ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០២១ ដែល​ត្រូវ​បិទ​បញ្ចប់​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ៣០ ខែកញ្ញា​) នឹងត្រូវ​ពន្យារ​រហូតដល់​ដំណាច់​ខែតុលា ខាងមុខ​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃទី​ ២៨ ខែកញ្ញា ឱ្យដឹងថា ទោះបី​រហូតមកទល់​ពេលនេះ​មាន​ម្ចាស់​អចលនទ្រព្យ​ជាច្រើន​បានមក​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០២១ ហើយក៏​ដោយ ក៏​នៅមាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់​បានមក​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​ទេ​។ បើតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន ម្ចាស់​អចលនទ្រព្យ​ត្រូវមាន​កាតព្វកិច្ច​ប្រកាស​ពន្ធ​យ៉ាងយឺត​បំផុត​ត្រឹម​ថ្ងៃទី​ ៣០ ខែកញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធ​នីមួយៗ​។ ផុត​រយៈ​ពេលនេះ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​ទទួលរង​ទោសទណ្ឌ​ស្របតាម​ច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។

លិខិត​បញ្ជាក់ថា​៖ «​ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ម្ចាស់​អចលនទ្រព្យ​ដែលមាន​ឆន្ទៈ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​នេះ ប៉ុន្តែ​មិនទាន់​បានមក​ប្រកាស​បង់ពន្ធ​ដោយ​មូលហេតុ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​ពន្យារ​កាលបរិច្ឆេទ​ផុតកំណត់​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ៣១ ខែ តុលា ឆ្នាំ​ ២០២១ ដោយ​រួច​ផុតពី​ពិន័យ​ទោសទណ្ឌ​ ដោយសារ​ការប្រកាស​បង់ពន្ធ​យឺតយ៉ាវ​»​។

ជាមួយ​គ្នា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏បាន​ណែនាំ​ទៀតថា ក្នុងន័យ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​បង្ក​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា ម្ចាស់​អចលនទ្រព្យ​ទាំងអស់​អាច​ប្រកាស និង​បង់ពន្ធ​លើ​អចលនទ្រព្យ​តាម​កម្មវិធី​ទូរស័ព្ទដៃ GDT Taxpayer App ដែល​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​ពី Appstore ឬ Playstore​។

លិខិត​បាន​បន្ថែមថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​អំឡុងពេល​នៃ​ការពន្យារ​ការបង់ពន្ធ​ប្រភេទ​នេះ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​នឹង​រួសរាន់​មក​ប្រកាស​បង់ពន្ធ​បាន​ទាន់ពេលវេលា និង​មាន​គ្រប់ៗ​គ្នា​តាម​ការកំណត់​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) បាន​លើកឡើងថា ពន្ធដារ​គឺជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​នីមួយៗ ដូច្នេះ​បើ​ការប្រមូល​ចំណូល​នេះ​មិនបាន​គ្រប់​តាម​ផែនការ វា​នឹង​ជះឥទ្ធិពល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​នៅក្នុង​ប្រទេស ក៏ដូចជា​ដំណើរការ​របស់​វិស័យ​រដ្ឋបាល​។ លោក​បន្តថា ក្រៅពី​ពន្ធ​លើ​អាជីវកម្ម និង​វិស័យ​ផ្សេងៗ វិស័យ​អចលនទ្រព្យ ក៏​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​ចំណូល​ពន្ធដារ​។ ការពន្យារ​ពេលនេះ​នឹង​អាចជួយ​ឱ្យ​រដ្ឋ​ប្រមូល​ចំណូល​ខ្លះ​បាន​បន្ថែមទៀត​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការពន្យារពេល​នេះ គឺជា​ការផ្តល់​លទ្ធភាព​បន្ថែម​សម្រាប់​អ្នក​ដែល​ខកខាន​បង់ពន្ធ​តាម​ពេល​កំណត់ ប៉ុន្តែ​សម្រាប់​ការប្រមូល​ពន្ធ​លើ​វិស័យ​មួយ​នេះ គឺ​នៅតែ​មិនទាន់មាន​ភាពល្អប្រសើរ​គ្រប់​ជ្រុងជ្រោយ​ទេ​»​។

លោក វណ្ណៈ បន្ថែមថា ការប្រមូល​ចំណូល​ពន្ធ​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​នៅ​មិនទាន់​មាន​ច្បាស់លាស់ និង​តម្លាភាព​នៅឡើយ​ទេ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវធ្វើ​បច្ចុប្បន្នភាព​ឱ្យបាន​ច្បាស់លាស់​ថែមទៀត ពិសេស​ស្ថានភាព​នៃ​ការប្រែប្រួល​ប្រភេទ​សំណង់ កម្ពស់ និង​ស្ថានភាព​នៃ​ប្រើប្រាស់​ដីធ្លី ជាដើម​។

លោក​បញ្ជាក់ថា​៖ «​វិស័យ​សំណង់ និង​អចលនទ្រព្យ មាន​ការរីកលូតលាស់​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហេតុនេះ​ប្រាក់ចំណូល​ពន្ធ​ពី​វិស័យនេះ​ក៏​នឹង​កើនឡើង​ខ្ពស់​ទៅតាម​នោះដែរ បើ​ការធ្វើ​បច្ចុប្បន្នភាព​បានល្អ​»​។

កាលពី​ឆ្នាំ​ ២០២០ ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​ក៏ត្រូវ​បាន​អគ្គនាយដ្ឋាន​ពន្ធដារ ពន្យារពេល​ ១ ​ខែ​ផងដែរ​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកលលោក សំ សុខនឿន បាន​និយាយថា ការសម្រេច​ពន្យារពេល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ជួយ​សម្រួល​ឱ្យ​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​ដែល​យឺតយ៉ាវ ឬ​ភ្លេច អាច​ចូលទៅ​បង់ពន្ធ​បាន ហើយក៏​នឹង​ជួយ​ឱ្យ​រដ្ឋ​ប្រមូល​ចំណូល​បន្ថែម​ផងដែរ​។

លោក​បន្តថា កាតព្វកិច្ច​បង់ពន្ធ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវ​បាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​ហាក់​នៅ​មិនទាន់មាន​ស្មារតី​ភ្ញាក់រឭក​នៅឡើយ​ទេ​។ លោក​បន្តថា​៖ «​ការបង់ពន្ធ គឺជា​កាតព្វកិច្ច​»​។

ក្នុង​ឆ្នាំ​ ២០២០ ចំណូល​ពន្ធ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ៨៨៩,០២ ​លាន​ដុល្លារ កើន ៣,៧៣ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩៕ LA

វីដេអូ៖