The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សកម្មភាព​ទិញ​លក់​ខុន​ដូនៅ​កម្ពុជា ​ចាប់ផ្តើម​មាន​កំណើន​សន្សឹម​ៗពី​ការទិញ​ក្នុងស្រុក​

សកម្មភាព​ទិញ​លក់​ខុន​ដូនៅ​កម្ពុជា ​ចាប់ផ្តើម​មាន​កំណើន​សន្សឹម​ៗពី​ការទិញ​ក្នុងស្រុក​

Content image - Phnom Penh Post
អគារខុនដូ ក្នុងខណ្ឌជ្រោយចង្វារនៃរាជធានីភ្នំពេញ។ ហុង មិនា

សកម្មភាព​ទិញ​លក់​ខុន​ដូនៅ​កម្ពុជា ​ចាប់ផ្តើម​មាន​កំណើន​សន្សឹម​ៗពី​ការទិញ​ក្នុងស្រុក​

ភ្នំពេញៈ អចលនទ្រព្យ និង​អ្នក​នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​អះអាងថា ប្រតិបត្តិការ​នៅក្នុង​ទីផ្សារ​ខុន​ដូ​កំពុងមាន​កំណើន​ឡើងវិញ​ជា​បន្តបន្ទាប់ ដែល​គាំទ្រ​ដោយ​អ្នកទិញ​ក្នុងស្រុក​ជាជាង​ការពឹង​ផ្អែកលើ​ជនបរទេស​បន្ទាប់ពី​ការធ្លាក់ចុះ​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​យោងតាម​ការសិក្សា​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​នានា រាជធានី​ភ្នំពេញ គឺជា​កន្លែង​មួយ​ដែលមាន​ការអភិវឌ្ឍខុន​ដូ​ច្រើនជាងគេ ដោយមាន​ការប៉ាន់ប្រមាណ​ថា ​មាន​ប្រហែល ៣០ ០០០​ យូ​នី​ត ឬ ១០០ អគារ​។ ពួកគេ​បាន​ព្យាករ​ថា ​ត្រឹម​ឆ្នាំ ២០២៥​ តួលេខ​នេះ​នឹង​កើន​ឡើងដល់ ៨០ ០០០​។ តម្លៃ​លក់​ជា​មធ្យម​នៃ​យូ​នី​ត​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ចន្លោះ​ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារ​ក្នុង ​១ ​ម៉ែត្រការ៉េ ខណៈ​តម្លៃ​ជួល​ជា​មធ្យម​ចន្លោះ​ពី ៨ ទៅ ១៥ ដុល្លារ​ក្នុង ​១​ ម៉ែត្រការេក្នុង ​១ ខែ​។​

​លោក ខុម គង់គា ជា​ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ERA Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រតិបត្តិការ​ខុន​ដូ​បាន​កើន​ឡើងជា​លំដាប់ ប៉ុន្តែ​ការផ្គត់ផ្គង់​យូ​នី​ត​នៅមានកម្រិត​ទាប​នៅឡើយ​។ លោក​បន្តថា ខុន​ដូ​មួយចំនួនទៀត​នឹង​បើក​ដំណើរការ​នៅ​ដើម​ឆ្នាំក្រោយ​។

​លោក​បាន​បន្តថា​៖ «​យើង​សង្កេតឃើញថា​ ស្ថានភាព​បច្ចុប្បន្ន​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាជន​ក្នុង​ការទិញ​ខុន​ដូ ដោយសារ​តម្លៃ​នៅ​ទាប ខណៈ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុងផ្តល់​លក្ខខណ្ឌ​អំណោយផល​»​។​

​បើតាម​លោក គង់គា ជាធម្មតា​តម្រូវការ​ខុន​ដូ​នៅ​កម្ពុជា ភាគច្រើន​ពឹងផ្អែក​លើ​អ្នកទិញ​បរទេស ប៉ុន្តែ​ឥឡូវនេះ​តម្រូវការ​កាន់តែច្រើន​ពី​អ្នកទិញ​ក្នុងស្រុក​។ លោក​បាន​បន្តថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងមាន​ការកើនឡើង​ដោយ​ទទួលបាន​ដើមទុន​ខ្ពស់ ១៥ ភាគរយ​ក្នុង​ ១ ឆ្នាំ ខណៈ​ប្រាក់ចំណេញ​ក្នុង​ទីផ្សារ​ខុន​ដូ​ក៏មាន​កម្រិត​ខ្ពស់​សម្រាប់​វិនិយោគិន​ដែរ​។​

​លោក ​William Lee ប្រធាន​ផ្នែក​លក់​នៅ Wealth Mansion ដែលជា​ខុន​ដូ​កម្ពស់ ៤៥ ​ជាន់ ដែល​បានចាប់ផ្តើម​សាងសង់​ក្នុង​ខែមិថុនា ឆ្នាំ ២០១៩ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២៣​។ ការអភិវឌ្ឍនេះ​មាន​ទីតាំងនៅ​ជិត​មាត់ទន្លេ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បានចង្អុលបង្ហាញ​ថា ទន្ទឹមនឹង​នេះដែរ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា កំពុង​ស្ទុះ​ងើបឡើង​វិញ លំហូរ​នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​កំពុង​ហូរ​ចូល​បន្តិច​ម្តងៗ ដែល​នាំមក​នូវ​ក្តីសង្ឃឹម​ខ្ពស់​សម្រាប់​ទីផ្សារ​ខុន​ដូ​។​

​លោក​បាន​បន្តថា​៖ «​រហូតមកដល់​ពេលនេះ យើង​មាន​ខុន​ដូ​ជាង ៥០ ភាគរយ​ត្រូវបាន​លក់​អស់ ប្រហែល ៤០ ភាគរយ​បាន​ទិញ​ដោយ​អ្នកទិញ​ក្នុងស្រុក​»​។​

​យោងតាម​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​ កាលពីដើម​ខែតុលា បាន​គូសបញ្ជាក់ថា ​វិបត្តិ​ពិភពលោក នៅតែ​បន្ត​រារាំង​ទីផ្សារ​ខុន​ដូ​ក្នុង​រាជធានី ទាក់ទង​នឹង​ដំណើរការ​សាងសង់ ប្រតិបត្តិការ និង​ការជួល ដែល​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ខុន​ដូ​មាន​ចំនួន​ ៣៦ ០០០ ​យូ​នី​ត គិត​ត្រឹម​ថ្ងៃទី ​៣០​ ខែកញ្ញា មិនមាន​ការផ្លាស់ប្តូរ​ទេ បើ​ធៀប​នឹង​រយៈពេល ​២-៣ ​ខែ​មុន​។​

​ក្រុមហ៊ុន CBRE Cambodia បានកត់សម្គាល់​ថា ​តម្លៃ​ខុន​ដូ​ជា​មធ្យម​ក្នុង ​១ ​ម៉ែត្រការ៉េ ចាប់ពី​ខែកក្កដា ​ដល់​ខែកញ្ញា​ គឺ ២ ៦៣៩ ដុល្លារ​ធ្លាក់ចុះ ១,២​ ភាគរយ​សម្រាប់​ប្រភេទ​តម្លៃ​ខុន​ដូ​ប្រណីត ២ ០៧៨​ ដុល្លារ​ធ្លាក់ចុះ ០,៨​ ភាគរយ​សម្រាប់​ខុន​ដូ​តម្លៃ​មធ្យម និង ១ ៤០៨ ដុល្លារ​សម្រាប់​ខុន​ដូ​តម្លៃ​សមរម្យ​ធ្លាក់ចុះ ០,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​មុន​។​

​កញ្ញា ​គិ​ម គិ​ន​កេសា​ នាយករង​ផ្នែក​សេវាកម្ម​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន​ CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១២​ ខែតុលា​ ថា ទោះបីជា​អត្រា​លក់ និង​ជួល​ខុន​ដូ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ត្រីមាស​ទី ៣​ ស្ទុះ​ងើបឡើង​វិញ​តិចតួច​ដែល​បាន​មើលឃើញ​ក្នុង​រយៈពេល​ ៣​ ខែ​មុន​ក៏ដោយ ក៏ប៉ុន្តែ​ការផ្លាស់ប្តូរ​មាន​តិចតួច និង​មិនមាន​ប៉ះពាល់​ខ្លាំង​ដល់​ស្ថិរភាព​ជារួម​នៃ​តម្លៃ​ ដែល​ត្រូវបាន​គេ​មើលឃើញ​តាំងពី​ដើមឆ្នាំ ២០២២ ​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​រហូតដល់​ចុងឆ្នាំ​នេះ​។​

​ការ​ត្រឡប់​កម្ពុជា​មកវិញរ​បស់​ជនបរទេស​ដែល​រំពឹងទុក​នៅ​ឆ្នាំ​ក្រោយនេះ ក៏​ត្រូវបាន​រំពឹងថា​នឹង​ជំរុញ​កំណើន​តម្រូវការ និង​ការជួល​ផងដែរ​។​

​ដើម្បី​សម្រេចបាន​តាម​ទិសដៅ​នេះ កញ្ញា គិ​ន​កេសា​ បាន​អត្ថាធិប្បាយ​ថា​៖«​នៅក្នុង​ឆ្នាំ ២០២៣ ​យើង​រំពឹងថា​ប្រតិបត្តិការ និង​ការជួល​នឹង​កើនឡើង​ជាថ្មី បើ​ធៀប​នឹង​ឆ្នាំ ២០២២ ​ដោយ​គម្រោង​ថ្មី​មួយចំនួន​នឹងត្រូវ​បានដាក់​លក់​នៅលើ​ទីផ្សារ ខណៈដែល​តម្លៃ​នៅតែមាន​ស្ថិរភាព​»​។​

​ក្រុមហ៊ុន CBRE Cambodia កាលពី​ខែ​មុន​បាន​ព្យាករ​ថា ដោយសារ​មានការ​កែលម្អ​យ៉ាងសំខាន់​នៅក្នុង​បរិយាកាស​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ព្រះរាជាណាចក្រ និង​ក្រៅប្រទេស ការផ្គត់ផ្គង់​ខុន​ដូរ​បស់​រាជធានី​អាច​កើនឡើង​ដល់​ ៤៥ ០០០​យូ​នី​ត​នៅ​ចុងឆ្នាំ​ ២០២២​ និង ​៦៥ ០០០ ​យូ​នី​ត​នៅ​ចុងឆ្នាំ ២០២៣​ ។​

​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស បាន​កើន​ឡើងដល់​ជិត ៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី ​១ ឆ្នាំ ២០២២ ដោយ​ប្រទេស​ចិន​មាន​ចំនួន ៤៣ ភាគរយ​។ ទីផ្សារ​ប្រភព​សំខាន់ៗ​ផ្សេងទៀត គឺ​កូរ៉េខាងត្បូង សិង្ហ​បុរី អូស្ត្រាលី ថៃ ម៉ាឡេស៊ី និង​ជប៉ុន​៕ LA

អត្ថបទគួរចាប់អារម្មណ៍