ថែមថា សម្រាប់គម្រោងលំដាប់ពិភពលោកបែបនេះ គឺទាមទារនូវគម្រោងនេះមានបំពាក់នូវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ការរចនាទំនើបទាន់សម័យ គុណភាពល្អ និងមានវិធីសាស្ត្រងាយស្រួលក្នុងការបង់ប្រាក់ ជាដើម។ ទោះបីជាយ៉ាងណាអ្នកស្រីបញ្ជាក់ថា៖ «អ្នកអភិវឌ្ឍន៍ប្រាកដជាមានយុទ្ធសាស្ត្រទីផ្សារច្បាស់លាស់ក្នុងការបង្ការការពារហានិភ័យដែលអាចកើតឡើង»។
របាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើមខែកក្កដាឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជា បានអនុម័តលើគម្រោងសាងសង់សរុប ១ ៨២៣ គម្រោង បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ គឺបានធ្លាក់ចុះប្រមាណ ២៧៨ គម្រោង៕ LA