ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​តម្លៃ​ផ្ទះ​ឯកជន​នៅ​ហុងកុង ​បាន​ធ្លាក់ចុះ ២,១ ​ភាគរយ​នៅ​ក្នុង​ខែកញ្ញា។​ អត្រា​តម្លៃនេះធ្លាក់​ដល់​កម្រិត​ទាបបំផុត​ ចាប់តាំង​ពី​ខែមករា​ឆ្នាំ ២០១៩​ ដែល​ជា​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ កាល​ពីថ្ងៃទី ២៧​ ខែតុលា។

ហុងកុង​ជា​ទីក្រុង​តម្លៃ​លំនៅឋាន​ និង​ផ្ទះជួល​ថ្លៃ​កប់ពក​ថ្លៃ​ជាងគេ​បំផុត​មួយ​របស់​ពិភព​លោក។ ​អ្នករស់​នៅ​ហុងកុង​ពិបាក​ទិញផ្ទះ​ ប៉ុន្តែ​តម្លៃផ្ទះ​បាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​ពី ១,៩​ ភាគរយ​ក្នុង​ខែ​សីហា​ និង ២,១​%​ នៅ​ខែ​កញ្ញា​។

តម្លៃផ្ទះ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​បាន​ធ្លាក់ចុះ ៨,១​ ភាគ​រយ​ក្នុង​រយៈ​ពេល​ ៩ ខែ​ដំបូង​នៃ​ឆ្នាំនេះ។​ ធនាគារ​ហុងកុង​បាន​ដំឡើង​អត្រា​ការប្រាក់​កម្ចី​ដ៏​ល្អ​បំផុត​របស់​ពួកគេ​ កាលពី​ខែមុន​ដែលជា​ការ​ដំឡើង​អត្រា​ការ​ប្រាក់​លើកដំបូង​ក្នុង​រយៈពេល ​៤ ​ឆ្នាំ​។

ការ​កើនឡើង​នៃ​ថ្លៃ​កម្ចី​ទិញផ្ទះ​ និង​ទស្សន​វិស័យ​សេដ្ឋកិច្ច​ដ៏​អាក្រក់ ​បាន​ធ្វើ​ឱ្យមាន​ភាព​ទុទិដ្ឋិ​និយម​យ៉ាងខ្លាំង​ក្នុង​ចំណោម​ម្ចាស់ផ្ទះ​។ តម្លៃផ្ទះ​ពេញ ១ ឆ្នាំ ត្រូវ​បាន​គេរំពឹង​ថា ​នឹង​ធ្លាក់​ចុះ​ប្រហែល ១០​ ភាគរយ​ ដែល​ជា​ការធ្លាក់​ចុះ​លើក​ដំបូង​ ចាប់​តាំង​ពីឆ្នាំ ២០០៨​ ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​ក្រុមហ៊ុន​ប្រឹក្សា​អចលន​ទ្រព្យ ​Knight Frank Greater China ​លោក ​Martin Wong ​បាន​និយាយ​ថា​៖«លោក​រំពឹង​ថា​តម្លៃ​នឹង​បន្ត​ធ្លាក់ចុះ​ក្នុង​រយៈ​ពេលខ្លី​ ដែល​មួយ​ផ្នែក​ត្រូវ​បាន​ប៉ះពាល់​ដោយ​ទីផ្សារ​ភាគហ៊ុន​ដែល​ជំរុញ​ឱ្យ​សន្ទស្សន៍​ហ៊ុន​ Hang Seng ​ឱ្យធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំង​ពី​ខែ​មេសា ​ឆ្នាំ ​២០០៩»។

លោក​បាន​បន្ថែមថា​ បរិមាណ​ប្រតិបត្តិការ​ ត្រូវ​បាន​កំណត់ថា​ នឹងធ្លាក់​ចុះដល់​កម្រិតទាប​រយៈពេល ៩ ​ឆ្នាំ​ជាប់ៗ​គ្នា​៕