ភ្នំពេញៈ ដំណើរការសាងសង់គម្រោងអគារស្នាក់នៅរួមតម្លៃសមរម្យអារ៉ាខាវ៉ា (Arakawa Residence) ដែលមានទុនវិនិយោគជាង ៧០ លានដុល្លារបាននិងកំពុងដំណើរទៅមុខជាប្រចាំ ដោយដំណាក់កាលទី ១ មានអតិថិជនចូលស្នាក់នៅប្រហែល ១០០ យូនីត ចំណែកដំណាក់កាលទី២ បានបញ្ចប់គ្រោងអគាររួចទាំងស្រុង។
Arakawa Residence គឺជាគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យដែលសាងសង់នៅលើផ្ទៃដី ១,៣៦ ហិកតាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះបានចាប់ផ្តើមសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយចែកចេញជា ២ ដំណាក់កាលក្នុងនោះដំណាក់កាលទី ១ មានអគារកម្ពស់ ២១ ជាន់ចំនួន ១០ និងដំណាក់កាលទី២ ចំនួន ៦។
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុន Arakawa Co.,Ltd បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២០ ខែតុលាថា បើទោះបីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ទៅដល់មនុស្សជាច្រើន ក៏សកម្មភាពសាងសង់របស់គម្រោងនេះមិនបានផ្អាកឡើយ។ ជាក់ស្តែងការសាងសង់ក្នុងដំណាក់កាលទី ២ ដែលមានអគារចំនួន ៦ នៅពេលនេះបានបញ្ចប់គ្រោងអគារ ១០០ ភាគរយរួចហើយ ដោយរំពឹងថានឹងអាចបើកឱ្យអតិថិជនចូលស្នាក់នៅចាប់ពីឆមាសទី ២ ឆ្នាំ ២០២២ តទៅ។ លោកបន្តថា គម្រោងនេះត្រូវបានសាងសង់ដោយផ្តោតលើគុណភាពសំណង់ និងបរិស្ថានល្អសម្រាប់ការរស់នៅ។
លោកបន្ថែមថា៖ «មហិច្ឆតាក្នុងការបញ្ចប់ការសាងសង់ទៅតាមផែនការ បានធ្វើឱ្យដំណើរការសាងសង់របស់យើងដំណើរការទៅមុខដោយរលូន។ ពេលនេះក្រុមការងារកំពុងរៀបចំតភ្ជាប់បណ្តាញទឹក ភ្លើង និងរៀបឥដ្ឋជាបណ្តើរៗហើយសម្រាប់ដំណាក់កាលទី ២។ យើងរំពឹងថា Arakawa Residence នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំក្រោយ»។
ទាក់ទងនឹងការលក់ លោក សុធារ៉ា អះអាងថា វិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យការលក់ថមថយមួយកម្រិត។ លោកនិយាយថា៖ «កូវីដ ១៩ ធ្វើឱ្យអតិថិជនមួយចំនួនជួបបញ្ហាក្នុងការបង់ប្រាក់ ប៉ុន្តែក្រុមហ៊ុនកំពុងខិតខំជួយសម្របសម្រួលដល់ពួកគេ»។
បើតាមក្រុមហ៊ុន Arakawa Co., Ltd ចំនួនបន្ទប់ (យូនីត) ទាំង ១ ៦៨០ យូនីតនៃដំណាក់កាលទី ១ បានលក់អស់ ១០០ ភាគរយ ខណៈដំណាក់កាលទី ២ ចំនួន ១ ៤៨៤ យូនីត លក់បានប្រហែល ៣០០ យូនីត។ បន្ទប់ក្នុងគម្រោងនេះមាន ២ ប្រភេទ គឺទំហំ ២៣ ម៉ែត្រការ៉េ និង ៤៦ ម៉ែត្រការ៉េ និងមានតម្លៃចាប់ពី ៣០ ៥០០ ដល់ ៧១ ៣៣០ ដុល្លារ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បាននិយាយថា គម្រោង Arakawa Residence បានទទួលការចាប់អារម្មណ៍ច្រើន ព្រោះជាគម្រោងលំនៅឋានតម្លៃសមរម្យ និងមានទីតាំងល្អក្នុងរាជធានីភ្នំពេញ។ គម្រោងនេះផ្តល់លទ្ធភាពច្រើនដល់អ្នកមានប្រាក់ចំណូលមធ្យម ទាំងតម្លៃលក់ និងវិធីសាស្ត្របង់ប្រាក់។
លោកប្រាប់ថា៖ «Arakawa Residence ជាគម្រោងមានភាពទាក់ទាញ ព្រោះនៅជិតចំណុចកណ្តាលរាជធានីភ្នំពេញ និងមានលក្ខណៈអំណោយផលសម្រាប់អ្នកដែលមិនសូវមានថវិកាក្នុងដៃច្រើន»។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ១២ ខែតុលា បានឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២១ ចំនួនបន្ទប់ស្នាក់នៅក្នុងខុនដូនៅរាជធានីភ្នំពេញមានប្រមាណ ៣០ ០០០ យូនីត។
បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមចុងឆ្នាំ ២០១៩ នៅកម្ពុជាមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ៥ ដោយមានលក្ខណៈជាសំណង់លំនៅឋាន (ផ្ទះ) ចំនួន ៨ ៣៣១ ខ្នង និងលក្ខណៈជាអគារសហកម្មសិទ្ធិ (ខុនដូ) ចំនួន ៧ ២៥៦ យូនីត៕ LA