ភ្នំពេញៈ សំណង់​លំនៅឋាន​លក្ខណៈ​បុរី និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ត្រូវគេ​រំពឹងថា នឹង​លេច​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ ​នៅពេល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ​បញ្ចប់ ហើយ​តម្លៃ​អចលនទ្រព្យ​នឹង​កើន​យ៉ាងតិច​ ១០ ​ភាគរយ​ធៀប​នឹង​ពេលបច្ចុប្បន្ន​។ នេះ​បើ​យោងតាម​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​។

គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ (​ភ្នំពេញ-បន្ទាយមានជ័យ​) មាន​ប្រវែង​សរុប ៣៦៦ ​គីឡូម៉ែត្រ ដែលជា​ការពង្រីក​កំណាត់​ផ្លូវ​មាន​ស្រាប់​ចាប់ពី ២ ​គន្លង​ទៅ ៤ ​គន្លង ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC និង​មាន​សួនច្បារ​ចំ​កណ្តាល ក្រោម​កម្ចី​ឥណទាន​រដ្ឋាភិបាល​ជប៉ុន​ប្រមាណ ៥០០ ​លាន​ដុល្លារ​។ តាម​ផែនការ​គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៤​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នា​ថ្ងៃទី​ ១ ខែកញ្ញា​ថា នៅពេល​បញ្ចប់​ការដ្ឋាន អចលនទ្រព្យ​នៅ​បណ្តោយ​ផ្លូវជាតិ​នេះ អាច​នឹង​កើនឡើង​ចន្លោះ​ពី ១០-១៥ ​ភាគរយ​បើ​ធៀប​ពេលបច្ចុប្បន្ន​។ ការកើនឡើង​ក្នុង​អត្រា​ទាប​បែបនេះ គឺ​ដោយសារ​វា​ជា​ផ្លូវ​ចាស់​ដែលមាន​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ច្រើន ហើយ​គេ​គ្រាន់តែ​កែលម្អ​ឡើងវិញ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​តម្លៃ​អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវ​ដែល​កំពុងមាន​ចរាចរណ៍ គឺ​មិនសូវ​ប្រែប្រួល​ខ្លាំង​ដូច​ការស្ថាបនា​ផ្លូវ​ថ្មី​នោះទេ​។ ប៉ុន្តែ​សម្រាប់​គម្រោង​សាងសង់ និង​គម្រោង​វិនិយោគ​ថ្មីៗ អាច​នឹង​កើតមាន​ច្រើន​នៅពេល​ការសាងសង់​ផ្លូវ​រួចរាល់​ទាំងស្រុង​»​។

លោក​បន្ថែមទៀតថា ទោះយ៉ាងណា តម្លៃ​អចលនទ្រព្យ​ទីនោះ​ក៏​អាចមាន​សម្ទុះ​កាន់តែខ្លាំង​ផងដែរ បើសិន​រដ្ឋាភិបាល​មាន​ផែនការ ឬ​ប្លង់​មេ​ក្នុង​ការប្រែក្លាយ​តំបន់​តាម​បណ្តោយ​ផ្លូវ​នេះ​ទៅជា​តំបន់​ពាណិជ្ជកម្ម និង​តំបន់​រោងចក្រ ជាដើម​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន និយាយថា ផ្លូវជាតិ​លេខ​ ៥ គឺជា​ផ្លូវ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដោយ​តភ្ជាប់​ពី​រាជធានី​-​ភ្នំពេញ​ទៅ​ប្រទេស​ថៃ​។ យ៉ាងណា​ក៏ដោយ ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ តម្លៃ​ដី​នៅតាម​ផ្លូវ​មួយ​នេះ​មិនបាន​ប្រែប្រួល​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ​។ លោក​បន្ថែមថា បច្ចុប្បន្ន​បើ​គេ​ប្រៀបធៀប​ទីផ្សារ និង​តម្លៃ​អចលនទ្រព្យ​នៅតាម​ផ្លូវជាតិ​លេខ ៥ ជាមួយ​នឹង​បណ្តា​ផ្លូវជាតិ​ផ្សេងទៀត​ចេញពី​រាជធានី​ភ្នំពេញ គឺ​នៅតាម​ផ្លូវជាតិ​លេខ​ ៥ មិនទាន់​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ ឬ​លំនៅឋាន​លក្ខណៈ​ជា​បុរី​ច្រើន​ទេ ប៉ុន្តែ​វា​នឹង​រីកចម្រើន​ក្នុងពេល​ឆាប់ៗ​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា​នៅពេល​ផ្លូវ​នេះ​កែលម្អ​រួច តម្លៃ​អចលនទ្រព្យ​នឹង​កើន​ក្នុង​រង្វង់ ៣០ ​ភាគរយ ដោយយោង​លើក​ត្តា​មួយចំនួន ដូចជា ភាពងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ ការកើនឡើង​នៃ​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​វិនិយោគ​ចម្រុះ​ដូចជា រោងចក្រ និង​ឃ្លាំង​ស្តុក​ទំនិញ​។ ទីនោះ​នឹង​ក្លាយជា​តំបន់​ថ្មី​មួយទៀត​ដែលមាន​សំណង់​ធំៗ​ច្រើន មិន​ចាញ់​ផ្លូវជាតិ​លេខ​ ១ និង​លេខ ៦ នាពេល​បច្ចុប្បន្ន​ឡើយ​»​។

ថ្លែង​ក្នុង​ពិធី MPWT Live Show កាលពី​ថ្ងៃ​ ៣០ ខែសីហា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា បច្ចុប្បន្ន​ការស្ថាបនា​ផ្លូវ​ពី​ក្រុង​បាត់ដំបង-ក្រុង​សិរីសោភ័ណ បាន​បញ្ចប់​ ១០០ ​ភាគរយ​ហើយ ចំណែក​កំណាត់​ផ្លូវ​ពី​ព្រែកក្តាម-​ពោធិ៍សាត់ និង​ពោធិ៍សាត់-បាត់ដំបង កំពុង​សាងសង់​ដោយ​គ្រោង​រួចរាល់​ឆ្នាំ​ ២០២២-២០២៣​។

ដោយឡែក​សម្រាប់​កំណាត់​ផ្លូវជាតិ​លេខ ៥ ចេញពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត​នឹង​រួចរាល់​ក្នុង​ឆ្នាំ ២០២៤ ខណៈ​បច្ចុប្បន្ន​ក្រសួង​សាធារណការ​កំពុង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​។ នេះ​បើតាម​លោក ចាន់ថុល​៕ LA

វីដេអូ៖