ភ្នំពេញៈ បន្ទប់​ខុនដូ​​ប្រមាណ​ជាង ៣ ០០០​ យូនីត​ បាន​បញ្ចប់​ការ​សាង​សង់ និង​ដាក់​ចូល​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ត្រីមាស​ទី២ ឆ្នាំ​ ២០២២ ដែល​ចំនួន​នេះ​​កើន​ឡើង ៩,៥​ ភាគ​រយ​ បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ​ ២០២២ ខណៈ​តម្លៃ​ទិញ-​លក់ និង​ជួល​ខុនដូ សុទ្ធ​តែ​រើប​ឡើង​វិញ​បន្តិចបន្តួច​ បន្ទាប់​ពី​ធ្លាក់​ចុះ​​ប្រមាណ ២ ​ឆ្នាំ​ ដោយ​សារ​វិបត្តិ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩​។ នេះ​បើ​តាម​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia។

របាយ​ការណ៍​ស្រាវ​ជ្រាវ​របស់ CBRE Cambodia(Phnom Penh Market Insights Q2) ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២ ខែ​កញ្ញា ​បង្ហាញ​ថា ភាព​ល្អ​ប្រសើរ​នៃ​ម៉ាក្រូ​សេដ្ឋកិច្ច តាម​រយៈ​អត្រា​ដ៏​ខ្ពស់​នៃ​ចំនួន​ប្រជាពល​រដ្ឋ​ក្នុង​ស្រុក​ដែល​បាន​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ កំណើន​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ (​មិន​មាន​ការ​ធ្វើ​ចត្តាឡីស័ក) និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​ បាន​ធ្វើ​ឱ្យ​ទីផ្សារ​អចលន​ទ្រព្យ រួម​ទាំង​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ ចាប់​ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ​​បណ្តើរ​ៗហើយ។

របាយការណ៍​ខាង​លើ​បាន​រក​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ​ ២០២២ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ចំនួន ៤ [ប្រភេទ​តម្លៃ​មធ្យម​(Mid-Range) និង​ប្រភេទ​តម្លៃ​សមរម្យ ​(Affordable)]​ បាន​បញ្ចប់​ការ​សាង​សង់ និង​ដាក់​ចូល​ក្នុង​ទីផ្សារ ដែល​គម្រោង​ទាំង ៤ នេះ​មាន​បន្ទប់​ស្នាក់​នៅ​សរុប ៣ ២០៤​ យូនីត។ គិត​ត្រឹម​ចុង​ត្រីមាស​ទី ​២ ឆ្នាំ​ ២០២២ ចំនួន​បន្ទប់​ខុនដូក្នុង​រាជធានី​ភ្នំពេញ បាន​កើន​ដល់ជាង ៣៦​ ០០០ យូនីត។

បើ​តាម CBRE Cambodiaសម្រាប់​តម្លៃ​លក់ និង​ជួល​ខុនដូ ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ​ ២០២២ ឃើញ​ថា ​កើន​ឡើង​បន្តិច​មក​វិញ​បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ​ ២០២២។ ​បន្ទប់​ខុនដូ​ប្រណីត (High-End) មាន​តម្លៃ​លក់​ជា​មធ្យម ២​ ៦៧១​ ដុល្លារ​ក្នុង​ ១​ ម៉ែត្រ​ការ៉េ កើន​ឡើង ១,៥ ​ភាគ​រយ​បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ​ ២០២២, បន្ទប់​ខុនដូ​តម្លៃ​មធ្យម (Mid-Range) មាន​តម្លៃ​មធ្យម ២ ០៩៦​​ ដុល្លារ កើន ​២,៧​ ភាគ​រយ​ និង​ប្រភេទ​តម្លៃ​សមរម្យ​ (​Affordable) មាន​តម្លៃ ១ ៤១២ ​​ដុល្លារកើន​ឡើង​ ០,៧​ ភាគ​រយ​​។

ដោយ​ឡែក​សម្រាប់​តម្លៃ​ជួលគឺ​ខុនដូ​ប្រណីត (High-End) មាន​តម្លៃ​ជា​មធ្យម ១១ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ​សម្រាប់​ ១ ខែ កើន​ឡើង ២,៣ ​ភាគ​រយ, ប្រភេទ​តម្លៃ​មធ្យម ​(Mid-Range) មាន​តម្លៃ ៩,៦​​ ដុល្លារ កើន ៣,៣ ​ភាគ​រយ​ និង​ប្រភេទ​តម្លៃ​សមរម្យ ​(Affordable) មាន​តម្លៃ​ ៧,៩ ​ដុល្លារ កើន​ឡើង​ ១,២​ ភាគ​រយ​។

អ្នក​នាង គឹម គិនកេសា នាយិកា​រង​ផ្នែក​ស្រាវ​ជ្រាវ និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃ​ទី​ ៥ ខែ​កញ្ញា​ថា សម្រាប់​សកម្ម​ភាព​ទិញ លក់ ជួលនិងតម្លៃខុនដូ កាល​ពី​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ នេះវា​ចាប់​ផ្តើម​​ផ្តល់​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ហើយ ហើយ​វា​នឹងបន្ត​កើន​ឡើង​ទៀត​នៅ​ក្នុង​ត្រីមាស​ទី​ ៣ និង​ទី ​៤ នេះ​ ប៉ុន្តែ​វា​នឹង​មិន​មាន​កំណើន​ខ្ពស់​ទេ ដោយ​វាកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ Recovery។

អ្នកនាងបានបញ្ជាក់ថា «បច្ចុប្បន្នទីផ្សារនេះពឹងផ្អែកលើអ្នកក្នុងស្រុកច្រើន ព្រោះចំនួននៃការមកដល់របស់ជនបរទេសនៅមានកម្រិតទាបនៅឡើយ»។

ប្រធាន​សមាគម​អច​លន​ទ្រព្យ​សកលលោក សំ សុខនឿន បានប្រាប់​ថា ទោះបី​វិស័យ​អច​លន​​ទ្រព្យ​នៅ​កម្ពុជា​មិន​ទាន់​មាន​ដំណើរ​ការ​ល្អ​ដូច​មុន​​​អំឡុង​ពេល​ពិភព​លោក​ជួប​នឹង​វិបត្តិ​បណ្តាល​មក​ពី​ជំងឺកូវីដ​ ១៩ ប៉ុន្តែ​​ទីផ្សារ​នេះ​​​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​។ លោក​បន្ត​ថា បើ​និយាយ​ពី​ទីផ្សារ​ខុនដូ​នៅ​ពេល​នេះ គឺ​មាន​អ្នក​ទិញ​តែ​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​។

លោកបានបញ្ជាក់ថា៖ «ដោយសារទីផ្សារគោលដៅភាគច្រើនជាជនបរទេស ដូច្នេះ ទីផ្សារនេះនៅត្រូវការពេលបន្ថែមទៀតដើម្បីដំណើរការល្អឡើងវិញ»។

ទោះ​យ៉ាង​ណា លោក សុខនឿន បញ្ជាក់​ថា ​និន្នាការ​របស់​ប្រជាជន​ក្នុង​ស្រុក​ចំពោះ​ការ​ស្នាក់​នៅ​ខុនដូ​ក៏​មាន​ការ​កើន​ឡើង​ខ្លះៗផង​ដែរ​នា​ពេល​នេះ​ ខណៈ​​​អ្នក​វិនិយោគ​មួយ​ចំនួន​ក៏​បាន​និង​កំពុង​បែរ​មក​អតិថិថជន​ក្នុង​ស្រុក​ជំនួស​ឱ្យ​អតិថិជន​ក្រៅ​ស្រុក​ផង​ដែរ​។​

ប្រសិន​បើ​ស្ថាន​ភាព​សេដ្ឋកិច្ច​ និង​នយោបាយ​នៅ​កម្ពុជា និង​ពិភព​លោក មាន​ស្ថិរភាព​ល្អ​ប្រសើរ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២២ នេះ​ចំនួន​បន្ទប់​ខុនដូ​ ដែល​សាង​សង់​រួច និង​ដាក់​ចូល​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ដល់ជាង ៤៥ ០០០ ​យូនីតហើយ​ក្នុង​ឆ្នាំ​ ២០២៣ នឹង​កើន​​ដល់ជាង ៦៥ ០០០​ យូនីត។ នេះ​បើ​តាម​ការ​ព្យាករ​របស់​ក្រុមហ៊ុន CBRE Cambodia។​

តាម​ទិន្នន័យ​ចុង​ក្រោយ​បំផុត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ នៅ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ក្រសួង​បាន​អនុម័ត​លើ​គម្រោង​សាង​សង់​សរុប​ ២ ០០០ ​គម្រោង ដែល​មាន​ផ្ទៃ​ក្រឡា​សំណង់ ២ ៨៥៩ ៨៧៧ ​ម៉ែត្រ​ការ៉េ និង​មាន​ទុន​វិនិយោគ ១ ២០៦ ​លាន​ដុល្លារ។ ចំនួន​អគារ​ខ្ពស់ៗ ចាប់​ពី ៥ ​ជាន់​ឡើង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ២ ៤៧២ ​អគារ ចំណែក​បុរី​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី មាន​ចំនួន ៤៨២​ គម្រោង​៕