ភ្នំពេញៈ បន្ទាប់ពីចាប់ផ្តើមសាងសង់ក្នុងអំឡុងដើមឆ្នាំ ២០១៩ អគារកម្ពស់ ៤៥ ជាន់ (១៨៥ ម៉ែត្រ) ជីប ម៉ុង ថៅវើ ដែលស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្រោមទុនវិនិយោគសរុប ២៣០ លានដុល្លាររបស់ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសពីការបញ្ចប់គ្រោងអគារដល់ជាន់កំពូលហើយកាលពីថ្ងៃទី ១៤ ខែមករា។
ជីប ម៉ុង ថៅវើ ដែលមានទីតាំងនៅជិតស្ពានអាកាសសាលាតិចណូ និងបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ ២០១៩ លើផ្ទៃដីទំហំ ១៤ ០៤២ ម៉ែត្រការ៉េត្រូវបានរចនាឡើងជាមួយនឹងស្ថាបត្យកម្មដ៏ទំនើបហើយនឹងត្រូវប្រើប្រាស់ជាអគារពាណិជ្ជកម្មចម្រុះ មានដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្មមានម៉ាកល្បីៗ ការិយាល័យ រោងភាពយន្តខ្នាតធំទំនើប កន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងរៀបចំពិធីផ្សេងៗ សាលប្រជុំ សណ្ឋាគារលំដាប់ពិភពលោក (Fairfield by Marriott Phnom Penh) ភោជនីយដ្ឋាន និងស្កាយបារ៍ ជាដើម។
សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោក លាង ឃុន បានថ្លែងក្នុងពិធីបញ្ចប់ការសាងសង់គ្រោងអគារដល់ជាន់កំពូលនៃ ជីប ម៉ុង ថៅវើ ថា សមិទ្ធផលដ៏ថ្មី និងធំធេងនេះ គឺកើតចេញពីកិច្ចខិតខំរបស់គណៈគ្រប់គ្រង ក្រុមការងារ និងដៃគូទាំងអស់។ អគារពាណិជ្ជកម្មចម្រុះនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍ និងការវិនិយោគឥតឈប់ឈររបស់ក្រុមហ៊ុន ជាក់ស្តែងទោះបីក្នុងអំឡុងពេលនៃបរិបទជំងឺកូវីដ ១៩ ក៏ក្រុមហ៊ុនបានបន្តអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ដែលមានដូចជា ផាកលែនពោធិ៍ចិនតុង, លែនម៉ាក ៦០ ម៉ែត្រ និងជីប ម៉ុង សែនសុខ ជាដើម។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អគារ ជីប ម៉ុង ថៅវើ ដែលនឹងបង្ហាញខ្លួនយ៉ាងពេញលេញនាពេលដ៏ខ្លីខាងមុខនឹងនាំមុខមាត់ថ្មីជូនកម្ពុជាក្នុងនាមជាអគារពាណិជ្ជកម្មចម្រុះប្រកបដោយសក្តានុពល ដែលនឹងផ្តល់នូវភាពប្រណីតទាន់សម័យ និងបម្រើផ្នែកពាណិជ្ជកម្មដើម្បីបំពេញតម្រូវការរបស់ធុរជនជាតិ និងអន្តរជាតិ ក៏ដូចជាជួយលើកស្ទួយវិស័យទេសចរណ៍»។
អគ្គនាយករងជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង លោក Simon DELL បាននិយាយថាក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនេះក៏បានបង្កើតឱកាសការងារជាច្រើនដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជាលើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗជុំវិញតំបន់។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នាថ្ងៃទី ១៦ ខែមករាថា ការបញ្ចប់គ្រោងអគាររបស់ ជីប ម៉ុង ថៅវើ បញ្ជាក់ថា ទោះក្នុងអំឡុងពេលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ ១៩ ក៏ក្រុមហ៊ុន ជីប ម៉ុង នៅតែមានថវិកា និងឆន្ទៈគ្រប់គ្រាន់ក្នុងការបញ្ចប់គម្រោងរបស់ខ្លួនទៅតាមផែនការ ទោះការសាងសង់មានជួបបញ្ហាមួយចំនួនដូចជា ការផ្គត់ផ្គង់សម្ភារសំណង់ និងកម្លាំងពលកម្ម ក៏ដោយ។ លោកបន្តថា សមិទ្ធផលនេះ ក៏ជាគំរូល្អមួយបង្ហាញទៅកាន់អ្នកអភិវឌ្ឍន៍ដទៃទៀតឱ្យខិតខំបង្កើនល្បឿនសាងសង់របស់ខ្លួនផងដែរ។
លោកបន្ថែមទៀតថា អគារដ៏ធំលំដាប់ពិភពលោកនេះមិនត្រឹមតែជួយលើកមុខមាត់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញដល់អ្នកវិនិយោគអន្តរជាតិធំៗពីភាពរឹងមាំនៃកំណើនផ្នែកសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកថ្លែងថា៖ «វឌ្ឍនភាពរបស់គម្រោង នេះនឹងមិនត្រឹមតែបង្ហាញពីភាពរឹងមាំរបស់ក្រុមហ៊ុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យសំណង់ អចលនទ្រព្យ និងបដិសណ្ឋារកិច្ចនៅកម្ពុជាផងដែរ។ នៅពេលមានកន្លែងធ្វើការ និងស្នាក់នៅល្អៗ វានឹងធ្វើឱ្យភ្ញៀវទេសចរ និងវិនិយោគិនចូលចិត្តធ្វើដំណើរមកកម្ពុជាកាន់តែច្រើន»៕ LA