
សាឡាងកំពុងចម្លងអ្នកដំណើរពីរាជធានីភ្នំពេញទៅអរិយក្សត្រ កាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២២។ អរិយក្សត្រគឺជាក្រុងថ្មី១ទៀតដែលរាជរដ្ឋាភិបាលទើបប្រកាសបង្កើត។ ហុង មិនា
កណ្តាល/កំពង់ស្ពឺៈ អ្នកជំនាញផ្នែកអចលនទ្រព្យ បានអះអាងថា សកម្មភាពអចលនទ្រព្យនៅក្នុងក្រុងថ្មីនៃខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បានចាប់ផ្ដើមមានសញ្ញាល្អ ដោយក្នុងនោះ ចរន្តនៃការដោះដូរដីធ្លីកាន់តែមានសម្ទុះជាងមុន ក្រោយពេលរដ្ឋាភិបាល សម្រេចបង្កើតក្រុងថ្មី។
កាលពីខែមុនរាជរដ្ឋាភិបាល បានសម្រេចបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺជា២ ដោយត្រូវបង្កើតទៅជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ ក្រុងឧដុង្គម៉ែជ័យ នឹងកាត់យកឃុំចំនួន៥ ខណៈស្រុកសាមគ្គីមុនីជ័យ នឹងត្រូវយកឃុំចំនួន១០នៃស្រុកឧដុង្គ។
ខេត្តកណ្តាលវិញ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុងសំពៅពូន ដោយកាត់យកឃុំចំនួន៥ពីស្រុកកោះធំ។ ចំណែកក្រុងអរិយក្សត្រ ត្រូវកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ពីស្រុកល្វាឯម។
ជារួម ខេត្តកណ្តាល នឹងមានក្រុងចំនួន៣ គឺក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន។
លោក សុខ សុខេង ជាភ្នាក់ងារអចលនទ្រព្យ១រូប ប្រចាំតំបន់នោះបានឱ្យដឹងថា បច្ចុប្បន្នការអភិវឌ្ឍតាមបណ្ដោយផ្លូវ៥១ ឃើញថា ចាប់ផ្ដើមមានសកម្មភាពឡើងវិញ ក្រោយពីរដ្ឋាភិបាលបានប្រកាសបង្កើតក្រុងឧដុង្គម៉ែជ័យ។
វិនិយោគិននិងពលរដ្ឋជាច្រើនជាពិសេសពីភ្នំពេញ បានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងទឹកដីនៃក្រុងថ្មីនេះ និងបានស្វែងរកទិញដីធ្លីនៅតំបន់នោះកាន់តែច្រើន ដែលធ្វើឱ្យតម្លៃដីធ្លីក្នុងតំបន់នោះមានសម្ទុះ។
សកម្មភាពនៃការវិនិយោគលើឧស្សាហកម្ម នៅក្នុងតំបន់ផ្លូវ៥១និងឧដុង្គក៏ឃើញថា ចាប់ផ្ដើមសកម្មភាពយ៉ាងសកម្ម ដោយក្រុមហ៊ុនធំៗ បានចូលទៅកាន់ទីនោះដើម្បីចាប់ផ្ដើមនូវគម្រោងរបស់ខ្លួន។
លោកបន្តដូច្នេះថា៖«ឆ្នាំ២០២២កន្លងទៅនេះ ក៏ដូចជាឆ្នាំ២០២៣នេះដែរ យើងរំពឹងថា សកម្មភាពវិនិយោគនៅតំបន់នោះ នឹងកាន់តែមានសម្ទុះខ្លាំងឡើងថែមទៀត ហើយពេលនោះ តម្រូវការដីធ្លី សម្រាប់ប្រើប្រាស់ នឹងកាន់តែមានច្រើនឡើងៗផងដែរ»។
អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោកច្រឹក សុខនីម ក៏បានលើកឡើងដែរថា ជាការពិត ដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ពិតជាមានសកម្មភាពល្អប្រសើរមែន ជាពិសេសដីធ្លីនៅក្នុងទីក្រុងថ្មី នៃខេត្តទាំង២នេះ គឺហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
បច្ចុប្បន្ននេះ នៅតំបន់អរិយក្សត្រ ដីមានតម្លៃចន្លោះពី៨០ដុល្លារក្នុង១ម៉ែត្រការ៉េ ទៅដល់ជាង១០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ( តំបន់ផ្លូវធំ)។
ចំណែកឯនៅក្រុងថ្មី១ទៀត គឺក្រុងសំពៅពូន ដីក្នុង១ម៉ែត្រការ៉េមានតម្លៃចាប់ពី៥០ដុល្លារឡើងទៅ។ ដោយឡែក នៅក្រុងឧដុង្គម៉ែជ័យវិញ មានតម្លៃចន្លោះពី៧០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ទៅដល់១០០ដុល្លារក្នុង១ម៉ែត្រការ៉េ( តំបន់ផ្លូវធំ)ខណៈផ្លូវតូចវិញ មានតម្លៃចន្លោះពី២០ដុល្លារ-ទៅ៣០ដុល្លារក្នុង១មែត្រការ៉េ។
ត្បិតថា តំបន់ក្រុងថ្មីទាំងនេះ មានសកម្មភាពអចលទ្រព្យមានសញ្ញាល្អប្រសើរ តែលោកច្រឹក សុខនីម ក៏បានជំរុញឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរតែផ្តោតការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក៏ដូចជាគាំទ្រឱ្យមានប្រព័ន្ធសេវាសាធារណៈបន្ថែម ដើម្បីជំរុញការអភិវឌ្ឍនៅតាមតំបន់ក្រុងថ្មីទាំងនេះឱ្យបានកាន់តែលឿន ព្រោះតំបន់ទាំងនេះគឺជាតំបន់ថ្មីនៅឡើយ។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងឆ្នាំមុន បានប្រកាសពីផែនការប្រើប្រាស់ដីធ្លី រហូតដល់ឆ្នាំ២០៣៥ ដែលក្នុងផែនការនេះនឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡា ដែលតំបន់មួយចំនួនក្នុងខេត្តកណ្តាល ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ នឹងកាត់បញ្ចូលក្នុងដែនរដ្ឋបាលរាជធានី ដែលនឹងអាចគ្របដណ្តប់ប្រជាជនប្រមាណពី៦លាន ទៅ៧លាននាក់នាពេលអនាគត។
តាមរយៈសកម្មភាពនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលបានជំរុញសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងតម្លៃដីធ្លីក្នុងខេត្តទាំងនេះបានមួយកម្រិតទៀតផងដែរ៕