
សំណង់អគារដ៏ច្រើនស្អេកស្កះក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ គម្រោងវិនិយោគ ៣ ៨២៧ គម្រោង ដែលមានទុនវិនិយោគសរុបជាង ២,៦ ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័តឱ្យសាងសង់ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ ដោយចំនួនទឹកប្រាក់នេះគឺធ្លាក់ចុះជិតពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងបានអនុម័តឱ្យគម្រោងសាងសង់ចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុប ៦ ៥៩៦ ៩៣៦ ម៉ែត្រការ៉េ។ ចំនួនគម្រោងដែលអនុម័តក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ គឺធ្លាក់ចុះ ២,៤៩ ភាគរយពីចំនួន ៣ ៩២៥ គម្រោងនារយៈពេល ១១ ខែឆ្នាំមុន។ចំណែកទុនវិនិយោគក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ គឺមាន ២ ៦៣៤,៩៩ ដុល្លារធ្លាក់ចុះ ៤៩,៤២ ភាគរយពីចំនួន ៥ ២១០,៣៦លានដុល្លារ។
បើយោងតាមទិន្នន័យខាងលើ គឺក្នុងចំណោមគម្រោងទាំង ៣ ៨២៧ គម្រោង គឺ ២០២ គម្រោងត្រូវបានអនុម័តដោយសមត្ថកិច្ចក្រសួងដែលមានទុនវិនិយោគប្រមាណ ២ ០៨៧,៧៨ លានដុល្លារ និងចំនួន ៣ ៦២៥ គម្រោងត្រូវបានអនុម័តដោយសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត ដែលមានទុនវិនិយោគ ៥៤៧,២១ លានដុល្លារ។
ក្រសួងបានឱ្យដឹងទៀតថា បើគិតពីឆ្នាំ ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ គឺក្រសួងបានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប ៦១ ៤១៨ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុប ១៧៣ ២១៣ ៧៥៦ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៦៨៨៣៧,៥៤ លានដុល្លារ។
គិតពីឆ្នាំ ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ នៅកម្ពុជាមានគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ ជាន់ឡើងនៅ ២ ៥៣៤ អគារ ដោយនៅរាជធានីភ្នំពេញ មាន ១ ៦៧៥ អគារ, ខេត្តព្រះសីហនុ ៦៨៥ អគារ, បន្ទាយមានជ័យ ១៣១ អគារ និងខេត្តផ្សេងៗចំនួន ៤៣ អគារ។
អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញរបស់ខ្លួនឡើងវិញជិត ១ ឆ្នាំហើយក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅមិនទាន់មានភាពល្អប្រសើរដូចមុនមានការរីករាលដាលជំងឺកូវីដ ១៩ ឡើយ។ វិស័យនេះត្រូវការពេលបន្ថែមទៀត ខណៈចំនួនអគារដែលបានសាងសង់រួច និងដាក់លក់ជួលនៅលើទីផ្សារក៏មាននៅសល់ច្រើនដែរ។
លោកប្រាប់ថា៖ «បើវិស័យផ្សេងៗរួមទាំងវិស័យទេសចរណ៍មានកំណើនឡើងវិញ ការសាងសង់ ឬទីផ្សារអចលនទ្រព្យ នឹងងើបឡើងវិញដែរ ប៉ុន្តែនឹងមិនហក់ឡើងវិញភ្លាមៗលឿនដូចវិស័យផ្សេងៗទៀតទេ»។
លោកបញ្ជាក់ថា ទោះបីចំនួនគម្រោងសាងសង់ និងទុនវិនិយោគរយៈពេល ១១ ខែធ្លាក់ចុះច្រើន ប៉ុន្តែមិនមានន័យថា វិស័យនេះកំពុងជួបហានិភ័យទេ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បាននិយាយថា ទោះបីពេលនេះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មានភាពធូរស្រាល ប៉ុន្តែបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្មរបស់ប្រទេសធំៗនៅលើពិភពលោក បាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ ផលអវិជ្ជមាននេះនឹងបន្តអូសបន្លាយដល់ឆ្នាំ ២០២៣ នេះបន្តទៀត។
លោកបានអះអាងថា៖ «ទោះក្នុងឆ្នាំ ២០២៣ ក៏ខ្ញុំគិតថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានឹងមិនទាន់អាចមានងាកទៅរកភាពល្អប្រសើរដូចមុនឆ្នាំ ២០១៩ ឡើយ។ វិស័យនេះត្រូវការពេលយ៉ាងហោច ២-៣ ឆ្នាំទៅមុខទៀត ទើបល្អដូចមុនឆ្នាំ ២០១៩»៕