
ដែកក្នុងការដ្ឋានសំណង់ ១ កន្លែង ក្នុងខណ្ឌចំការមន កាលពីថ្ងៃទី ១ ខែធ្នូ។ ហេង ជីវ័ន
ភ្នំពេញៈ ទឹកប្រាក់ប្រមាណជាង ៣២៧ លានដុល្លារត្រូវបានកម្ពុជាចំណាយលើការនាំចូលដែក និងដែកថែបក្នុងរយៈពេល ១១ ខែ ដើមឆ្នាំ ២០២២ កើនជិត ២៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិនាំចូលទំនិញបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែបក្នុងទឹកប្រាក់ ជាង ៣២៧ លានដុល្លារ កើនឡើង ២២,៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែល មានចំនួនជាង ២៦៧ លានដុល្លារ។ ចំនួនទឹកប្រាក់នាំចូលដែក និងដែកថែប គឺស្មើនឹង ១,២ ភាគរយនៃទឹកប្រាក់ដែលកម្ពុជានាំចូលទំនិញពីទីផ្សារអន្តរជាតិសរុប។
សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២២ ការនាំចូលដែក និងដែកថែប គឺមានទឹកប្រាក់ជាង ២៥ លានដុល្លារ កើនឡើង ១៥,៨ ភាគរយធៀបខែវិច្ឆិកា ឆ្នាំ ២០២១ មានចំនួន ជាង ២២ លានដុល្លារ។ ដោយឡែកបើធៀបខែតុលា ឆ្នាំ ២០២២ ដែលការនាំចូលមានទឹកប្រាក់ជាង ៣០ លានដុល្លារ បានធ្លាក់ចុះប្រមាណ ១៥,១១ ភាគរយ។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីក្នុងឆ្នាំ ២០២២ នេះ ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា និងពិភពលោក បានងើបចេញជាបណ្តើរៗពីវិបត្តិបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែសម្រាប់វិស័យសំណង់ គឺមិនទាន់មានសញ្ញាវិជ្ជមានទេ ខណៈអ្វីៗដែលគេកំពុងឃើញមានសកម្មភាពសាងសង់ក្នុងពេលនេះ គឺសុទ្ធតែជាគម្រោងចាស់ៗ។ បន្ថែមពីលើនេះ គម្រោងសាងសង់ដែលត្រូវ បានអ្នកវិនិយោគទុកចោលក៏ មានច្រើនដែរ (ពិសេសក្នុងក្រុងព្រះសីហនុ)។
លោកអះអាងថា៖ «ខ្ញុំនៅមិនឃើញមានសកម្មភាពនៃការសាងសង់គម្រោងថ្មីៗមានសម្ទុះឡើងវិញទេ សូម្បីតែគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានម្ចាស់ជាអ្នកវិនិយោគក្នុងស្រុកក៏ដោយ»។
លោកបន្ថែមទៀតថា វិស័យសំណង់ និងការនាំចូលសម្ភារសំណង់នឹងកើនឡើងវិញនៅ ពេលកំណើនសេដ្ឋកិច្ច ពិភពលោករឹងមាំ ហើយការធ្វើដំណើរទេសចរណ៍ និងវិនិយោគ ក៏កើនឡើងផងដែរ។
ទាក់ទងនឹងកំណើនប្រាក់នាំចូលដែក និងដែកថែប ខាងលើ លោកនិយាយថា ដោយសារតម្លៃដែកកើនឡើងជាងពេលមុន។ ដែកប្រើប្រាស់ក្នុងវិស័យសំណង់នៅកម្ពុជា ភាគច្រើនត្រូវបាននាំចូលពីប្រទេសវៀតណាម ចិន និងថៃ ជាដើម។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បាននិយាយថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ នឹងបន្តស្ថិតក្នុងភាពអវិជ្ជមានដូចគ្នាដែលបណ្តាលមកពីភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ ១៩ និងជម្លោះភូមិសាស្ត្រនយោបាយរបស់ប្រទេសធំៗនៅលើពិភពលោក។ បញ្ហាទាំងអស់នេះបានទាញទម្លាក់សកម្មភាពវិនិយោគជាច្រើនពិសេសការវិនិយោគដែលមានលក្ខណៈយូរអង្វែង និងប្រើប្រាស់ដើមទុនច្រើន។
លោកបានថ្លែងអះអាងយ៉ាងដូច្នេះថា៖ «ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងសំណង់នៅពេលនេះ គឺកើតមាននៅគ្រប់ប្រទេសលើពិភពលោក ហើយវានឹងមិនអាចងើបឡើង វិញលឿនដូចវិស័យមួយចំនួននោះទេ»៕