ភ្នំពេញៈ PropNex Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី PropNex បានប្រកាសចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជាជាផ្លូវការជាមួយទស្សនវិស័យពង្រីកភ្នាក់ងារលក់មានវិជ្ជាជីវៈឱ្យដល់ចំនួន ១ ០០០ នាក់ ត្រឹមឆ្នាំ ២០២៣។
ក្នុងពិធីប្រកាសបើកសម្ពោធក្រុមហ៊ុន PropNex Cambodia ជាផ្លូវការដែលរៀបចំនៅសណ្ឋាគារ Raffles Hotel Le Royal កាលពីរាត្រីថ្ងៃទី ២៣ ខែកញ្ញា លោកស្រី អាន ធីតា នាយកគ្រប់គ្រង PropNex Cambodia បានលើកឡើងថា PropNex Cambodia បាននាំមកជាមួយនឹងជំនាញ និងសេវាកម្មដ៏ល្អបំផុតសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា តាមរយៈការផ្តល់នូវសេវាកម្មក្នុងវិស័យអចលនទ្រព្យដូចជា ការជួលផ្ទះ និងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សា និងស្រាវជ្រាវលើអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យជាដើម។
លោកស្រីបន្តថា ក្រៅពីផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈកម្រិតស្តង់ដាអន្តរជាតិ PropNex Cambodia ក៏មានគោលដៅផ្តល់នូវកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយដល់បុគ្គលិករបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យពួកគេក្លាយជាក្រុម
ការងារដ៏រឹងមាំ ហើយនឹងអាចជួយដល់អតិថិជនប្រកបដោយវិជ្ជាជីវៈខ្ពស់។
លោកស្រី ធីតា និយាយថា៖ «បច្ចុប្បន្នក្រុមហ៊ុន PropNex Cambodia មានភ្នាក់ងារអចលនទ្រព្យជំនាញរបស់ខ្លួនសរុប ៤០០ នាក់ ហើយក្រុមហ៊ុនសង្ឃឹមថា នឹងសម្រេចបាននូវបុគ្គលិកផ្នែកលក់ ១ ០០០ នាក់ នៅក្នុងឆ្នាំ ២០២៣»។
ប្រធានផ្នែកភ្នាក់ងារអចលនទ្រព្យ PropNex Cambodia លោក Alan Neo បានឱ្យដឹងថា PropNex បានមកដល់កម្ពុជាក្នុងខែឧសភា ឆ្នាំ ២០២១ ដែលជាអំឡុងពេលនៃការរីករាលដាលខ្លាំងជំងឺកូវីដ ១៩។ កម្ពុជា គឺជាទីផ្សារកំពុងរីកចម្រើនខ្លាំង ប៉ុន្តែនៅមិនទាន់មានភ្នាក់ងារមានវិជ្ជាជីវៈ និងជំនាញគ្រប់គ្រាន់ទេ។ PropNex Cambodia នឹងផ្តល់នូវសេវាកម្មទូលំទូលាយលើការលក់ ការវិនិយោគដីធ្លី និងសេវាកម្មប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ។
លោកបន្ថែមថា PropNex Cambodia ចង់ជួយដឹកនាំអ្នកជំនាន់ក្រោយឱ្យមានជំនាញអចលនទ្រព្យច្បាស់លាស់ ហើយតាមរយៈ PropNex Cambodia ក្រុមហ៊ុន PropNex ក៏កំពុងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលសិង្ហបុរី ក៏ដូចជានាំយកប្រព័ន្ធ IT របស់ប្រទេសសិង្ហបុរី មកប្រទេសកម្ពុជាផងដែរ។
បច្ចុប្បន្ន PropNex កំពុងមានវត្តមានក្នុងប្រទេសចំនួន ៦ រួមមាន សិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម អូស្ត្រាលី និងកម្ពុជា៕