ទីក្រុងហូជីមិញៈ ទីផ្សារជួលលំនៅឋាននៅទីក្រុងហូជីមិញ (HCMC) ត្រូវបានគេរំពឹងថានឹងងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី នៅពេលដែលសិស្សានុសិស្ស និងកម្មករត្រឡប់ទៅតំបន់ដែលបានកំណត់ថាជា «តំបន់បៃតង»។
យោងតាមអ្នកវិភាគ ទីផ្សារជាធម្មតារីកដុះដាលបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីរួចនៅដើមឆ្នាំ ហើយនៅតែមានស្ថិរភាពក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃកូវីដ ១៩ វាបានធ្លាក់ចុះដល់បាត។
យោងតាមស្ថិតិពីគេហទំព័រអចលនទ្រព្យអនឡាញដ៏ធំបំផុតរបស់វៀតណាម batdongsan.com ទិន្នផលសម្រេចបានពីការជួលតាមរយៈវេទិកាអនឡាញនៅក្នុងទីក្រុងបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១៩ មក។
ទិន្នផលនៅតាមទីប្រជុំជនបានធ្លាក់ចុះមកនៅត្រឹម ១,៩ ភាគរយនៅក្នុងសង្កាត់២ និង ២,៣-២,៧ ភាគរយនៅក្នុងស្រុក ៧, ៩, Tan Phu និង Binh Thanh។ ទិន្នផលអាផាតមិនក្នុងទីក្រុងបានធ្លាក់ចុះមកត្រឹម ១,២ ភាគរយ។
ប្រភេទអចលនទ្រព្យផ្សេងទៀតក៏ស្ថិតក្នុងស្ថានភាពអាប់អួស្រដៀងគ្នាដែរ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅឆ្នាំ ២០២០។
យោងតាមគេហទំព័រ Cho Tot ចាប់តាំងពីខែតុលា នៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ទីផ្សារអចលនទ្រព្យបាននិងកំពុងវិលត្រឡប់ទៅរកភាពរឹងមាំរបស់ខ្លួនវិញ។
លោក Hoang Minh ម្ចាស់អចលនទ្រព្យនៅស្រុក Go Vap បានប្រាប់កាសែតអនឡាញ VnExpress ថា ទីផ្សារជួលបានកើនឡើងនៅពេលដែលកម្មករ និងនិស្សិតត្រឡប់ទៅកាន់ទីក្រុងវិញបន្ទាប់ពីបុណ្យចូលឆ្នាំ។
យោងតាមការស្ទង់មតិរបស់ Cho Tot កម្មករ ៣៥ ម៉ឺននាក់ និងនិស្សិតសាកលវិទ្យាល័យចំនួន ១៨ ម៉ឺននាក់បានត្រឡប់មកវិញ។
លោក Ky Hoa ម្ចាស់អចលនទ្រព្យនៅទីក្រុង Thu Duc បានអះអាងថា លោក សង្ឃឹមថា ជំងឺរាតត្បាតនឹងនៅតែស្ថិតក្រោមការគ្រប់គ្រង ដែលជួយឱ្យទីផ្សារជួលងើបឡើងវិញ៕ VNS-ANN/RR